(ភ្នំពេញ)៖ ក្រោយលោក ស៊ាង ចែត មេឃុំគណបក្ស សម រង្ស៊ី ត្រូវបានដោះលែងចេញពីពន្ធនាគារ ក្រៅពីថ្នាក់ដឹកនាំ និងមន្រ្តីមួយចំនួន លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះ និងជាប្រធានក្រុមមតិភាគតិច ក៏បានបង្ហាញវត្តមានទៅទទួលលោក ស៊ាង ចែត ផងដែរ នៅវេលាម៉ោង៩៖៣០នាទីព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦នេះ។

សូមបញ្ជាក់ថា លោក ស៊ាង ចែត មេឃុំគណបក្ស សម រង្ស៊ី ដែលត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាឃុំខ្លួននៅក្នុងពន្ធនាគារព្រៃស ពាក់ព័ន្ធនឹងករណី សូកប៉ាន់សាក្សី ក្នុងរឿងអាស្រូវផ្លូវភេទរបស់លោក កឹម សុខា និងកញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំនោះ ត្រូវបានដោះលែងចេញពីពន្ធនាគារហើយ នៅម៉ោង៩៖០០នាទី ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៦នេះ តាមព្រះរាជក្រឹត្យលើកលែងទោសរបស់ព្រះមហាក្សត្រ ដែលធ្វើឡើងតាមសំណើសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីល្ងាចម្សិលមិញ​ (ថ្ងៃទី០៧ ខែធ្នូ)។

នៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៦ ថ្នាក់ដឹកនាំ CNRP និងក្រុមសកម្មជន ព្រមទាំងអង្គការក្រៅរដ្ឋាភិបាល សង្គមស៊ីវិលបានទៅកាន់ពន្ធនាគារព្រៃស (ម១) ដើម្បីមកទទួលមេឃុំ ស៊ាង ចែត ចេញពីគុកការចេញព្រះរាជក្រឹត្យលើកលែងទោស លោកមេឃុំ ស៊ាង ចែត នាពេលនេះ បានធ្វើឡើងបន្ទាប់ពីលោក កឹម សុខា ដែលទើបទទួលបានព្រះរាជទាន ការលើកលែងទោសពីព្រះមហាក្សត្រ ចូលប្រជុំសភាពេញអង្គ និងបានជួបចរចាពិភាក្សាជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចក្រឡាហោម ស ខេង នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦នេះ៕