(ភ្នំពេញ)៖ កម្លាំងនាយកដ្ឋាននគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយកម្លាំងសមត្ថកិច្ចកាំកុងត្រូល, ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ,អាជ្ញាធរដែនដី ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី អ៊ុំ ម៉ូនី អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ច និងជាប្រធានក្រុមប្រតិបត្តិការ ប្រចាំរាជធានីភ្នំពេញ បានធ្វើការចុះអនុវត្តសាលដីកា របស់តុលាការសាលាដំបូងរាជធានីភ្នំពេញ ដុតបំផ្លាញចោលអាវ MONTAGUT ក្លែងក្លាយ ក្រោយពីរកឃើញថា ជាផលិតផលជាប់ពាក់ព័ន្ធលើកម្មសិទ្ធិបញ្ញា (រំលោភសិទ្ធិផ្តាច់មុខ)។ សកម្មភាពដឹកនាំកម្លាំង អនុវត្តដីកាដុតបំផ្លាញចោលនេះ ធ្វើឡើងនាព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៦នេះ ស្ថិតនៅក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ។
លោកឧត្តមសេនីយ៍ត្រី អ៊ុំ ម៉ូនី អនុប្រធាននាយកដ្ឋាន នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងជាប្រធានក្រុមប្រតិបត្តិការ ប្រចាំរាជធានីភ្នំពេញ បានថ្លែងឲ្យ Fresh News ដឹងថា ដោយអនុវត្តតាមអនុសាសន៍ របស់នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងមានបញ្ជាដឹកនាំផ្ទាល់ ពីលោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាន នគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ ក្រោយពីទទួលបាន និងអនុវត្តតាម ពាក្យបណ្តឹងរបស់ក្រុមហ៊ុន ឡាហ្រ្វង់មើឆិនដាយហ្សីង អ៉ីមផត អ៉ិចផត ដោយមានលោកស្រី ឡៅ គឹមលាង ជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ទើបកម្លាំងនាយកដ្ឋាននគរបាលប្រឆាំងបទ ល្មើសសេដ្ឋកិច្ច ដឹកនាំដោយព្រះរាជអាជ្ញារង លី សុផាណា សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរដែនដី បានចុះបង្ក្រាបជាក់ស្តែង បទល្មើសកម្មសិទ្ធិបញ្ញា (រំលោភសិទ្ធិផ្តាច់មុខ) ចំនួន ០៣ទីតាំង រឹបអូសបានអាវម៉ាក MONTAGUT ចំនួន១.០៣៥អាវ ក្នុងនោះមានអាវយឺតក្លែងក្លាយ ផលិតនៅហុងកុង ចំនួន៤៣៦អាវ។
លោកបន្ថែមថា ទើបនៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ ២០១៦ ដោយអនុវត្តតាមនីតិវិធី សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសំរេចលេខ ៥៧១ អ.យ.ថ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៦ ចុះហត្ថលេខាដោយព្រះរាជអាជ្ញារង លី សុផាណា បង្គាប់ឲ្យមន្រ្តីនគរបាលយុត្តិធម៌ នៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ធ្វើការដុតបំផ្លាញចោលអាវ MONTAGUT ក្លែងក្លាយ ។ ក្នុងនោះ តំណាងក្រុមហ៊ុនអាវ MONTAGUT នៅប្រទេសបារាំងបានថ្លែងអំណរគុណ ជូនចំពោះនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ព្រមទាំងស្ថាប័នជំនាញពាក់ព័ន្ធ អាជ្ញាធរដែនដី ដែលបានចូលរួមក្នុងកិច្ចប្រតិបត្តិការបង្ក្រាប ជាក់ស្តែងបទល្មើសកម្មសិទ្ធិបញ្ញានេះ។
បន្ថែមពីលើនេះ លោក អ៊ុំ ម៉ូនី បានអំំពាវនាវដល់អាជីវករ និងអ្នករកស៊ីទាំងអស់ ដែលពុំមានច្បាប់អនុញ្ញាត ពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញា ដែលត្រូវចរាចរណ៍លក់ចែកចាយ ផលិតផលរបស់ខ្លួន គឺយើងកុំលក់ឲ្យសោះ បើយើងចង់លក់ ឬធ្វើអាជីវកម្ម គឺយើងទៅទំនាក់ទំនងនឹងក្រុមហ៊ុន ម៉ុងទីហ្គោ ដោយផ្ទាល់ ដើម្បីយកមកចរាចរលក់ស្របច្បាប់ នៅលើទីផ្សារ ជៀសវាងរំលោភលើកម្មសិទ្ធិបញ្ញា ស្របច្បាប់ ដែលបានទទួលសិទ្ធិចេកចាយ ពីម្ចាស់ក្រុមហ៊ុនដើមផ្ទាល់៕