(សៀមរាប)៖ ក្រោមកិច្ចសហការ សម្របសម្រួលរបស់អាជ្ញាធរជាតិអប្សរា ប្រាសាទភ្នំបាខែង ដែលរងការខូចខាតទ្រុឌទ្រោមមួយផ្នែកធំ កំពុងត្រូវបានជួសជុលស្តារឡើងវិញ ដោយស្ថាប័នមូលនិធិប្រាសាទពិភពលោក (World Monument Fund-WMF) ដែលបានទទួលជំនួយ របស់រដ្ឋាភិបាលអាមេរិក តាមរយៈស្ថានទូតប្រចាំនៅកម្ពុជា។
គម្រោងនេះ បានចាប់ផ្តើមតាំងពីឆ្នាំ២០០៤មក ហើយអាចនឹងបញ្ចប់នៅចុងឆ្នាំ២០១៩ ឬដើមឆ្នាំ២០២០។
លោកស្រី ជាម ផល្លី អ្នកសម្របសម្រួល នៃគម្រោង WMF បានបញ្ជាក់ថា WMF បានរួមចំណែកអភិរក្ស និងជួសជុលប្រាង្គប្រាសាទ ក្នុងឧទ្យានអង្គរតាំងពីឆ្នាំ១៩៩៨ មកម្ល៉េះ។ ដំបូង មូលនិធិនេះបានចាប់ផ្តើមធ្វើការអភិរក្សជួសជុល នៅប្រាសាទព្រះខ័ន ប្រាសាទតាសោម និងថែវកូរសមុទ្រទឹកដោះ នៃប្រាសាទអង្គរវត្ត។ ចូលដល់ឆ្នាំ២០០៤ ទើបមូលនិធិនេះ ចាប់ផ្តើមកិច្ចការស្រាវជ្រាវ និងអភិរក្សជួសជុល នៅប្រាសាទភ្នំបាខែង។
លោកស្រីបន្ថែមថា បន្ទាប់ពីសិក្សាស្រាវជ្រាវ និងចងក្រងជាឯកសាររួចរាល់ហើយ នៅឆ្នាំ២០០៦-២០០៧ គម្រោងបានជួសជុលរួច រាល់ជាស្ថាពរនូវជ្រុងនិរតី។ បន្ទាប់មក ជួសជុលនៅផ្នែកពាក់កណ្តាល មុខខាងកើតនៃប្រាសាទ ដោយពង្រឹងឡើងវិញ នូវចំណុចខូចខាត និងបាក់ស្រុត ហើយបន្តទៅពីរផ្នែកផ្សេងទៀតគឺ ជ្រុងឦសាន និងជ្រុងអាគ្នេយ៍ បានរួចរាល់ជាស្ថាពរ។ បច្ចុប្បន្នកំពុងបន្តជួសជុល រចនាសម្ព័ន្ធ ផ្នែកពាក់កណ្តាលមុខខាងកើតនៃប្រាសាទ ព្រមទាំងជួសជុលពង្រឹងឡើងវិញ នូវប្រាសាទរណបជុំវិញផង ហើយគម្រោងនេះ អាចនឹងបញ្ចប់នៅចុងឆ្នាំ២០១៩ខាងមុខ។
លោក ហ៊ុន ប៊ុនវឌ្ឍន៍ ស្ថាបត្យករនៃគម្រោងជួសជុលប្រាសាទភ្នំបាខែងលើកឡើងថា ភាពទ្រុឌទ្រោមនៃប្រាសាទភ្នំបាខែងបង្កឡើងដោយ កត្តាសំខាន់ៗចំនួន៣គឺ កត្តាធម្មជាតិ កត្តាមនុស្ស និងសម្ភារៈ។ លោកពន្យល់ថា បញ្ហាទឹកភ្លៀងហូរច្រោះ ដើមឈើដុះជ្រៀតថ្មបាន បណ្តាលឲ្យ រចនាសម្ព័ន្ធប្រាសាទទ្រុឌទ្រោមនិងបាក់រលំ គួបផ្សំនឹងសង្រ្គាមក្នុងប្រទេសបណ្តាលឲ្យប៉ះពាល់ដល់ថ្មប្រាសាទនិងគ្មានការ ថែទាំនៅពេលនោះផង។
ចំណែកបញ្ហាសម្ភារៈលោកបញ្ជាក់ថា ប្រាសាទភ្នំបាខែងត្រូវបានបុព្វបុរសធ្វើឡើង ដោយកាត់ថ្មភ្នំទៅជារាងពីរ៉ាមីត ចំណុចណាដែលគាត់ មិនអាចកាត់ចេញជារាងជ្រុង ឬត្រីកោណបាន គាត់បានរៀបថ្មបាយក្រៀមជំនួសវិញ ចំណុចនេះហើយ ដែលធ្វើឲ្យជ្រុងនៃប្រាសាទនេះ បាក់រលំ។
