(ព្រះសីហនុ)៖ លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ មានសុទិដ្ឋិនិយមថា ព្រឹត្តិការណ៍បុណ្យសមុទ្រលើកនេះ នឹងមានភ្ញៀវទេសចរជាតិ-អន្ដរជាតិ ចូលរួមយ៉ាងច្រើនកុះករ។
ការលើកឡើងបែបនេះ ត្រូវបានធ្វើឡើង នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦នេះ ដឹកនាំប្រជុំត្រួតពិនិត្យការងាររៀបចំបុណ្យសមុទ្រ ក្រោយពីលោករដ្ឋមន្ដ្រី បានដឺកនាំប្រជុំក្រុមការងារអចិន្ត្រៃយ៍ ដើម្បីដោះស្រាយ ជំរុញ និងតាមដានការអភិវឌ្ឍន៍លើកោះរ៉ុង និង ការជួបប្រជុំប្រចាំត្រីមាស ជាមួយផ្នែកឯកជនជាប្រតិបត្តិករទេសចរណ៍ នៅក្រុងព្រះសីហនុ នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦ម្សិលមិញនេះ។
លោករដ្ឋមន្ដ្រី ថោង ខុន បានបញ្ជាក់ថា មកដល់ថ្ងៃនេះការងារត្រៀមរៀបចំបុណ្យសមុទ្រសម្រេចបាន ៩០ភាគរយហើយ នៅសេសសល់ការងារ តិចតួចកំពុងជំរុញបង្ហើយ ហើយលោករដ្ឋមន្ដ្រី មានសុទិដ្ឋិនិយមថា «ព្រឹតិ្តការណ៍បុណ្យសមុទ្រលើកនេះ នឹងមានភ្ញៀទទេសចរជាតិ និងអន្តរជាតិ ចូលរួមទស្សនាយ៉ាងច្រើន»។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឲ្យដឹងថា នៅក្នុងព្រឺត្តិការណ៍៣ថ្ងៃ នៃពិធីបុណ្យដែលនឹងចាប់ពីថ្ងៃទី២៣-២៤-២៥ ខែធ្នូ ខាងមុខនេះ នឹងមានការសម្ដែងទស្សនីយភាព សិល្បៈចម្រុះ របាំ ល្ខោននិយាយ យីកេ បទចំរៀង ពិពណ៌ពណិជ្ជកម្ម ម្ហូបអាហារ សកម្មភាពកីឡាលើទឹក លើគោក លើឆ្នេរ ខ្សាច់។ល។ នៅតាមឆ្នេរខ្សាច់សំខាន់ៗផងដែរ ព្រមទាំងមានការចូលរួមរបស់សិល្បៈប្រទេសជាមិត្ត ដូចជា វៀតណាម ថៃ ចិន ឥណ្ឌា ឥណ្ឌូណេស៊ី។ ជាងនេះទៅទៀត ព្រឹត្តិការណ៍ដ៏ធំនេះ នឹងមានការអញ្ជើញជាអធិបតីភាព របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្តេចកត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
លោក ថោង ខុន បានគូសបញ្ជាក់ថា ពិធីបុណ្យសមុទ្រប្រារព្ធធ្វើឡើង ដើម្បីលើកកម្ពស់ ការផ្សព្វផ្សាយគោលដៅទេសចរណ៍សមុទ្រ ពិសេស ជាកលានុវត្តភាពសម្រាប់ការ អភិវឌ្ឍន៍ ប្រកបដោយនិរន្តរភាព នៃតំបន់ឆ្នេរសមុទ្រផងដែរ៕