(ភ្នំពេញ)៖ មានករណីភ្ញាក់ផ្អើលមួយបានកើតឡើងនៅវេលាម៉ោង៧៖៥០នាទី យប់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦នេះ ស្ថិតនៅចំណុចចំណតទូក ជាប់ភោជនីយដ្ឋានទីតានិក ផ្លូវព្រះស៊ីសុវត្ថិ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ បន្ទាប់ពីមានជនបរទេសម្នាក់បាន រអិលជើង ចូលទឹកទន្លេ ខណៈដែលជននេះកំពុងតែចុះពីលើទូកទេសចរណ៍កំសាន្តឈ្មោះ Cambo Cruise។
សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ KEN KRAMRE ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិអាមេរិកស្នាក់នៅផ្ទះលេខ៣ ផ្លូវ១៧៤ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ។
មិត្តភ័ក្រ្តជនរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះមិនបានផឹកគ្រឿងស្រវឹង បន្តិចណាឡើយ ហើយការដែលធ្លាក់ចូលទឹកនោះ ដោយសារមេឃភ្លៀង ស្របចំមានចំណោទ ពេលដើរចុះ ក៏រអិលជើងធ្លាក់ចូលទឹកទន្លេតែម្តង។
រហូតមកដល់ម៉ោង១០យប់ថ្ងៃដដែលនេះ គេមិនទាន់រកឃើញជនរងគ្រោះនៅឡើយទេ ហើយសមត្ថកិច្ចសង្ស័យថាអាចលង់ស្លាប់បាត់ទៅហើយ។
ក្រោយកើតហេតុភ្លាមៗ អភិបាលខណ្ឌដូនពេញលោក គួច ចំរើន និងអភិបាលរងលោក សុខ ពេញវុធ ព្រមទាំងមន្រ្តីក្រោមឱវាទ និងកម្លាំងសមត្ថកិច្ចមួយចំនួនបានទៅជួយអន្តរាគមន៍កន្លែងកើតហេតុផងដែរ៕