(ភ្នំពេញ)៖ ក្រសួងសង្គកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចេញសេចក្តីថ្លែងការណ៍ដោយថ្កោលទោស លើបុគ្គល មួយក្រុមប្រើដំបងឆក់កុមារអាយុ២ឆ្នាំ យ៉ាងឃោរឃៅ និងបានថតរូបបង្ហោះតាមបណ្តាញសង្គម Facebook នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៦ ដែលបានកើតឡើងនៅភូមិពូក្រូច ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគីរី។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងសង្គមកិច្ច បានបញ្ជាក់ថា «ក្រោមការដឹកនាំដោយ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ សូមថ្កោលទោសយ៉ាងដាច់អហង្ការ ដោយមិនអាចទទួលយកបានឡើយចំពោះការប្រព្រឹត្តអំពើសាហាវយង់ឃ្នង ព្រៃផ្សៃ អមនុស្សធម៌របស់បុគ្គលមួយក្រុម ដែលបានប្រើដំបងឆក់ និងរំលោភបំពានលើកុមារតូចអាយុ២ឆ្នាំ និងបានថតរូបបង្ហោះតាមបណ្តាញសង្គម Facebook នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៦ ដែលបានកើតឡើងនៅភូមិពូក្រូច ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី»។
សេចក្តីថ្លែងការណ៍ បានបន្ថែមថា អំពើរបស់បុគ្គលមួយក្រុមនេះ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ ទៅលើសិទ្ធិ ទទួលបានការការពារ សិទ្ធិទទួលបានការអភិវឌ្ឍន៍ និងសិទ្ធិរស់រានមានជីវិតរបស់កុមារ។
គួរបញ្ជាក់ថា ជនភេទទី៣ដែលបានធ្វើទារុណកម្មយ៉ាងឃោរឃៅ ទៅលើកុមារអាយុ២ឆ្នាំម្នាក់ កូនប្រជាពលរដ្ឋខ្មែរ នៅស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ហើយរត់គេចខ្លួននោះ រហូតដល់យប់ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦នេះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយ។ ការចាប់ខ្លួននេះ ធ្វើឡើងនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ។ នេះបើតាមការអះអាងរបស់ព្រះរាជអាជ្ញារងម្នាក់ និងមន្រ្តីនគរបាលម្នាក់នៅខេត្តមណ្ឌលគិរី។
ទោះជាយ៉ាងណា ប្រភពដដែលបាននិយាយថា ជនសង្ស័យរូបនេះ នឹងត្រូវបញ្ជូនមកប្រទេសកម្ពុជានៅពេលណាឡើយ តែសមត្ថកិច្ចកម្ពុជា សហការជាមួយខាងនគរបាលវៀតណាម ដើម្បីយកជននេះមកប្រទេសកម្ពុជា ដើម្បីបញ្ជូនទៅតុលាការចាត់ការតាមច្បាប់។
ជនភេទទី៣ដែលបានធ្វើទារុណកម្មយ៉ាងឃោរឃៅទៅលើកុមារ២ឆ្នាំនោះ ត្រូវបានសមត្ថកិច្ចបញ្ជាក់ថា ឈ្មោះ Doung tanh ជាជនជាតិវៀតណាម។ ចំណែកឯក្មេងប្រុសរងគ្រោះ មានឈ្មោះ សូរ សៅ ជាកូនជនជាតិខ្មែរ រស់នៅភូមិពូក្រូច ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ដែលម្តាយឪពុកជាកម្មករចាំចំការកាកាវ ឲ្យជនជាតិហូឡង់ ស្ថិតនៅភូមិឃុំខាងលើ។
សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងករណីនេះ កម្លាំងនគរបាលក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងនគរបាលខេត្តមណ្ឌលគិរី និងនគរបាលខេត្តកំពង់ចាម បានបើកប្រតិបត្តិការស្រាវជ្រាវយ៉ាងបន្ទាន់ រហូតតាមចាប់ខ្លួនជនសង្ស័យ៣នាក់ ដែលបានចូលរួមសមគំនិត និងថតរូបផងដែរ៕