(រ៉ូម)៖ នៅទីបំផុត នាយករដ្ឋមន្ត្រីអ៊ីតាលី លោក ម៉ាតេអូ រ៉េនហ្ស៊ី បានគោរពតាមពាក្យសន្យារបស់ខ្លួនជាផ្លូវការហើយ ដោយលោកផ្ទាល់បានឱ្យដឹងនៅថ្ងៃពុធនេះថា លោកបានប្រកាសលាលែងពីតំណែងហើយនៅម៉ោង១៨៖០០នាទីថ្ងៃពុធ (ម៉ោងនៅក្នុងទីក្រុងរ៉ូម) ហើយដែលការសម្រេចចិត្តនេះ ធ្វើឡើងភ្លាមៗ នៅបន្ទាប់ពីព្រឹទ្ធសភាអ៊ីតាលីបានអនុម័តលើកញ្ចប់ថវិកាជាតិសម្រាប់ឆ្នាំ២០១៧។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៦។
លោក រ៉េនហ្ស៊ី បានសម្រេចចិត្តលាលែងពីមុខតំណែងជានាយករដ្ឋមន្ត្រី តាំងតែពីថ្ងៃចន្ទមកម្ល៉េះ ក្រោយគំរោងធ្វើវិសោតធនកម្មរដ្ឋធម្មនុញ្ញ របស់លោកបានបរាជ័យ នៅក្នុងការបោះឆ្នោតប្រជាមតិ កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន ជាមួយនឹងសំឡេងជំទាស់៥៩ភាគរយ ទល់នឹងសំឡេងស្រប៤១ភាគរយ។ ក៏ប៉ុន្តែ ដោយសារតែ មានការស្នើសុំពីសំណាក់ លោកប្រធានាធិបតី សឺជីអូ ម៉ាតេរ៉ែលឡា ទើបលោករ៉េនហ្ស៊ី សម្រេចពន្យាពេលលាលែងរហូត ដល់ព្រឹទ្ធសភាអនុម័តលើកញ្ចប់ថវិកា ជាតិសម្រាប់ឆ្នាំ២០១៧។
សូមជំរាបថា កញ្ចប់ថវិកាជាតិសម្រាប់ឆ្នាំ២០១៧ ត្រូវបានព្រឹទ្ធសភជាន់ខ្ពស់អ៊ីតាលី អនុម័តក្នុងសំឡេង១៧៣ ទល់នឹង១០៨ សំឡេង៕