(ភ្នំពេញ)៖ បន្ទាប់ពីលោក ស៊ាង ចែត មេឃុំគណបក្ស សម រង្ស៊ី ដែលត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាឃុំខ្លួននៅក្នុងពន្ធនាគារព្រៃស ពាក់ព័ន្ធនឹងករណី សូកប៉ាន់សាក្សី ក្នុងរឿង​​​​​​​​អាស្រូវ​ផ្លូវភេទ​របស់លោក កឹម សុខា និងកញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំនោះ នៅរសៀលថ្ងៃទី០៧ ខែធ្នូនេះ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យលើកលែងទោសហើយ តាមសំណើរសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦នេះ។

ជុំវិញបញ្ហាលើកលែងទោសលោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានលើកឡើងថា ការស្នើលើកលែងទោសដល់ទណ្ឌិត ស៊ាង ចែត គឺជាបុព្វសិទ្ធិស្របច្បាប់របស់ប្រមុខរាជរដ្ឋាភិបាល ដែលធ្វើឡើងក្រោយពេលមានសេចក្តីសម្រេចស្ថាពររបស់តុលាការផ្តន្ទាទោសលោក ស៊ាង ចែត ។

លោក គឹម សន្តិភាព បានថ្លែងប្រាប់អង្គភាព Fresh News ឲ្យដឹងយ៉ាងដូច្នេះថា «អំណាចប្រមុខរាជរដ្ឋាភិបាលក្នុងការស្នើលើកលែងទោសដល់ទណ្ឌិត ដែលមានសេចក្តីសម្រេចស្ថាពររបស់តុលាការ គឺជាបុព្វសិទ្ធិដែលផ្តល់ដោយច្បាប់ គឺពុំបានរំលោភបំពានលើអំណាចតុលាការនោះទេ! ទណ្ឌិតដែលមានសេចក្តីសម្រេច ស្ថាពរពីតុលាការមានន័យថា ដំណើរការនីតិវិធីរបស់តុលាការ ត្រូវបានបញ្ចប់រួចហើយ ក្នុងការស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ និងស្វែងរកឃើញនូវទោស កំហុសរបស់ជនល្មើស»

ច្បាប់ស្តីពីពន្ធនាគារមាត្រា៧៧ បានចែង៖ «ក្នុងករណីចាំបាច់ ប្រមុខរាជរដ្ឋាភិបាលមានបុព្វសិទ្ធិធ្វើសំណើ ថ្វាយព្រះមហាក្សត្រសុំលើកលែងទោស ឲ្យទណ្ឌិតនៅពេលណាក៏បាន»

សូមជំរាបថា លោក ស៊ាង ចែត មេឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម កូតាមកពីគណបក្ស សម រង្ស៊ី នោះ ត្រូវបានសមត្ថកិច្ចអង្គភាពប្រឆាំង អំពើពុករលួយឃាត់ខ្លួន កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦ តាមចម្លើយដែលអះអាងនៅក្នុងលិខិតចំហររបស់កញ្ញា ខុម ចាន់តារ៉ាទី ហៅ ស្រីមុំ។ ក្នុងលិខិតស្រីមុំ បានចោទលោក ស៊ាង ចែត ថាបានយកលុយ៥០០ដុល្លារទៅឱ្យម្តាយរបស់នាង ដើម្បីឱ្យគាត់ជួយប្រាប់រូបនាង កុំឱ្យនិយាយការពិត ប្រាប់សមត្ថកិច្ចអំពីទំនាក់ទំនង រវាងនាង និងលោក កឹម សុខា ដែលសមត្ថកិច្ចសង្ស័យថា ជារឿងសញ្ចារកម្ម។

កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៦ថ្មីៗនេះ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោស លោក ស៊ាង ចែត ដាក់ពន្ធនាគាររយៈពេល៥ឆ្នាំ ពីបទសូកប៉ាន់សាក្សី តាមមាត្រា៥៤៨នៃក្រមព្រហ្មទណ្ឌ៕