(ភ្នំពេញ)៖ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ ដឹកនាំដោយលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាប្រចាំខណ្ឌមានជ័យ នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦នេះ បានបន្តនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ទៅផ្តល់ជូនពលរដ្ឋទីទ័លក្រចំនួន៣១គ្រួសារ ដែលរស់នៅតាមបណ្តាភូមិផ្សេងៗ ក្នុងសង្កាត់ចាក់អង្រែលើ១៥គ្រួសារ និងសង្កាត់ចាក់អង្រែក្រោម ១៦គ្រួសារ។
លោក ឌី រ័ត្នខេមរុណ បានថ្លែងឲ្យដឹងថា ជីវិតរស់នៅត្រូវតែមានការតស៊ូ និងព្យាយាម ចូលបងប្អូនកុំអស់សង្ឃឹម ចំពោះភាពក្រីក្រលំបាករបស់ខ្លួន ពិសេសបងប្អូនដែលជាពិការជន ព្រោះថា គ្មាននណារកើតមកមិនជួបការលំបាកឡើយ ប៉ុន្តែយើងត្រូវជំនះវាឲ្យបានដើម្បីបន្តជីវិតរស់នៅទៅមុខទៀត និងដើម្បីមានជីវិតនៅជាមួយក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់ ហើយបងប្អូនត្រូវចាំជានិច្ចថា ទីណាមានទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ ទីនោះមានកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធានដែលតែងតែនៅក្បែរ និងចាំជួយបងប្អូនជានិច្ច។
ឆ្លៀតក្នុងឱកាសនេះដែរ លោកប្រធានអនុសាខាកាកបាទក្រហមកម្ពុជា បានផ្ញើក្តីនឹករលឹកយ៉ាងក្រៃលែងផងដែរពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនចំពោះបងប្អូន។ ថ្វីត្បិតតែពេលនេះ សម្តេចមិនមានវត្តមាននៅទីនេះពិតប្រាកដមែន ប៉ុន្តែទឹកចិត្តរបស់សម្តេចតែងតែឋិតនៅក្បែរបងប្អូនជានិច្ច ដែលលោកតែងតែក្រើនរំលឹកដល់ មន្ត្រីក្រោមឱវាទឲ្យធ្វើយ៉ាងណា ត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើប្រជាពលរដ្ឋក្រីក្រលំបាក តោកយ៉ាក ចាស់ជរា អ្នកកើតជម្ងឺរុំារៃ និងជាពិសេសជនមានផ្ទុកមេរោគអេដស៍ ជំងឺអេដស៍ គឺមិនត្រូវមើលរំលងជាដាច់ខាត ព្រោះសុខទុករបស់ពលរដ្ឋកម្ពុជា គឺជាសុខទុករបស់សម្តេចកត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដូចគ្នា។
សូមជម្រាបថា អំណោយដែលត្រូវចែកជូនរួមមាន៖ អង្គរ១ប៉ាវ ស្មើរ៣០គីឡូក្រាម ឃីត១ឈុត( មានមុង ភួយ ក្រមា ) មី១កេះ ទីត្រី១យួរ ទឹកស៊ីអ៊ីវ១យួ ត្រីខ១យួ ទឹកបរិសុទ្ធ១យួ រួមទាំងថវិការ ៣ម៉ឺនរៀល៕