(វ៉ាស៊ីនតោន)៖ នៅទីបំផុតមុននឹងផុតអាណត្តិជាប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា បានទទួលស្គាល់ថាសហរដ្ឋអាមេរិកបានចូលរួមចំណែកធ្វើឱ្យក្រុម ISIS លេចរូបរាងឡើង ហើយដែលការអះអាងបែបនេះក៏ធ្លាប់ត្រូវបានរងការចោទប្រកាន់ពីសំណាក់ប្រធានាធិបតីស៊ីរី លោក អាស្សាដ និងអ្នកនយោបាយមួយចំនួនរួមមានទំាងលោក ដូណាល់ ត្រាំ ផងដែរ។ ប៉ុន្តែទន្ទឹមគ្នានោះ លោក អូបាម៉ា បានក្រើនរំលឹក ក៏ដូចជាព្រមានលោក ត្រាំ ជុំវិញការប្រយុទ្ធប្រឆាំងនឹងក្រុម ISIS នៅពេលលោកក្លាយជាប្រធានាធិបតីអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៨ ខែធ្នូ ឆ្នាំ២០១៦។
ថ្លែងនៅក្នុងសុន្ទរកថាស្ដីពីការប្រយុទ្ធប្រឆាំងនឹង ក្រុម ISIS នៅរដ្ឋ Florida កាលពីថ្ងៃអង្គារ លោក អូបាម៉ា បានគូសបញ្ជាក់ថា «នៅពេលដែលយើងគិតពីចម្លើយរបស់យើងពាក់ព័ន្ធនឹងសកម្មភាពនៃ ISIS យើងធ្លាប់បានបដិសេធ ការប្រព្រឹត្តិកំហុសច្រំដែល នៅអំឡុងពេលកងទ័ពអាមេរិកវាយលុកចូលក្នុងប្រទេសអ៊ីរ៉ាក់ កាលពីឆ្នាំ២០០៣ ដែលបានចូលរួមចំណែកបង្កើតឱ្យមានក្រុម ISIS»។ លោក អូបាម៉ា បានបន្តដោយក្រើនរំលឹកលោក ត្រាំ ថា «ក្រុម ISIS បានប្រើឈ្មោះសាសនាអ៊ីស្លាម ដើម្បីធ្វើសង្រ្គាមដូច្នេះបើសិនជាសហរដ្ឋអាមេរិកធ្វើប្រតិកម្មឆ្លើយតបដូចអ្វីដែលពួកគេចង់បាន នោះមានន័យថាវានឹងក្លាយជាសង្រ្គាម រវាងសាសនាអ៊ីស្លាម និងសហរដ្ឋអាមេរិក ដែលនឹងធ្វើឱ្យប៉ះពាល់ដ៏ធំធេងដល់ផលប្រយោជន៍ និងគុណតម្លៃរបស់សហរដ្ឋអាមេរិក»។
គួរបញ្ជាក់ថាបើតាមលោក បារ៉ាក់ អូបាម៉ា តាមរយៈការបង្កើតក្រុមចំរុះអន្តរជាតិដែលមាន៧០ប្រទេសចូលរួម ទីក្រុងវ៉ាស៊ីនតោនបានដឹកនាំការវាយប្រហារតាមផ្លូវអាកាសច្រើនជាង ១៦,០០០លើកទៅលើក្រុមភេរវករ ដែលធ្វើឱ្យពួកគេបាត់បង់ទឹកដីគ្រប់គ្រងជិតពាក់កណ្ដាល នៅប្រទេសស៊ីរី និងអ៊ីរ៉ាក់៕