(ព្រះសីហនុ)៖ ប្រជាពលរដ្ឋក្រីក្រទាំងក្មេងទាំងចាស់ រស់នៅក្នុងតំបន់ហាមឃាត់ក្បាលឆាយ (ដី៥៥ហិកតា) ស្ថិតក្នុងភូមិ១ សង្កាត់លេខ១ ក្រុងខេត្តព្រះសីហនុ នៅតាមបណ្តោយផ្លូវចូលរមនីយដ្ឋានក្បាលឆាយ នាល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦ បានទះដៃរសាទរ និងជូនពរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ចំពោះមុខលោក យន្ត មីន អភិបាលខេត្តព្រះសីហនុ រួមនិងមន្រ្តីក្រោមឱវាទ បន្ទាប់ពីពួកគាត់ត្រូវបានរាជរដ្ឋាភិបាល ផ្តល់ដីជូនជាកម្មសិទ្ធិបាន រស់នៅដោយស្របច្បាប់ ។

លោក យន្ត មីន បានថ្លែងក្នុងឱកាសនោះថា ដីព្រៃនៅតំបន់ក្បាលឆាយដែលជាកន្លែងស្តុកទឹកស្អាតសំរាប់ចិញ្ចឹម ប្រជាពលរដ្ឋក្នុងក្រុងព្រះសីហនុ ស្រុកស្ទឹងហាវ និងមួយផ្នែកនៃស្រុកព្រៃនប់ រួមនិងភ្ញៀវទេសចរជាតិ និងអន្តរជាតិបាន ប្រើប្រាស់នាពេលកន្លងមកត្រូវបានរាជរដ្ឋាភិបាល ចេញអនុក្រឹត្យការពារមិនអោយប្រជាពលរដ្ឋយកធ្វើជាកម្មសិទ្ធិ ឯកជនរបស់ខ្លួនបានឡើយ។ ក៏ប៉ុន្តែមួយរយៈពេលកន្លងមកនេះមានប្រជាពលរដ្ឋក្រីក្ររជាច្រើនបានចូលទៅកាប់ព្រៃ ទន្រ្ទានយកដីមករស់នៅដោយខុសច្បាប់ជាច្រើន ទើបរាជរដ្ឋាភិបាលបានចេញអនុក្រឹត្យមួយថ្មីទៀត ដោយបានកាត់ដីចេញពីអនុក្រឹត្យចាស់ជាច្រើនរយហិកតា ដើម្បីបងប្អូនប្រជាពលរដ្ឋយើងបានរស់នៅដោយស្របច្បាប់។

លោកអភិបាលខេត្តបន្ថែមថា ទោះបីជារាជរដ្ឋាភិបាលបានចេញអនុក្រឹត្យថ្មីកាត់ដីអស់ជាច្រើនក៏ដោយ ក៏នៅមានប៉ះពាល់ដល់ខ្នងផ្ទះប្រជាពលរដ្ឋមួយ ចំនួនតូចដែលរស់នៅចំជំរាលផ្ទៃរងទឹកភ្លៀង និងនៅក្នុងទឹកលិច ដែលចាំបាច់ត្រូវចល័តពួកគាត់ចេញ ព្រោះប៉ះពាល់ដល់គុណភាពទឹកស្អាត ដែលទុកអោយមនុស្សជាច្រើនប្រើប្រាស់ ។ ដោយមើលឃើញពីទុក្ខកង្វល់ របស់ប្រជាពលរដ្ឋក្រីក្រពិតប្រាកដរស់នៅក្នុង តំបន់នេះទើបរដ្ឋបាលខេត្តស្នើទៅរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ជាប្រមុខដឹកនាំ ដែលកន្លងមកតែងតែគិតគូពី សុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅ ដើម្បីផ្តល់ដីជាកម្មសិទ្ធិជូនបងប្អូនបានរស់នៅ ដោយស្របច្បាប់ផងដែរ។

