(សៀមរាប)៖​ លោកស្រី គួយ ណាលីន ឃឹមប៊ុនសុង អនុប្រធានសាខាកាកបាទក្រហមយុវជនកម្ពុជា ខេត្តសៀមរាប នៅព្រឹកថ្ងៃទី៨ ខែឆ្នូ ឆ្នាំ២០១៦ បាននាំយកអំណោយផ្ដល់ជូនគ្រួសារងាយរងគ្រោះ ចំនួន​២៨គ្រួសារ ក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប។

ក្នុងឱកាសនោះ លោកស្រី គួយ ណាលីន បាន​នាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែព្រួយបារម្ភ និងយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ លោកស្រី ​​បន្តថា ទោះបីជាអំណោយទាំងនេះ មានចំនួនតិចតួចក្ដី ក៏វាជាផ្នែកមួយជួយកាត់បន្ថយភាពខ្វះខាត របស់បងប្អូនបានមួយកម្រិតផងដែរ និងសូមឲ្យបងប្អូនខិតខំបង្កបង្កើនផល និងយកចិត្តទុកដាក់ថែទាំកូនៗតទៅមុខទៀត។

សូមបញ្ជាក់ថា អំណោយដែលលោកស្រីអនុប្រធាន បានផ្ដល់ជូនក្នុងមួយគ្រួសាររួមមាន៖ មី១កេស សារុង១ ក្រមា១ ភួយ១ អង្ករ​២៥គីឡូក្រាម ទឹកបរិសុទ្ធ២យួរ និងថវិកា២០,០០០រៀល៕