(កំពង់ឆ្នាំង)៖ ឈ្មួញអ្នកនេសាទល្មើសច្បាប់ ជាជនជាតិវៀតណាម បានបញ្ចេញសកម្មភាពនេសាទ ដោយប្រើឧបករណ៍វាយអួនគួរ អូសទាញ កម្លាំងម៉ាស៊ីនខ្នាតធំ រយៈពេលមួយខែមកហើយ តែគ្មានសមត្ថកិច្ចណាចុះបង្ក្រាបនោះឡើយ ក្នុងដែននេសាទទឹកសាបខេត្តកំពង់ឆ្នាំង ហើយចំពោះបទល្មើសមួយនេះ ប្រជាពលរដ្ឋសូមអំពាវនាវដល់ អភិបាលខេត្តកំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន ចុះបង្ក្រាបផង។
ប្រជាពលរដ្ឋខ្មែររស់នៅលើផ្ទៃទឹកក្នុងខេត្តកំពង់ឆ្នាំង បានរាយការណ៍ថា អ្នកនេសាទជនជាតិវៀតណាម បានប្រើឧបករណ៍វាយអួនចាប់ត្រីដោយសេរី ខណៈមានអ្នកកាងរត់ការបង់លុយទៅសមត្ថកិច្ចជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធមួយចំនួន ទើបគ្មានការចុះបង្ក្រាបនោះ។
បើតាមប្រជាពលរដ្ឋ «ពួកគេចុះធ្វើសកម្មភាពនេសាទចាប់ត្រី តាំងពីយប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ រហូតដល់មកដល់ពេលនេះ ស្របពេលដែលមាន បទល្មើសគ្រប់ប្រភេទកំពុងកើនឡើងយ៉ាងគំហុក ធ្វើឲ្យប្រជានេសាទលក្ខណៈគ្រួសារ កំពុងមានការព្រួយបារម្ភយ៉ាងខ្លាំង ពីផលប៉ះពាល់ដល់ ការបាត់បង់ប្រភពធនធានមច្ឆាជាតិ»។
សេចក្តីរាយការណ៍ពីប្រជានេសាទលក្ខណៈគ្រួសារ នៅឃុំប្រឡាយមាស ស្រុកកំពង់លែង បានឲ្យដឹងផងដែរថា ជារៀងរាល់យប់នេះ មានបទល្មើសនេសាទប្រភេទជនរុញនិងវាយអួន កំពុងតែនេសាទចាប់ត្រីទាំងតូច ទាំងធំ នៅតំបន់ក្រញា ក្បាលកោះចោរ និងនៅច្រើនកន្លែង ក្នុងដែននេសាទទឹកសាបខេត្តកំពង់ឆ្នាំង។
ទន្ទឹមគ្នានេះ ឧបករណ៍ជនរុញដោយប្រើប្រាស់កម្លាំងម៉ាស៊ីនម៉ាស៊ូត ឆៃណា និងម៉ាស៊ីនខ្នាតធំច្រើនគ្រឿង មានម្ចាស់ជាជនជាជាតិវៀតណាម ចាប់ផ្ដើមបញ្ចេញសកម្មភាពនេសាទត្រីជាបណ្ដើៗហើយ ក្នុងខេត្តកំពង់ឆ្នាំង។
ដោយឡែក ការនេសាទដោយប្រើឧបករណ៍ទូកអួនអូសគូរ ប្រើប្រាស់ដោយកម្លាំងម៉ាស៊ីនខ្នាតធំ ដែលមានម្ចាស់ជាជនជាតិវៀតណាមផងដែរនោះ អ្នករត់ការក៏កំពុងរត់ការខ្វែងដៃ ខ្វែងជើង រហូតមានសមត្ថកិច្ចខ្លះ បានទទួលុយពាក់កណ្ដាល និងអ្នកខ្លះទៀតទទួលបានគ្រប់ចំនួន។
ការនេសាទល្មើសច្បាប់ទាំងនេះ ត្រូវបានគេរាយការណ៍បន្ថែមថា ឈ្មួញបាន និងកំពុងមមាញឹកចាប់ត្រីទាំងតូចទាំងធំ ព្រមជាមួយនិងរបាំងស្បៃមុង ចាប់ត្រីចម្រុះយកទៅធ្វើចំណីត្រីឆ្តោចិញ្ចឹម ក្នុងបែយ៉ាងអាណាធិបតេយ្យផងដែរ។ ដោយឡែក របាំងសាច់អួនរាប់សិបកន្លែងទៀត ក៏កំពុងតែមមាញឹក ដាក់ស្ទាក់ចាប់ត្រី ដែលមានប្រវែងមួយខ្សែៗ ចាប់ពី២០០ម៉ែត្ររហូតដល់ជាង១០០០ម៉ែត្រ ដែលសកម្មភាពបែបនេះ មានស្ទើរគ្រប់ទីកន្លែងនៅក្នុងដែននេសាទ ស្រុកកំពង់លែង និងស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។
ប្រជាពលរដ្ឋបានបន្តថា ការធ្វើសកម្មភាពនេសាទល្មើសច្បាប់ បានយ៉ាងរលូនបែបនេះដោយមានមេខ្យល់ជាថៅកែទូកឌុក ជាអ្នករត់ការបង់លុយ ទៅឲ្យសមត្ថកិច្ចជំនាញពាក់ ព័ន្ធដែលចុះទៅតំបន់នោះ។
ជាក់ស្ដៃង ការនេសាទកុំថាឡើយ រដូវបើកនេសាទ ទោះរដូវបិទនេសាទនេះ ឈ្មួញត្រីដែលគេស្គាល់ជាមេភូមិថ្នល់ឈើទាល ឃុំផ្លូវទូក បានបញ្ចេញសកម្មភាព ដឹកផល អនុផលនេសាទរួមទាំងការនេសាទល្មើសច្បាប់យ៉ាងកក្រើក ក៏គ្មានសមត្ថកិច្ចពាក់ព័ន្ធណាមួយ ចេញមុខបង្ក្រាបឲ្យ មានប្រសិទ្ធភាពឡើយ ជាពិសេសមន្រ្តីជលផលតែម្តង។
ពាក់ព័ន្ធព័ត៌មានខាងលើនេះ ប្រជាពលរដ្ឋប្រជានេសាទលក្ខណៈគ្រួសារ សំណូមពរដល់ លោក ឈួរ ច័ន្ទឌឿន អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង មេត្តាចាត់វិធានការណ៍បង្ក្រាបឲ្យបានទាន់ពេលវេលា៕