(ភ្នំពេញ)៖ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយចេញពីពន្ធនាគារ នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦នេះ លោកមេឃុំ ស៊ាង ចែត មកពីគណបក្ស សម រង្ស៊ី ទទួលស្គាល់ថា ខ្លួនពិតជាបានយកលុយ២លានរៀល ទៅឲ្យម្ដាយនាង ខុម ចាន់តារ៉ាទី ហៅស្រីមុំ ពិតប្រាកដមែន។

លោក ស៊ាង ចែត បញ្ជាក់យ៉ាងដូច្នេះថា «នេះជាការផ្ដាំផ្ញើរបស់ ឯកឧត្តម ម៉ៅ មុន្នីវណ្ណ បានផ្ដាំផ្ញើទៅខ្ញុំពាក់ព័ន្ធទៅនឹងលុយ២លាននេះ យកទៅឲ្យម្ដាយស្រីមុំ មិនមែនឲ្យស្រីមុំទេ ដែលថានេះជាលុយមនុស្សធម៌ ដែលគេឲ្យពីក្រៅមក»

សូមបញ្ជាក់ថា លោក ស៊ាង ចែត មេឃុំគណបក្ស សម រង្ស៊ី ដែលត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាឃុំខ្លួននៅក្នុងពន្ធនាគារព្រៃស ពាក់ព័ន្ធនឹងករណី សូកប៉ាន់សាក្សី ក្នុងរឿងអាស្រូវផ្លូវភេទរបស់លោក កឹម សុខា និងកញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំនោះ ត្រូវបានដោះលែងចេញពីពន្ធនាគារហើយ នៅម៉ោង៩៖០០នាទី ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៦នេះ តាមព្រះរាជក្រឹត្យលើកលែងទោសរបស់ព្រះមហាក្សត្រ ដែលធ្វើឡើងតាមសំណើសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីល្ងាចម្សិលមិញ (ថ្ងៃទី០៧ ខែធ្នូ)។

ការចេញព្រះរាជក្រឹត្យលើកលែងទោស លោកមេឃុំ ស៊ាង ចែត នាពេលនេះ បានធ្វើឡើងបន្ទាប់ពីលោក កឹម សុខា ដែលទើបទទួលបានព្រះរាជទាន ការលើកលែងទោសពីព្រះមហាក្សត្រ ចូលប្រជុំសភាពេញអង្គ និងបានជួបចរចាពិភាក្សាជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចក្រឡាហោម ស ខេង នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦នេះ៕