(ភ្នំពេញ)៖ នៅរយៈពេល១១ខែ ឆ្នាំ២០១៦ កម្ពុជាបានចេញអង្ករទៅក្រៅប្រទេសបានជិត៤៨មុឺនតោន កើនឡើង៥ភាគរយ នេះបើតាមរបាយការណ៍ផ្លូវការ របស់លេខាធិការដ្ឋានច្រកចេញចូលតែមួយ សម្រាប់បំពេញបែបបទនាំចេញអង្ករ ដែល Fresh News ទើបទទួលបាននៅយប់ ថ្ងៃទី០៧ ខែធ្នូនេះ។
របាយការណ៍បានបញ្ជាក់ថា ចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០១៦ កម្ពុជានាំចេញអង្ករបាន ៤៧៩៦៨៩តោនកើន៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៥ ដែលមានចំនួន ៤៥៦៩១៧តោន។
ជាមួយគ្នានេះ បើគិតរយៈពេលពេញ ១ខែវិច្ឆិកា កម្ពុជានាំចេញអង្ករបាន ៥៨១៦៨តោនកើន១៩ភាគរយ បើធៀបនឹងខែវិច្ឆិកា ឆ្នាំ២០១៥។
គួរបញ្ជាក់ថា កម្ពុជាមានក្រុមហ៊ុននាំអង្ករជាង៨០ក្រុមហ៊ុន នាំអង្ករទៅកាន់ទីផ្សារជាង៦០ប្រទេស៕