លោក ប៊ុនវឌ្ឍន៍បន្ថែមថា ការជួសជុលស្តារឡើងវិញនេះ ធ្វើឡើងដោយរុះរើផ្នែកដែលទ្រុឌទ្រោមចេញ ហើយដំរៀបថ្មចាស់ឡើងវិញ និងជំនួសដោយថ្មថ្មីខ្លះត្រង់ចំណុចណាដែលចាំបាច់ខានមិនបាន។ ចំពោះថ្មថ្មីដែលប្រើច្រើនបំផុតគឺនៅត្រង់កម្រាល ចំណែកតាម ជញ្ជាំងវិញ ក្រុមការងារបានប្រើប្រាស់ថ្មចាស់ៗ ដែលនៅសេសសល់។ ចំពោះថ្មថ្មីដែលត្រូវប្រើឡើងវិញ មានពីរប្រភេទ គឺមួយប្រភេទ ជាថ្មថ្មីទាំងស្រុង និងមួយប្រភេទទៀត ជាថ្មដែលបានប្រមូលពីគំនរថ្មប្រាសាទ ដែលបានគរចោលតាំងពីសម័យ ដែលបារាំងបានជួសជុល ប្រាសាទនេះមក ដោយមានការឯកភាព ពីអ្នកជំនាញនៃគណៈកម្មាធិការអាយស៊ីស៊ីអង្គរ។
លោក ជា សារិទ្ធ មន្ត្រីបុរាណវិទ្យា នៃនាយកដ្ឋានអភិរក្សប្រាសាទ ក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ ហើយក៏ជាអ្នកចូលរួមផ្តល់ បទពិសោធន៍ និងជួយបណ្តុះបណ្តាលបច្ចេកទេសមួយចំនួន ក្នុងការជួសជុលប្រាសាទនេះ ដោយផ្ទាល់ បានបញ្ជាក់ថា ប្រាសាទភ្នំបាខែង គឺជារាជធានីទី១នៃសម័យអង្គរ និងជាស្នូលកណ្តាលនៃក្រុងអង្គរឈ្មោះថា «យសោធរ» មានកំពែងដី២ជាន់ ដែលក្នុងមួយជ្រុងមានប្រវែង ៤គីឡូម៉ែត្រ។ ប្រាសាទនេះកសាងឡើងនៅចុងស.វទី៩ ដើមស.វទី១០ ឧទ្ទិសដល់ព្រហ្មញ្ញសាសនា និកាយព្រះឥសូរ។
ក្រោយមកនៅចុងស.វទី១៦ ប្រាសាទនេះបានប្តូរទៅ ជាព្រះពុទ្ធសាសនាវិញ ដូចដែលឃើញមានកសាងរូបព្រះពុទ្ធធំមួយ អង្គនៅជាន់ លើបង្អស់ ដោយថ្មផ្សេងៗនៃប្រាសាទ និងគ្រឹះនៃប្រាសាទឥដ្ឋ។ ដោយឡែកនៅឆ្នាំ១៩២០ ពេលបារាំងចាប់ផ្តើមជួសជុល អភិរក្ស បានរុះរើថ្មព្រះពុទ្ធរូប ទៅទុកនៅជ្រុងខាងត្បូង និងខាងជើងនៃភ្នំ។ ក្រៅពីការអភិរក្ស បារាំងក៏បានធ្វើកំណាយ ស្រាវជ្រាវនៅតួប៉ម កណ្តាល ដែលមានជម្រៅ៣ម៉ែត្រ ដើម្បីស្វែងយល់ពីរចនាសម្ព័ន្ធប្រាសាទ និងបានធ្វើការជួសជុល ជញ្ជាំងពីរ៉ាមីតនៅផ្នែកខូចខាត និងរើតួប៉ម ប្រាសាទថ្មមួយចំនួន រៀបឡើងវិញ។
ចាប់ពីឆ្នាំ២០០៤ អង្គការមូលនិធិប្រាសាទពិភពលោក (WMF) សហការជាមួយអាជ្ញាធរជាតិអប្សរា បានដំណើរការអភិរក្ស ជួសជុលបន្ត ពីបារាំងដោយចាប់ផ្តើមពីជ្រុងនិរតី។ បន្ទាប់ពីម្រោងនេះទទួលបានជោគជ័យ អ្នកជំនាញក៏ចាប់ផ្តើមធ្វើគម្រោងថ្មីនៅផ្នែកខាងកើតភ្នំបាខែង ចាប់ពីជណ្តើរកណ្តាលទៅខាងកើត រហូតដល់ខាងជើងជាបន្តបន្ទាប់៕