(ព្រះវិហារ)៖ កម្លាំងជំនាញយុត្តិធម៌ នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ បានចាប់ខ្លួនជនសង្ស័យ៤នាក់ ដែលចូលទៅកាប់ព្រៃក្នុងរម្មណីយដ្ឋានប្រាសាទព្រះវិហារ ហើយត្រូវបានបញ្ជូនទៅតុលាការខេត្ត នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦នេះ។ នេះបើតាមលោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យអាវុធហត្ថលើផ្ទៃប្រទេស ប្រាប់អង្គភាព Fresh News។
ឧត្តមសេនីយ៍ត្រី អេង ហ៊ី បានបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៦ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំផ្ទាល់ ចុះបង្ក្រាបបទល្មើសព្រៃឈើមួយកន្លែង ស្ថិតនៅក្នុងភូមិសែនជ័យ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ប្រតិបត្តិការនោះ បានប្រើប្រាស់កម្លាំងកងរាជអាវុធហត្ថប្រមាណជាង២០០នាក់ និងមានការប្រើប្រាស់ឧទ្ធោម្ភាចក្រចំនួន៣គ្រឿងផងដែរ។
លោកឧត្តមសេនីយ៍ថា កម្លាំងបានធ្វើការឡោមព័ន្ធទីតាំងរោងសិប្បកម្មកែច្នៃផល អនុផលព្រៃឈើរបស់ក្រុមហ៊ុន ហុង សុភាព ឌីវេឡុបមែន ស្ថិតក្នុងភូមិសែនជ័យ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
កម្លាំងជំនាញបានធ្វើការស៊ើបអង្កេត ស្រាវជ្រាវ ពិនិត្យ វាស់វែង និងធ្វើការផ្ទៀតផ្ទាត់យថាប្រភេទឈើនៅក្នុងព្រៃជាក់ស្តែងឃើញមានគល់ឈើសរុបចំនួន១៤៤គល់ ក្នុងនោះ គល់ឈើចំនួន៥៤គល់ គឺស្ថិតនៅក្នុងដីសម្បទានសង្គមកិច្ច ភូមិសែនជ័យ ឃុំកន្ទួត ស្រុកជាំក្សាន្ត។
រីឯគល់ឈើចំនួន៩០គល់ទៀត ដែលទើបកាប់ថ្មីៗ តាមការផ្ទៀងផ្ទាត់ ចំណុចនិយាមការទាំងអស់ គឺស្ថិតនៅក្នុងតំបន់II នៃតំបន់រមណីដ្ឋានប្រាសាទព្រះវិហារ។
តាមការស៊ើបអង្កេតដោយផ្ទៀងផ្ទាត់ឯកសារ និងវត្ថុតាង កម្លាំងជំនាញបានធ្វើការឃាត់ខ្លួន សង្ស័យប្រព្រឹត្តបទល្មើសព្រៃឈើជាបន្តបន្ទាប់រួមមាន ទី១៖ឈ្មោះ សាយ សុភាព មុខរបរប្រធានក្រុមហ៊ុន «ហុង សុភាព» ស្នាក់នៅសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ទី២៖ឈ្មោះ ប៊ុន ហុង ភេទស្រី មុខរបរប្រធានក្រុមហ៊ុន «ហុង សុភាព» ស្នាក់នៅសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ទី៣៖ឈ្មោះ សាយ ស៊ីណា មុខរបរមេការក្រុមហ៊ុន «ហុង សុភាព» ស្នាក់នៅស្រុកបាត់ដំបង ខេត្តបាត់ដំបង។ ទី៤៖ឈ្មោះ ខៃ ហ៊ឺ មុខរបរមន្ត្រីយោធា អង្គភាពកងពលធំលេខ៣ ស្នាក់នៅឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
សូមជំរាបថា កម្លាំងជំនាញបានចាប់យកឈើសរុបចំនួន ៥២៩.៤៧០ម៉ែត្រត្រីគុណ និងកូនឈើចម្រុះប្រភេទ (ទំហំអង្កត់ផ្ចិតគល់១៥-៣០សង់ទីម៉ែត្រ) ចំនួន៤២ដើម ក្នុងនោះមាន៖ ១៖ឈើហ៊ុបមូលចំនួន ៤៤២កំណាត់ ស្មើនឹង២៩៤,៩១៥ម៉ែត្រត្រីគុណ (ឈើលេខ១ ចំនួន៩១កំណាត់ស្មើនឹង៣៩ម៉ែត្រ ៣៨៥៣, ឈើលេខ២ ចំនួន៣២៨កំណាត់ស្មើនឹង២៤២ម៉ែត្រ ៣៥៩៥ និងឈើលេខ៣ ចំនួន២៣កំណាត់ស្មើនឹង១២ម៉ែត្រ ៣៥៩៥) ២៖ឈើអារប្រភេទលេខ២ចំនួន ២៣៥.៤៥៥ម៉ែត្រត្រីគុណ ៣៖កូនឈើចម្រុះប្រភេទ (ទំហំអង្កត់ផ្ចិតគល់១៥-៣០សង់ទីម៉ែត្រ) ចំនួន៤២ដើម និងចាប់យកមធ្យោបាយដឹកជញ្ជូន ម៉ាស៊ីនអារឈើ និងវត្ថុតាងមួយចំនួនទៀត៕