(ភ្នំពេញ)៖ លោក កឹម សុខា ពីអ្នកទោសមានសំណាងគេចផុតពីគុក និងទទួលបានការតែងតាំងជាប្រធានក្រុមមតិភាគតិចនៅរដ្ឋសភា មានឋានៈស្មើនាយក រដ្ឋមន្រ្តី ដែលជាតំណែងរបស់លោក សម រង្ស៊ី ពីមុន ព្រមទាំងបានជជែកពិភាក្សាការងារប្រទេសជាតិជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី នាវិមានរដ្ឋសភាព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦នេះ។
រូបភាពល្អូកល្អឺនជាច្រើនសន្លឹករបស់សម្តេចតេជោ ហ៊ុន សែន ជជែកពិភាក្សាការងារប្រទេសជាតិជាមួយដៃគូសន្ទានារបស់សម្តេចគឺ លោក កឹម សុខា, កិច្ចពិភាក្សារវាង មេដឹកនាំទាំងពីរ បានហុចផ្លែផ្កាជាច្រើនដូចជា នៅរសៀលថ្ងៃនេះព្រះរាជក្រឹត្យដោះលែងមេឃុំ ស៊ាង ចែត និងបន្តបន្ទាប់មានមន្រ្តីសង្គមស៊ីវិលមួយចំនួន ទៀត ដោយគ្មានត្រូវការលោក សម រង្ស៊ី ទេ។
ចំណុចទាំងនេះហើយ ដែលអាចឲ្យលោក សម រង្ស៊ី បង្ហាញសារមួយនៅរសៀលថ្ងៃនេះហាក់បីដូចជា មានកំហឹងខឹងខ្លាំងចំពោះការដណ្តើមតំណែងរបស់លោក។
លោក សម រង្ស៊ី បានបង្ហាញសារនៅលើ Facebook នារសៀលថ្ងៃនេះដែលហាក់មានកំហឹង៖ «តំណែងមិនសំខាន់ទេ អ្វីដែលសំខាន់ គឺភាពទៀងត្រង់ និងភាពថ្លៃថ្នូរ របស់យើងម្នាក់ៗ។ ខ្ញុំយល់ព្រមធ្វើអ្វីៗទាំងអស់ ឲ្យតែប្រទេសជាតិយើងបាននៅគង់វង្ស និងឆ្ពោះទៅរកភាពរុងរឿង។ គេបណ្តេញខ្ញុំពីរដ្ឋសភា គេដកអភ័យឯកសិទ្ធិ គេកាត់ទោសឲ្យជាប់ពន្ធនាគារ គេចេញដីកាចាប់ខ្លួន គេហាមឃាត់និងរារាំងមិនឲ្យវិលត្រឡប់មកប្រទេសកំណើតវិញ គេបកស្រាយរដ្ឋធម្មនុញ្ញ និងបទបញ្ជាផ្ទៃក្នុង រដ្ឋសភា តាមតែអំពើចិត្តរបស់គេ។ តែខ្ញុំ សម រង្ស៊ី នៅតែ សម រង្ស៊ី ដដែលហើយភាពស្មោះត្រង់របស់ខ្ញុំ ចំពោះប្រជារាស្ត្រខ្មែរ នៅតែស្មោះត្រង់ជានិច្ច រហូតដល់ដង្ហើមចុងក្រោយរបស់ខ្ញុំ»។
មហាជនដែលតាមដានរឿងនយោបាយបានលើកឡើងថា នៅពេលនេះលោក សម រង្ស៊ី អ្នកនយោបាយមានយីអ៊ុនដាំក្បាលចុះ ចំណែកលោក កឹម សុខា ជាអ្នកនយោបាយដែលមានសំណាងខ្ពស់គេចផុតពីគុក ហើយទទួលបានតួនាទីខ្ពស់ទៀតផង៕
ខាងក្រោមជារូបភាពដែលគេបង្ហោះនៅលើបណ្តាញសង្គម Facebook ថ្ងៃនេះ !