មន្ត្រីរដ្ឋបាលខេត្តបានអោយដឹងថា សំរាប់ប្រជាពលរដ្ឋដែលបានរស់នៅជាក់ស្តែង ក្នុងតំបន់ហាមឃាត់រដ្ឋបាលខេត្តផ្តល់ដីជូនក្នុង១គ្រួសារទទួលបាន៥ម៉ែត្រ គុណនិង២០ម៉ែត្រ ហើយជំហានដំបូងនេះ គឺដោះស្រាយចំពោះគ្រួសារដែលមានខ្នងផ្ទះ ប៉ះចំប្រឡាយព្រំដីដែលរដ្ឋបាល ខេត្តបានកាយ បានចំនួន១៥គ្រួសាររួចហើយ។ ហើយនៅល្ងាចថ្ងៃនេះរដ្ឋបាលខេត្ត បានធ្វើការចាប់ឆ្នោតចំនួន៦៥គ្រួសារទៀត ដែលមានខ្នងផ្ទះស្ថិតក្នុងប្រឡាយព្រំហាមឃាត់។

លោកអភិបាលខត្ត ក៏បានធានាអះអាងចំពោះប្រជាពលរដ្ឋថា កន្លងមកមានពាក្យចចាមរាមថា រដ្ឋបាលខេត្តដេញបងប្អូន ប្រជាពលរដ្ឋចេញគឺដើម្បីយកដីលក់ទៅអោយឈ្មួញ ឬអ្នកធំនោះមិនមែនជាការពិតឡើយ ។ ជាងនេះទៅទៀតលោក អភិបាលខេត្តក៏បានបញ្ជាក់យ៉ាងច្បាស់ថា ព្រៃឈើដែលបងប្អូនកាប់ទន្រ្ទានយកដីកន្លងមក រដ្ឋបាលខេត្ត និងធ្វើការដាំ ដើមឈើរឡើងវិញ ប្រយោជន៍សំរាប់ទាក់ទាញទឹកភ្លៀងយកមកប្រើប្រាស់ឡើងវិញផងដែរ។

គេសង្កេតឃើញថា ក្រោយពេលរាជរដ្ឋាភិបាលចេញអនុក្រឹត្យថ្មីកាត់ដី អោយប្រជាពលរដ្ឋក្រីក្ររពិតប្រាកដបានរស់នៅ ដោយស្របច្បាប់ មានការសាទរយ៉ាងច្រើនពីប្រជាពលរដ្ឋ រួមនិងមន្ត្រីសង្គមស៊ីវិលទាំងនោះផងដែរ ប៉ុន្តែទន្ទឹមនិងនោះ ផងដែរគេឃើញឈ្មួញមានទ្រព្យ ឬមេខ្យល់មួយចំនួនតូច ដែលបានជួលប្រជាពលរដ្ឋក្រីក្ររកាប់ព្រៃ ដើម្បីយកដីមកអោយ ខ្លួនទុកលក់យកចំនេញ ដោយសង់ខ្ទមតូចៗ ដោយមិនមានអ្នករស់នៅជាអចិន្ត្រៃយ៍ឡើយ បានធ្វើការកៀងគរ និងភូតកុហក មនុស្សមួយចំនួនថារដ្ឋអំណាច នឹងយកដីរបស់ពួកគាត់អោយមកចូលរួមធ្វើបាតុកម្ម បិតផ្លូវដោយខុសច្បាប់ ឬដុតកង់ឡាន បង្កចលាចលជាដើម។

ជុំវិញបញ្ហានេះប្រជាពលរដ្ឋនៅខេត្តព្រះសីហនុទាំងមូល សូមស្នើអោយអាជ្ញាធរមានសមត្ថកិច្ចមេត្តាចាត់វិធានការណ៍ច្បាប់ អោយតឹងរឹងបំផុតចំពោះជន ដែលប្រព្រឹត្តិអំពើខុសច្បាប់អស់ទាំងនេះ។ ព្រោះប្រជាពលរដ្ឋបារម្មណ៍ខ្លាចបាត់បង់ប្រភព ទឹកក្បាលឆាយ ដូចបឹងព្រែកទប់ ដែលជាបឹងទឹកស្អាតគេយកមក ប្រើប្រាស់តាំងពីយូឆ្នាំមកហើយ ស្ថិតក្នុងសង្កាត់លេខ៣ ដែលពេលនេះត្រូវបានរលាយស្ទើរអស់ទៅហើយ៕