(ភ្នំពេញ)៖ បន្ទាប់ពីចេញពីពន្ធនាគារព្រៃសរភ្លាមៗ នៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៦នេះ នៅចំពោះមុខអ្នកសារព័ត៌មាន លោក ស៊ាង ចែត មេឃុំគណបក្សសមរង្ស៊ី បានថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានស្នើថ្វាយព្រះមហាក្សត្រប្រោសប្រទានការលើកលែងទោសដល់ខ្លួន។ លោកក៏បានថ្លែងអំណរគុណដល់ព្រះមហាក្សត្រផងដែរ ដែលព្រះរាជទានលើកលែងទោសដល់លោក។
លោក ស៊ាង ចែត ត្រូវបានអនុរក្សពន្ធនាគារដោះលែង ឱ្យមានសេរីភាពឡើងវិញហើយ នៅព្រឹកមិញនេះ បន្ទាប់ពីទទួលការលើកលែងទោសពីព្រះមហាក្សត្រ។ លោកត្រូវបានសមត្ថកិច្ចអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួន កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦ តាមចម្លើយដែលអះអាងនៅក្នុងលិខិតចំហររបស់កញ្ញា ខុម ចាន់តារ៉ាទី ហៅ ស្រីមុំ ពាក់ព័ន្ធនឹងករណីសូកប៉ាន់សាក្សី។
កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៦ កន្លងទៅថ្មីៗនេះ សាលាដំបូងរាជធានីភ្នំពេញ ក៏បានប្រកាសសាលក្រមផ្តន្ទាទោស លោក ស៊ាង ចែត ឱ្យជាប់ពន្ធនាគាររយៈពេល៥ឆ្នាំ ដោយគ្មានការផាកពិន័យផងដែរ ពីបទសូកប៉ាន់សាក្សី តាមមាត្រា៥៤៨នៃ ក្រមព្រហ្មទណ្ឌ។
ក្រៅពីថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន, លោក ស៊ាង ចែត ក៏បានថ្លែងអំណរគុណដល់សម្តេចក្រឡាហោម ស ខេង រួមទាំងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាផងដែរ។ ជាមួយគ្នានេះ លោកលើកឡើងថា ដោយសារតែមានការសម្របសម្រួលនយោបាយរវាងគណបក្សទាំងពីរ ទើបលោកមានសេរីភាពឡើងវិញនាពេលនេះ។
សូមជំរាបថា គិតចាប់តាំងពីខែមេសាមករហូតដល់ពេលនេះ លោក ស៊ាង ចែត មេឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម កូតាមកពីគណបក្ស សម រង្ស៊ី នោះ បានជាប់ឃុំនៅពន្ធនាគារព្រៃស រយៈពេលជាង៨ខែមកហើយ ពាក់ព័ន្ធនឹងសំណុំរឿងសូកប៉ាន់សាក្សីនេះ។ ក្រៅពីនោះក៏មានមន្រ្តីសង្គមស៊ីវិល និងគ.ជ.ប ៥រូបផងដែរ ដែលជាប់ឃុំដោយសារករណីនេះ៕