(ភ្នំពេញ)៖ រាសីរបស់អ្នកក្តោបក្តប់បក្សប្រឆាំងនាពេលនេះ លោក កឹម សុខា ហាក់បីដូចជាឡើងខ្ពស់ត្រដែត ខណៈរាសីប្រធានបក្សដែលកំពុងថមថយអំណាច និងនិរទេសខ្លួននៅក្រៅប្រទេសទណ្ឌិត សម រង្ស៊ី ហាក់បីដូចជាដាំក្បាលចុះ ហើយនឹងបន្តធ្លាក់អាចដល់បាតដាល។ ការចេះបត់បែនតាមកាលៈទេសៈ ចេះបន្ទន់ឥរិយាបទរបស់លោក កឹម សុខា រួមផ្សំជាមួយនឹងការឆ្លៀតឱកាស ធ្វើឱ្យគាត់មានប្រៀបយ៉ាងខ្លាំងទៅលើដៃគូធំរបស់គាត់ទណ្ឌិត សម រង្ស៊ី ដែលគិតខ្លី ងប់ងល់តែទៅនឹងកំហឹង គំនុំ និងការសងសឹក។ ខាងក្រោមនេះគឺជាលទ្ធផលនៃភាពជោគជ័យ របស់លោក កឹម សុខា កន្លងមក និងនៅពេលខាងមុខ៖
១៖ សុំចរចាលើកលែងទោសបានសម្រេច៖ ដោយសារតែភាពចេះបត់បែនតាមកាលៈទេសៈ ចេះបន្ទន់ឥរិយាបទ ទើបលោក កឹម សុខា អាចសុំទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យស្នើការលើកលែងទោសទៅព្រះមហាក្សត្របានជោគជ័យ។ នេះវាជាសញ្ញាណល្អសម្រាប់ឱ្យ កឹម សុខា ពង្រឹងកូតាបក្សសិទ្ធិមនុស្ស ផ្តួលរំលំអំណាចបក្សសម រង្ស៊ី ដែលជាញឹកញាប់តែងតែប៉ះទង្គិចគ្នានៅក្នុងបក្សសង្គ្រោះជាតិ។
២៖ មានការចុះចូលច្រើនពីសកម្មជនកូតាបក្ស សម រង្ស៊ី៖ សមាជិកបក្សប្រឆាំងកូតា សម រង្ស៊ី ភាគច្រើនខកចិត្តយ៉ាងខ្លាំងចំពោះទណ្ឌិត សម រង្ស៊ី ដែលបំផ្លាញវប្បធម៌ សន្ទនានាពេលកន្លងមក ប៉ុន្តែពេលនេះលោក កឹម សុខា ហាក់បីដូចជាបានចាប់ផ្តើមវប្បធម៌នេះសារជាថ្មីម្តងទៀត ដែលវាជាការទាក់ទាញសកម្មជនបក្សកូតា សម រង្ស៊ី ឱ្យមកគាំទ្រលោក កឹម សុខា វិញ។ បញ្ហាត្រង់ថា គ្មានអ្នកណាដឹងថា មានអាថ៌កំបាំង ឬលក្ខខណ្ឌអ្វី នៅពីក្រោយការចរចាសុំលើកលែងទោសរវាង កឹម សុខា និងនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះទេ។ តាមប្រភពផ្ទៃក្នុងបក្សប្រឆាំងកូតាសមរង្ស៊ីបានឱ្យដឹងថា លោក កឹម សុខា មិនបានបង្ហើបអំពីការចរចាគ្នាប្រាប់ផ្ទៃក្នុងឱ្យបាន ដឹងនោះទេ សូម្បីតែប្រធានបក្ស ដែលការលាក់បាំងពីទណ្ឌិត សម រង្ស៊ី នេះអាចប្រហែលមកពីការចរចានេះផ្តល់មហន្តរាយដល់ទណ្ឌិត សម រង្ស៊ី និងផ្តល់ប្រយោជន៍ដល់លោក កឹម សុខា។
