(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានរម្លឹកឡើងវិញអំពីមនុស្សអសីលធម៌មួយចំនួន ដែលបានប្រមាថសម្តេចថា ជាមនុស្សខ្វាក់។ សម្តេចស្នើកុំឱ្យមើលងាយមនុស្សពិការ ដោយសារតែអតីតព្រះមហាក្សត្រថៃ និងអតីតប្រធានាធិបតីឥណ្ឌូនេស៊ី ក៏ជាជនពិការដូចសម្តេចដែរ ប៉ុន្តែក្លាយជាមេដឹកនាំ។

ការលើកឡើងបែបនេះ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងនៅក្នុងពិធីអបអរសាទរខួបលើកទី៥ឆ្នាំ នៃការបើកប្រតិបត្តិការក្រុមហ៊ុនមីនីបៀ នៅក្នុងប្រទេសកម្ពុជា នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ នាព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៦នេះ ។ ក្រុមហ៊ុននេះ ជាក្រុមហ៊ុនផលិតម៉ូទ័រ ដែលវិនិយោគដោយវិនិយោគិនជប៉ុន។

សម្តេចតេជោ ហ៊ុន សែន បានរម្លឹកថា ការពិការភ្នែករបស់សម្តេច គឺដោយសារតែពលីដើម្បីបុព្វហេតុជាតិ និងប្រជាជន ជាការកើតឡើងដោយសារការតស៊ូនៅក្នុងសង្រ្គាម។ សម្តេចមានប្រសាសន៍ថា «ក្មួយៗអើញ ភ្នែករបស់ពូម្ខាងនេះ គឺជាភ្នែកសិប្បនិម្មិតទេ ដោយសារតែសង្រ្គាម ប៉ុន្តែគេមើលអត់ដឹងទេ ជប៉ុនគាត់ពូកែធ្វើភ្នែកណាស់ ប៉ុន្តែមានអ្នកខ្លះគេថា លោក ហ៊ុន សែន មានចក្ខុវិស័យវែងឆ្ងាយដោយសារតែពាក់កែវភ្នែកជប៉ុន»

សម្តេចបានបន្ថែមទៀតថា «មានអ្នកខ្លះបានជេរខ្ញុំថា អាខ្វាក់» ។ អារឿងហ្នឹង ថ្ងៃមុនខ្ញុំអត់បាននិយាយនៅក្នុងទិវាជនពិការ នេះជាអំពើអគុណធម៌ សូម្បីអតីតព្រះមហាក្សត្រថៃ ព្រះអង្គក៏ពិការព្រះនេត្យម្ខាងដែរ ដូច្នេះ ហ៊ុន សែន ពិការភ្នែកម្ខាងដោយសារបុព្វហេតុជាតិ និងប្រជាជន ដូច្នេះមិនមានអ្វីចម្លែកទេ ហើយមិនមានលក្ខខណ្ឌដែលចែងថាមិនអាចធ្វើនាយករដ្ឋមន្រ្តីបាននោះទេ»។

សម្តេចបានបង្ហាញថា «អតីតប្រធានាធិបតីឥណ្ឌូនេស៊ី វ៉ាហីដ (Abdurrahman Wahid) គាត់ពិការភ្នែកទាំងពីរ គាត់អាចជាប់ជាប្រធានាធិបតីរបស់ឥណ្ឌូនេស៊ី ដែលមានប្រជាជនច្រើនជាងគេនៅក្នុងតំបន់អាស៊ានផង អញ្ចឹងសូមកុំមើលស្រាលជនពិការ»

សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន៖