(ភ្នំពេញ)៖ បន្ទាប់ពីមានការរិះគន់យ៉ាងខ្លាំង ពីមហាជនតាមបណ្ដាញសង្គម Facebook ក៏ដូចជា ប្រជាពលរដ្ឋមូលដ្ឋាន នៅទីបំផុតអាជ្ញាធរខណ្ឌដូនពេញ បានសម្រេចឲ្យវាយកម្ទេចចោលរបងថ្ម ប្រវែងជិត៥ម៉ែត្រ និងកម្ពស់ជិត២ម៉ែត្រ ដែលម្ចាស់ផ្ទះត្រូវបានគេប្រាប់ថា ជាមន្ដ្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃនោះ បានសង់រំលោភចំណីផ្លូវសាធារណៈ ស្ថិតនៅផ្ទះលេខ៣៧ ផ្លូវលេខ៧៥ ភូមិ៨ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
រយៈពេលប៉ុន្មានថ្ងៃនេះ មានការរិះគន់យ៉ាងខ្លាំង បន្ទាប់ពីនាយករងរដ្ឋបាលសាលាខណ្ឌដូនពេញ លោក ចាន់ បណ្ឌិត បាននិយាយថា របងថ្មដ៏រឹងមាំជិត៥ម៉ែត្រនេះ ត្រូវបានអាជ្ញាធរឲ្យម្ចាស់ផ្ទះវាយប្រមាណជាង២ម៉ែត្រ ពីផ្លូវទៅបង្គោលភ្លើង ហើយនៅសល់អាចទុកបាន ព្រោះយល់ថា ម្ចាស់ផ្ទះជាថ្នាក់ដឹកនាំ ដូច្នេះក្នុងនាមជាមន្ដ្រីរាជការដូចគ្នា ក៏យោគយល់ទៅ។
ការថ្លែងរបស់នាយករងរដ្ឋបាល សាលាខណ្ឌដូនពេញ ដែលនឹងត្រូវតែងតាំងជានាយករដ្ឋបាល នៅពេលខាងមុខដ៏ខ្លីនេះ បានធ្វើឲ្យថ្នាក់ដឹកនាំជាន់ខ្ពស់មួយចំនួន បញ្ចេញប្រតិកម្មយ៉ាងខ្លាំង និងមិនពេញចិត្តចំពោះការលើកឡើងដូច្នេះ ទើបបញ្ជាឲ្យអាជ្ញាធរត្រូវចុះទៅវាយកម្ទេចចោល របងថ្ម ដែលសង់រំលោភចំណីផ្លូវសាធារណៈខាងលើនេះ ជាដាច់ខាត។
ភ្នាក់ងារ Fresh News ប្រចាំខណ្ឌដូនពេញ លោក គឹម ចន្ថា បានរាយការណ៍ថា នៅរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦នេះ អាជ្ញាធរខណ្ឌដូនពេញ បានចុះទៅឲ្យម្ចាស់ផ្ទះវាយកម្ទេចដោយខ្លួនឯង ទាំងជិត៥ម៉ែត្រតែម្ដង។
ប្រជាពលរដ្ឋរស់នៅក្បែរផ្ទះមួយនេះ បានសម្ដែងការសាទរ និងពេញចិត្តយ៉ាងខ្លាំងចំពោះចំណាត់ការ របស់អាជ្ញាធរដែលអនុវត្តតាមច្បាប់ បើទោះបីជាថ្នាក់ដឹកនាំយ៉ាងណាក៏ដោយនោះ។
សូមបញ្ជាក់ថា សម្រាប់ខណ្ឌដូនពេញ ត្រូវបានថ្នាក់ដឹកនាំសម្រេចផ្លាស់ប្ដូរអភិបាលខណ្ឌ ដោយលោក គួច ចំរើន ត្រូវតែងតាំងជាអគ្គនាយករង នៃអគ្គនាយកដ្ឋានក្រសួងមហាផ្ទៃ ជំនួសដោយលោក សុខ ពេញវុធ ដែលជាអភិបាលរងឡើងជំនួសវិញ។ ពិធីប្រកាសផ្លាស់ប្ដូរអភិបាលខណ្ឌដូនពេញថ្មី នឹងធ្វើឡើងនៅវេលាម៉ោង៨ព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦ ខាងមុខនេះ៕