(ភ្នំពេញ)៖ អាចចាត់ទុកថា ជាដំណឹងល្អថ្មីមួយ សម្រាប់កសិករ ក៏ដូចជាអ្នកដាំដំណាំកៅស៊ូនៅកម្ពុជា ព្រោះថាពេលនេះ លោកឧកញ៉ា ម៉ុង ឫទ្ធី ប្រធានក្រុមហ៊ុន ម៉ុងឫទ្ធី គ្រុប បានស្វះស្វែងត្រួសត្រាយផ្លូវ រកបានទីផ្សារថ្មីសម្រាប់ជ័រកៅស៊ូកម្ពុជា នៅប្រទេសអេស្ប៉ាញ។
ថ្លែងប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី០៨ ខែធ្នូនេះ លោកឧកញ៉ា ម៉ុង ឫទ្ធី នៅតែទទូចអំពាវនាវឲ្យកសិករ និងអ្នកដាំកៅស៊ូ នៅកម្ពុជា ព្យាយាមអត់ធ្មត់ កុំជ្រួលជ្រើមចំពោះការធ្លាក់ចុះនៃតម្លៃជ័រកៅស៊ូ ហើយកាប់ដើមកៅស៊ូចោល ដាំដំណាំផ្សេងជំនួសវិញនោះ។
លោកឧកញ៉ាបញ្ជាក់ថា លោកបានប្រើប្រាស់ពេលវេលាជាង១ឆ្នាំ ដើម្បីត្រួសត្រាយទីផ្សារជ័រកៅស៊ូ នៅប្រទេសអេស្ប៉ាញដែលកន្លងមក ប្រទេសនេះ តែងតែនាំចូលជ័រកៅស៊ូ ពីប្រទេសជិតខាងកម្ពុជា ដូចជាប្រទេសវៀតណាមជាដើមប៉ុន្តែពេលនេះ អេស្ប៉ាញ បានទទួលស្គាល់ នូវគុណភាព ជ័រកៅស៊ូរបស់កម្ពុជាហើយ ថាពិតជាមានគុណភាពល្អ។
ឧកញ៉ាដែលល្បីឈ្មោះ ក្នុងវិស័យកសិកម្មរូបនេះ បានបញ្ជាក់ទៀតថា ក្រុមហ៊ុនរបស់លោកបានសាកល្បង នាំចេញជ័រកៅស៊ូទៅកាន់ ប្រទេសអេស្ប៉ាញ ចំនួន២លើករួចមកហើយ ដែលមានប្រមាណ២០០តោន ហើយនេះគ្រាន់តែជាការសាកល្បង ដើម្បីឲ្យអេស៉្បាញទទួល ស្គាល់ពីគុណភាព របស់កៅស៊ូកម្ពុជាប៉ុណ្ណោះ ហើយនឹងនាំចេញជាបន្តបន្ទាប់ទៀត។
លោកឧកញ៉ា ម៉ុង ឫទ្ធី បានអំពាវនាវថា «សូមបងប្អូនដែលជាអ្នកប្រកបអាជីវកម្មកសិកម្ម កសិឧស្សាហកម្មដំណាំកៅស៊ូទាំងអស់ កុំអស់សង្ឃឹមឲ្យសោះនៅពេលនេះ ខ្ញុំរកទីផ្សារបាននៅ VALENCIA ប្រទេសអេស្ប៉ាញ នេះគឺជាការសាកល្បងនាំចេញជាលើកទីពីរហើយ គេទទួលស្គាល់ថា កៅស៊ូធម្មជាតិរបស់ក្រុមហ៊ុន ម៉ុង ឫទ្ធី ដែលចេញពីកម្ពុជាយើង មានគុណភាពខ្ពស់អាចទទួលយកបាន។...សូមអ្នក ដាំកៅស៊ូ មេត្តាអត់ធ្មត់ព្រោះដំណាំនេះ ត្រូវការភាពការខិតខំប្រឹងប្រែង អត់ធ្មត់ទើប ទទួលបានជោគជ័យ»។
លោកឧកញ៉ា ម៉ុង ឫទ្ធី បានបញ្ជាក់ទៀតថា នៅបច្ចុប្បន្ននេះក្រុមហ៊ុនលោកបានដាំកៅស៊ូ នៅតំបន់មាត់សមុទ្រចំនួន ២៥០០ហិកតា ខណៈកសិករផ្សេងទៀត ដែលដាំកៅស៊ូលក្ខណៈគ្រួសារ នៅព្រះសីហនុ និងកោះកុងមានប្រមាណ១០០០ហិកតាទៀត។
សព្វថ្ងៃនេះ តម្លៃកៅស៊ូនៅកម្ពុជា បានឡើងថ្លៃបន្តិច ដែលអាចឲ្យកសិករ និងម្ចាស់ចំការកៅស៊ូ ទទួលបានចំណេញខ្លះ។
លោក ផេង សុខវែង អ្នកដាំដំណាំកៅស៊ូនៅតំបន់ទំរីង ខេត្តកំពង់ធំ បានឲ្យបញ្ជាក់ប្រាប់អង្គភាព Fresh News ថា នៅតំបន់នោះតម្លៃ ជ័រកៅស៊ូរួមមាន៖ កៅស៊ូស្ងួត ឬជ័រក្រែប តម្លៃ៥៤០០រៀល ក្នុងគីឡូក្រាម ចំណែកជ័រកក ឬជ័រចាន តម្លៃ២៦០០រៀល ក្នុង១គីឡូក្រាម។ តម្លៃនេះ ត្រូវបានលោក សុខវែង អះអាងថា អាចជួយឲ្យកសិករ និងម្ចាស់ចំការកៅស៊ូទទួលបានចំណេញខ្លះ។
ជាមួយគ្នានេះ លោកឧកញ៉ា ម៉ុង ឫទ្ធី បានចាត់ទុកថា តម្លៃកៅស៊ូនៅកម្ពុជា បច្ចុប្បន្នអាចជួយកសិករ និងម្ចាស់ចំការចំនេញបានខ្លះ ផងដែរ។
លោករដ្ឋមន្រ្ដីក្រសួងកសិកម្ម វេង សាខុន បានថ្លែងកាលពីពេលថ្មីៗនេះថា វិស័យកៅស៊ូធម្មជាតិ នាពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ ទទួលរងនូវវិបត្តិមួយដ៏ធ្ងន់ធ្ងរ គឺថ្លៃកៅស៊ូលើទីផ្សារជាតិ និងអន្តរជាតិ បានធ្លាក់ចុះយ៉ាងគំហុកដែលមិនធ្លាប់មានរយៈពេល ៨ឆ្នាំចុងក្រោយនេះ។
លោកថា នៅប្រទេសកម្ពុជាដំណាំកៅស៊ូ មានការកើនឡើងជាបន្ដបន្ទាប់ គិតមកដល់ពេលនេះ ផ្ទៃដីដាំកៅស៊ូសរុបមានចំនួន៤០២ពាន់ហិកតា ក្នុងនោះមានចំការកៅស៊ូ កសិឧស្សាហកម្ម (រដ្ឋនិងឯកជន) ជាង២៥០ពាន់ហិកតា និងចំការកៅស៊ូគ្រួសារ ប្រមាណ១៥១ពាន់ហិកតា និងបាននាំចេញក្នុងឆ្នាំ២០១៥ ចំនួនជាង១២៤ពាន់តោន៕