Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អគ្គិសនីកម្ពុជាខេត្តកំពង់ធំ ចុះត្រួតពិនិត្យបញ្ហាគីឡូភ្លើង ក្រោយមានការសង្ស័យថាដើរខុសធម្មតា

08-12-2016 13:46

(កំពង់ធំ)៖ ទោះគ្មានការស្នើសុំពីអ្នកប្រើប្រាស់អគ្គិសនីក៏ដោយ ក៏អាជ្ញាធរអគ្គិសនីកម្ពុជាខេត្តកំពង់ធំ បានដាក់ចាត់ក្រុមការងាររបស់ខ្លួន សហការជាមួយមន្ទីររ៉ែខេត្ត និងអាជ្ញាធរមូលដ្ឋាន ចុះពិគ្រោះយោបល់ជាមួយអ្នកប្រើប្រាស់អគ្គីសនីអំពីបញ្ហាទូទៅជាពិសេសបញ្ហានាឡិកា ស្ទង់អគ្គិសនី (គីឡូភ្លើង) ក្រោយមានអ្នកប្រើប្រាស់មួយចំនួនតូច បានលើកឡើងនូវការសង្ស័យថាដើរមិនប្រក្រតី។

ការពិគ្រោះយោបល់ខាងលើនេះ ធ្វើឡើងនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៦ ក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ ដោយក្រុមការងារអាជ្ញាធរ អគ្គិសនីកម្ពុជា ដឹកនាំដោយលោក លី ឃួង ប្រធានការិយាល័យត្រួតពិនិត្យបរិធាន នៃអាជ្ញាធរអគ្គីសនីកម្ពុជា បានចុះជួបពិគ្រោះយោបល់ ជាមួយប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់អគ្គិសនី ដើម្បីរកដំណោះស្រាយ ដោះស្រាយបញ្ហាមួយចំនួន។

លោក តែ គីមហុង តំណាងសេវាករ តែ កុកអេង បានលើកឡើងថា ការផ្គត់ផ្គង់អគ្គិសនីរបស់លោក បានគ្របដណ្តប់ចំនួន៥ឃុំ ក្នុងស្រុកបារាយណ៍ មានឃុំស្រឡៅ ឃុំទ្រៀល ឃុំអណ្តូងពោធិ៍ ឃុំជ្រលង និងឃុំច្រនាង តែមានអ្នកប្រើប្រាស់ចំនួន បានស្នើសុំឲ្យពិនិត្យ និងផ្ទៀងផ្ទាត់នាឡិកាស្ទង់អគ្គិសនីជូនពួកគាត់ឡើងវិញ ដើម្បីបង្ហាញថា នាឡិកាដំណើរត្រឹមត្រូវក្នុងកម្រិតស្តង់ដារកំណត់។ ក្នុងនាមលោកជាតំណាងសេវាករ ប្រសិនបើពិនិត្យឃើញថា មិនប្រក្រតីលោកនឹងធ្វើការផ្លាស់ប្តូរជូនអ្នកប្រើប្រាស់ដោយឥតគិតថ្លៃ។

លោក លី ឃួង បានលើកឡើងថា ការចុះត្រួតពិនិត្យនេះ មានគោលបំណងផ្សព្វផ្សាយ និងពន្យល់ប្រាប់ប្រជាពលរដ្ឋដែលជា អ្នកប្រើប្រាស់អគ្គិសនី ពីលក្ខណៈបច្ចេកទេសអគ្គិសនី ជាពិសេសពាក់ព័ន្ធនឹងនាឡិកាស្ទង់អគ្គិសនី ដែលពួកគាត់ចេះតែត្អូញត្អែរ និងសង្ស័យថា នាឡិកាស្ទង់ដើរខុសប្រក្រតីក្នុងការប្រើប្រាស់កន្លងមក ហើយក្នុងការពិនិត្យផ្ទៀងផ្ទាត់នេះដែរ គឺពិនិត្យជូនដោយឥតគិតថ្លៃ ប្រសិនបើមានការសង្ស័យ។

លោកបានស្នើឲ្យអាជ្ញាធរមូលដ្ឋាន ជួយផ្សព្វផ្សាយដល់ផ្ទះប្រជាពលរដ្ឋផ្ទាល់ ឲ្យបានយល់ច្បាស់ពីដំណឹងនេះ កុំឲ្យចេះតែដើរ និយាយរឿងមិនពិត និងត្រូវទៅជួបពិគ្រោះយោបល់ជាមួយសេវាករផ្គត់ផ្គង់សិន ហើយអាជ្ញាធរអគ្គិសនី នឹងចុះត្រួតពិនិត្យជូនប្រជាពលរដ្ឋ នៅកន្លែងផ្សេងៗទៀត៕