៣៖ ក្តោបក្តាប់អំណាចទាំងស្រុងក្នុងបក្សសង្គ្រោះជាតិ៖ នៅពេលនេះលោក កឹម សខា ឆ្លៀតឱកាសដែលមេបក្សកំពុងរត់ចោលស្រុក បានប្រើប្រាស់តំណែងប្រធានស្តីទី របស់ខ្លួន ក្តោបក្តាប់ទាំងស្រុងលើបក្សសង្គ្រោះជាតិ ទាំងកូតាគណបក្សសិទ្ធិមនុស្ស និងទាំងកូតាគណបក្សសម រង្ស៊ី ដោយបានចាត់ចែងបញ្ចូលមនុស្សរបស់ខ្លួន ទៅក្នុងតំណែងសំខាន់ៗក្នុងបក្ស។ ទោះជាមិនមានភាពចុះសម្រុងគ្នាប្រកាន់បក្ខពួកយ៉ាងណាក៏ដោយ ប៉ុន្តែដោយសារការរត់ចោលស្រុករបស់ទណ្ឌិត សម រង្ស៊ី ធ្វើឱ្យកូនចៅរងាជាខ្លាំង និងទ្រាំស្តាប់បញ្ជាប្រធានស្តីទីបក្សទាំងបង្ខំតទៅទៀតលែងបាន។
៤៖ អាចក្លាយជាប្រធានបក្សជំនួសទណ្ឌិត សម រង្ស៊ី៖ លោក កឹម សុខា នឹងក្លាយជាមេបក្សសង្គ្រោះជាតិជំនួសទណ្ឌិត សម រង្ស៊ី នាពេលខាងមុខ ព្រោះខណៈនេះទណ្ឌិត សម រង្ស៊ី មានទោសព្រហ្មទណ្ឌជាប់ខ្លួនច្រើនករណី គ្មានសិទ្ធិធ្វើនយោបាយទៀតទេ។ ការលើកលែងទោសឱ្យលោក កឹម សុខា វាជាចំណុចខ្លាំង ព្រោះអនុញ្ញាតិឱ្យគាត់អាចធ្វើនយោបាយសារជាថ្មី មានប្រៀបខ្លាំងជាងទណ្ឌិត សម រង្ស៊ី។
៥៖ បេក្ខជនសង្គ្រោះជាតិ និងតំណាងរាស្ត្របក្សសង្គ្រោះជាតិឆ្នាំ២០១៧ និង២០១៨ ភាគច្រើនជាកូតាបក្សសិទ្ធិមនុស្ស៖ ក្នុងពេលដែលទណ្ឌិត សម រង្ស៊ី នៅក្រៅប្រទេស បាត់បង់អំណាចមិនអាចធ្វើអ្វីបាន លោក កឹម សុខា នឹងឆ្លៀតឱកាសពង្រឹងកម្លាំងក្នុងបក្ស ដោយជ្រៀតមនុស្សកូតាបក្សសិទ្ធិមនុស្ស ចូលទៅធ្វើជាតំណាងរាស្ត្រ ឬបេក្ខជនជំនួសមនុស្សចាស់ៗ និងជំនួសមនុស្សកូតាបក្សសម រង្ស៊ី ដែលមិនស្តាប់បញ្ជាខ្លួន ដែលធ្វើឱ្យមនុស្សខាង សម រង្ស៊ី បាត់បង់ឱកាស ឬបន្ទន់ឥរិយាបទមកគាំទ្រ និងស្តាប់បញ្ជាលោក កឹម សុខា វិញ។
៦៖ តំណែងទណ្ឌិត សម រង្ស៊ី ក្លាយជាតំណែងរបស់លោក កឹម សុខា៖ បក្សប្រឆាំងនាពេលថ្មីៗនេះបានសម្រេចស្នើដាក់លោក កឹម សុខា ជាប្រធានក្រុមតំណាងរាស្ត្រ CNRP ក្នុងរដ្ឋសភា ជំនួសទណ្ឌិត សម រង្ស៊ី ហើយ តើទណ្ឌិត សម រង្ស៊ី នៅសល់តំណែងអ្វីទៀត? ជំហ៊ានបន្ទាប់ប្រាកដជាតំណែងប្រធានបក្សសង្គ្រោះជាតិ ជាក់ជាមិនខាន។
