(ភ្នំពេញ)៖ លោក ស៊ាង ចែត មេឃុំមកពីគណបក្ស សម រង្ស៊ី ដែលទើបតែចេញពីពន្ធនាគារ ថ្លែងអំណរគុណដល់ព្រះមហាក្សត្រ ដែលបានព្រះរាជទានលើកលែងទោស និងបានស្នើឲ្យគណបក្សទាំង២ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ធ្វើការរួបរួមគ្នា ដើម្បីដោះស្រាយ និងផ្សះផ្សាជាតិ។
លោកមេឃុំ ស៊ាង ចែត បានប្រាប់ក្រុមអ្នកកាសែតនៅខាងមុខពន្ធនាគារថា «ខ្ញុំទទូច និងអង្វរឲ្យគណបក្សទាំង២ រួបរួមគ្នាដូចសព្វថ្ងៃនេះ និយាយព្រឹកដោះល្ងាចដូចខ្ញុំថ្ងៃនេះ។ ហើយខ្ញុំសូមថ្លែងអំណរគុណដល់គណបក្សទាំង២ ដែលបានមករួបរួមគ្នា ផ្សះផ្សាគ្នា ដោះស្រាយជាតិជាធំ ខ្ញុំជឿថា ប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស នឹងខ្មែរនឹងខ្មែរចេះរួបរួមគ្នា»។
សូមបញ្ជាក់ថា លោក ស៊ាង ចែត មេឃុំគណបក្ស សម រង្ស៊ី ដែលត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាឃុំខ្លួននៅក្នុងពន្ធនាគារព្រៃស ពាក់ព័ន្ធនឹងករណី សូកប៉ាន់សាក្សី ក្នុងរឿងអាស្រូវផ្លូវភេទរបស់លោក កឹម សុខា និងកញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំនោះ ត្រូវបានដោះលែងចេញពីពន្ធនាគារហើយ នៅម៉ោង៩៖០០នាទី ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៦នេះ តាមព្រះរាជក្រឹត្យលើកលែងទោសរបស់ព្រះមហាក្សត្រ ដែលធ្វើឡើងតាមសំណើសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីល្ងាចម្សិលមិញ (ថ្ងៃទី០៧ ខែធ្នូ)។
ការចេញព្រះរាជក្រឹត្យលើកលែងទោស លោកមេឃុំ ស៊ាង ចែត នាពេលនេះ បានធ្វើឡើងបន្ទាប់ពីលោក កឹម សុខា ដែលទើបទទួលបានព្រះរាជទាន ការលើកលែងទោសពីព្រះមហាក្សត្រ ចូលប្រជុំសភាពេញអង្គ និងបានជួបចរចាពិភាក្សាជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចក្រឡាហោម ស ខេង នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦នេះ៕