(ភ្នំពេញ)៖ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦នេះ ក្រសួងបរិស្ថាន បានដាក់ឱ្យដំណើរការបណ្ណាល័យអេឡិចត្រូនិចមួយ ដើម្បីឱ្យ សិស្ស-និស្សិត និងសាធារណជន ស្វែងយល់អំពីចំណេះដឹងពាក់ព័ន្ធនឹងបរិស្ថាន។
បណ្តាល័យអេឡេចត្រូនិកនេះ គេអាចចូលអានតាមតាមគេហទំព័រ www.moe.gov.kh និងបណ្ណាល័យអេឡិចត្រូនិច e-library.moe.gov.kh ដើម្បីចូលរួមលើកកម្ពស់បរិស្ថាន និងកាត់បន្ថយការ ចំណាយពេលវេលា ក៏ដូចជាថវិកា ជូនដល់សិស្សានុសិស្សទាំងឡាយណា ដែលត្រូវការព័ត៌មាន និងការស្រាវជ្រាវការសិក្សាពីបញ្ហាបរិស្ថានដោយបើកជំហរជាសារធារណៈចូលទាក់យកអានបានដោយសេរី ។
ការដាក់ដំណើរការបណ្ណាល័យប្រព័ន្ធអេឡិចត្រូនិច ធ្វើឡើងនៅក្នុងកិច្ចប្រជុំ ដើម្បីផ្សព្វផ្សាយអំពីប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់ក្រសួងបរិស្ថាន នាព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០០៦នេះ ក្រោមអធិបតីភាពលោក អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងមានការចូលរួមពីមន្រ្តីពាក់ព័ន្ធ របស់ក្រសួងជាច្រើនរូបទៀតផងដែរ។
លោក អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានឲ្យដឹងថា ក្រសួងបរិស្ថាន បានបង្កើតបណ្ណាល័យប្រព័ន្ធអេឡិចត្រូនិច ដោយដើមឡើយមានបណ្ណាល័យ ប៉ុន្តែបណ្ណាល័យរបស់យើង គឺយើងត្រូវទៅអគារ រឺក៏ទៅអានសៀវភៅនៅបណ្ណាគារ ដូច្នោះហើយ ក្រសួងបរិស្ថានចាំពីថ្ងៃនេះតទៅ គឺបានបើកបណ្ណាល័យ មួយក្នុងគេហទំព័ររបស់យើង រាល់សៀវភៅទាំងឡាយណា ដែលពាក់ព័ន្ធទៅនិងបរិស្ថាន គឺតំកើលទុកនៅក្នុងបណ្ណាល័យអេឡិចត្រូនិចរបស់ក្រសួងបរិស្ថាន ។
លោក អ៊ាង សុផល្លែត បានបន្ថែមទៀតថា នៅក្នុងបណ្ណាល័យនេះ មិនមានការដាក់ Password នោះទេ គឺបើកជំហរឲ្យសារធារណជនអាចចូលទាក់យកអាន រាល់ព័ត៌មានទាំងឡាយណាដែលពាក់ព័ន្ធនិងបរិស្ថានដែលអាចទទួលយកនៅចំណេះដឹង និងទទួលយកឯកសារទាំងអស់នេះ ដើម្បីធ្វើការស្រាវជ្រាវ សំរាប់បងប្អូន សិស្សានុសិស្សទាំងឡាយ ដែលត្រូវការព័ត៌មាន និងត្រូវការការស្រាវជ្រាវ ការសិក្សាពីបញ្ហាបរិស្ថាន ៕