(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ សុខ ទូច អនុប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់ថា រាជបណ្ឌិត្យសភាកម្ពុជា ដែលរាជរដ្ឋាភិបាលបានចាត់ទុកថា ជាធនាគារខួរក្បាលនោះ បានដាក់ចេញផែនការស្រាវជ្រាវលើវិស័យធំៗ ចំនួន៥ ដែលបច្ចុប្បន្ននេះ កំពុងចោទជាបញ្ហាប៉ះពាល់យ៉ាងខ្លាំងក្នុងសង្គមខ្មែរ ដើម្បីរកដំណោះស្រាយជូនរាជរដ្ឋាភិបាល ហើយគ្រោងចាប់ផ្ដើមអនុវត្តការងារនេះ ចាប់ពីឆ្នាំ២០១៧ តទៅ។
ថ្លែងបែបនេះ ធ្វើឡើងក្នុងពិធីសន្និបាតបូកសរុបការងារ ប្រចាំឆ្នាំ២០១៦ និងទិសដៅអនុវត្តការងារនៅឆ្នាំ២០១៧ ក្រោមអធិបតីភាព លោកស្រីបណ្ឌិតសភាចារ្យ ខ្លូត ធីតា ប្រធានរាជបណ្ឌិត្យសភាកម្ពុជា នាល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦នេះ។
លោកបណ្ឌិត សុខ ទូច បានឲ្យដឹងថា សម្រាប់ទិសដៅអនុវត្តការងារបន្តនៅឆ្នាំ២០១៧ ទាំង៥វិស័យ របស់រាជបណ្ឌិត្យសភាកម្ពុជានោះ រួមមាន៖
ទី១៖ ការបន្តចុះស្រាវជ្រាវឆ្កឹះកកាយបញ្ហាព្រំដែន ដែលកិច្ចការដ៏ស្មុគស្មាញនេះ ត្រូវតែបញ្ចប់នៅឆ្នាំ២០១៧ ខាងមុខ ហើយក្រុមស្រាវជ្រាវបញ្ហាដ៏ក្ដៅគគុកនេះ ត្រូវបានដឹកនាំដោយរូបលោកផ្ទាល់។
ទី២៖ ការសិក្សាស្រាវជ្រាវលើបញ្ហាសុខាភិបាលនៅកម្ពុជា ដែលបណ្ដាលឲ្យប្រជាពលរដ្ឋ បានចាកចេញទៅពិនិត្យព្យាបាលនៅក្រៅប្រទេស នាំឲ្យមានការខាត់បង់សេដ្ឋកិច្ចជាតិយ៉ាងច្រើន ដើម្បីប្រមូលព័ត៌មានឲ្យដឹងថា តើភាពកម្សោយនៃវិស័យអាទិភាពមួយនេះ កម្ពុជាខាតបង់ប៉ុន្មានក្នុងមួយឆ្នាំៗ។
ទី៣៖ ការចុះស្រាវជ្រាវលើបញ្ហាចំណាកស្រុករបស់ពលករខ្មែរ ដែលត្រដាបត្រដុសទៅរស់នៅ និងធ្វើការនៅក្រៅប្រទេស ដូចជាថៃ ម៉ាឡេស៊ីជាដើម ថាតើមានផលប៉ះពាល់អ្វី ហើយពួកគាត់បានទទួលអ្វីមកវិញ។ ការណ៍នេះ ត្រូវបានលោកបណ្ឌិត សុខ តូច បានពន្យល់ថា «បើរាជរដ្ឋាភិបាលបិទហាមឃាត់មិនឲ្យពួកគាត់ទៅ ក៏មិនមែនជាដំណោះស្រាយ ហើយបើបើកក៏មិនមែនជាដំណោះស្រាយដែរ អីចឹងដើម្បីឲ្យឃើញដំណោះស្រាយពិត ទាមទារឲ្យមានការស្រាវជ្រាវលម្អិត និងស៊ីជម្រៅជាទីបំផុត បានផលមករុញទៅដល់រាជរដ្ឋាភិបាល ដែលជាតួអង្គអ្នកអនុវត្តការងារផ្ទាល់»។
ទី៤៖ ការសិក្សាស្រាវជ្រាវលើវិស័យទេសចរណ៍ ដែលវិស័យនេះ កំពុងចោទជាបញ្ហាថា ភ្ញៀវទេសចរជាតិ-អន្តរជាតិ កាន់មានការកើនឡើងរៀងរាល់ឆ្នាំ ប៉ុន្តែប្រាក់ចំណូលដែលបានពីវិស័យនេះ បែរតិចតួចទៅវិញ។ លោកបណ្ឌិត បានចោទជាសំនួរថា «ហេតុអ្វីព័ត៌មានផ្សព្វផ្សាយពីវិស័យទេសចរណ៍កម្ពុជា មិនបានទៅដល់ទីផ្សារភ្ញៀវទេសចរនានា ហើយពេលមកទស្សនាហ្នឹង តើពួកគាត់បានទទួលអ្វីត្រឡប់ទៅវិញ យើងនឹងសិក្សាលម្អិត»។
ទី៥៖ ការស្រាវជ្រាវលើបញ្ហាកសិកម្ម ដែលកំពុងចោទជាបញ្ហាដ៏ធំសម្បើមមួយដែរ គឺបញ្ហាស្រូវធ្លាក់ថ្លៃ ដែលកិច្ចការនេះ ក្រុមអ្នកស្រាវជ្រាវវិជ្ជសាស្រ្ត ជីវសាស្រ្ត និងកសិកម្ម នៃរាជបណ្ឌិត្យសភាកម្ពុជា នឹងសិក្សាឲ្យបានស៊ីជម្រៅ ដើម្បីរកដំណោះស្រាយជូនរាជរដ្ឋាភិបាល ស្របនឹងកំណើនផលិតផលស្រូវកំពុងកើនឡើងខ្ពស់ តែបែរជាគ្មានទីផ្សារសម្រាប់លក់ទៅវិញ។
ក្រៅពីផែនការចម្បងខាងលើនេះ នៅមានផែនការចាំបាច់មួយចំនួនធំទៀត ដែលរាជបណ្ឌិត្យសភាកម្ពុជា ចាំបាច់ត្រូវបើកការស្រាវជ្រាវ ដើម្បីរកដំណោះស្រាយដាក់ជូនរាជរដ្ឋាភិបាលបន្តទៀត។
ទោះយ៉ាងណា លោកបណ្ឌិតសភាចារ្យ បានលើកឡើងពីឧបសគ្គមួយចំនួន រួមមាន៖ ចំនួនថវិកាដែលរាជរដ្ឋាភិបាលផ្ដល់ឲ្យ គឺនៅមិនទាន់គ្រប់គ្រាន់នៅឡើយ, បញ្ហាទីតាំងប្រព័ន្ធអ៊ីនធឺណេត និងល្បឿនអ៊ីនធឺណេត ដែលជាកត្តាចាំបាច់សម្រាប់ឲ្យអ្នកស្រាវជ្រាវ បានធ្វើការស្រាវជ្រាវឲ្យបានទូលំទូលាយគ្រប់ពេលវេលា ហើយអ្វីដែលជាបញ្ហាធំនោះ គឺរាជបណ្ឌិតសភាកម្ពុជា នៅមុនទាល់មានមន្ទីរពិសោធន៍វិទ្យាសាស្រ្តណាមួយ នៅឡើយទេ៕