បើយើងពិនិត្យមើលថយក្រោយបន្តិច ការបាត់បង់តំណែងជាប្រធានបក្ស ការបាត់បង់អ្នកគាំទ្រក្នុងបក្ស សុទ្ធតែកើតឡើងដោយសារទណ្ឌិត សម រង្ស៊ី ដោះស្រាយបញ្ហា ដោយប្រើកំហឹង គុំនុំ និងការសងសឹកខ្លាំងហួសហេតុពេក ដែលឈានដល់ការប្រព្រឹត្តផ្ទុយពីច្បាប់ជាច្រើនករណី នាំទោសដល់ខ្លួន។ ដោយស្មារតីបង្រួបបង្រួមជាតិ ចង់ឱ្យមានស្ថិរភាពក្នុងប្រទេស លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្កើតវប្បធម៌សន្ទនាជាមួយទណ្ឌិត សម រង្ស៊ី រហូតផ្តល់កិត្តិយសខ្លាំងដោយហៅទៅហូបបាយ ជាមួយគ្នា ចេញទៅក្រៅប្រទេសជាមួយគ្នា យ៉ាងណាក៏ដោយក៏ទណ្ឌិត សម រង្ស៊ី នៅតែប្រើនយោបាយចាប់ដៃជាន់ជើង ដោយបានក្បត់បំពានលើកិច្ចសន្ទនា និងនៅតែបន្តជេប្រមាថ លាបពណ៌ ចោទប្រកាន់ដដែលទៅលើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រៅពីនេះ ថែមទាំងរួមគំនិតក្លែងឯកសារក្នុងគោលបំណង បង្ករចលាចលក្នុងប្រទេសថែមទៀត។ អ្នកណាសាបព្រួសខ្យល់ អ្នកនោះនឹងទទួលនូវព្យុះសង្ឃរា គឺពេលនេះលោក កឹម សុខា បានប្រើនយោបាយចាប់ដៃជាន់ជើង ដាក់លើ សម រង្ស៊ី វិញធ្វើជាគោរពនៅមុខ ប៉ុន្តែលួចចាក់ពីក្រោយខ្នងដោយធ្វើឱ្យបក្សសមរង្ស៊ីរលាយសាបសូន្យបន្តិចម្តងៗ។
កិច្ចសហការគ្នារវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក កឹម សុខា ដែលនាំឱ្យមានការពង្រីកទំនាក់ទំនងគ្នាកាន់តែខ្លាំងនេះ និងការសន្យាកាត់ដៃស្តាំប្រសិនបើ លោកនាយករដ្ឋមន្ត្រីចុះហត្ថលេខាសុំលើកលែងទោសដល់ទណ្ឌិត សម រង្ស៊ី នោះ បានបង្ហាញត្រង់ៗទៅទណ្ឌិត សម រង្ស៊ី ថាការធ្វើនយោបាយដោយភាពឆោតល្ងង់ និងពោរពេញទៅដោយគំនុំ និងការសងសឹក បានដើរដល់ទីបញ្ចប់ហើយ។ តទៅមុខទៀត លោក កឹម សុខា នឹងដើរតួជំនួសទណ្ឌិត សម រង្ស៊ី ក្នុងការគ្រប់គ្រងបក្ស ប្រឆាំង បន្តទៅមុខទៀត ហើយឈ្មោះ សម រង្ស៊ី នឹងត្រូវបានគេបំភ្លេចបន្តិចម្តងៗរហូតសាបសូន្យ។ ផ្លូវដែល សម រង្ស៊ី ដើរកំពុងទាល់ច្រកហើយ។ នេះហើយដែលគេថា ងើយស្កក ឱនដាក់គ្រាប់។ ក្នុងន័យថា ភាពព្រហើនបំពានច្បាប់ និងការប្រមាថដៃគូសន្ទនា បាននាំឱ្យលោក សម រង្ស៊ី ជួបគ្រោះអាក្រក់ដាំក្បាលចុះ ប៉ុន្តែផ្ទុយទៅវិញបែរ ជាលោក កឹម សុខា កំពុងមានរាសីខ្ពស់លើមេបក្សរបស់ខ្លួន ដែលខ្សោយទាំងយុទ្ធសាស្ត្រ និងយុទ្ធវិធី៕
ដោយ៖ ជ័យ កម្ពុជា