(ព្រះវិហារ)៖ ករណីមន្ដ្រីរដ្ឋបាលព្រៃឈើរវៀង ខេត្តព្រះវិហារ ចាប់ការដឹកជញ្ជូនឈើសម្រាប់ធ្វើផ្ទះមួយរថយន្ដ កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦កន្លងទៅ ដោយចោទថា ការដឹកជញ្ជូនគ្មានលិខិតអនុញ្ញាត រួចបញ្ជូនសំណុំរឿង ទៅកាន់តុលាការខេត្តនោះ រហូតមកដល់ពេលនេះ ម្ចាស់ឈើនៅតែទទួលរងភាពអយុត្តិធម៌នៅឡើយ ពោលឈើជជុះប្រមាណជា១០ម៉ែត្រគូប មិនត្រូវបានតុលាការ សម្រេចប្រគល់ឲ្យប្រជាពលរដ្ឋជាម្ចាស់ឈើនៅឡើយទេ។
លោក ស៊ុន ផៃ អាយុ៥២ឆ្នាំ រស់នៅភូមិត្រពាំងក្ដុល ឃុំត្រពាំងសាលាខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត បានទៅទិញផ្ទះអ្នកស្រុក ដែលរស់នៅ ភូមិធម្មជាតិសម្ដេចតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ ដើម្បីយកទៅធ្វើផ្ទះនៅឯស្រុកកំណើតរបស់ខ្លូន កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ ដោយដឹកជញ្ជូនតាមរថយន្ដម៉ាក Hino ពណ៌ខៀវ ពាក់ស្លាកលេខ តាកែវ: 3A-1336 ប៉ុន្ដែពេលដឹកជញ្ជូននោះ ត្រូវបានមន្ដ្រីរដ្ឋបាលព្រៃឈើរវៀងមួយក្រុម ចាប់ឃាត់ទុកនៅទីស្នាក់ការ ដោយចោទប្រកាន់ពីបទ ដឹកជញ្ជូនទិន្នផលព្រៃឈើ គ្មានលិខិតអនុញ្ញាត រួចបានកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ។
ប៉ុន្ដែលោក ស៊ុន ផៃ បានបង្ហាញលិខិតយ៉ាងច្បាស់ក្រឡែត ពីការអនុញ្ញាតិចំពោះការដឹកជញ្ជូនឈើ រុះរើផ្ទះចាស់ដោយមានមេភូមិធម្មជាតិសម្ដេចតេជោ លោក ខ្លូត ប៊ុនឡេង និងលោកមេឃុំ ស្ដីទីស្រអែម បានចេញលិខិតជូនយ៉ាងត្រឹមត្រូវ។
លោក ស៊ុន ផៃ បានអះអាងថា ឈើរបស់លោក សម្រាប់ធ្វើផ្ទះនេះមិនទាន់ត្រូវបាន ប្រគល់មកវិញនៅឡើយទេ ដូច្នេះលោកសូមអំពាវនាវ ដល់ថ្នាក់ដឹកនាំ និងមន្ដ្រីពាក់ព័ន្ធជួយអន្ដរាគមន៍ករណីនេះផង ពីព្រោះមានលិខិតត្រឹមត្រូវ ហើយជាប្រភេទឈើ រុះរើផ្ទះ ហេតុអីបានខាងមេព្រៃ ចាប់យ៉ាងដូច្នោះទៅវិញ។
លោកបានឲ្យដឹងថា នៅពេលដែលមន្ដ្រីរដ្ឋបាលព្រៃឈើ ចាប់ឈើរបស់លោកនោះ ពួកគេបានទារ២លានរៀល តែគាត់ប្រាប់ទៅវិញថា ឈើនេះមានច្បាប់ទិញលក់ពីអាជ្ញាធរមូលដ្ឋានយ៉ាងត្រឹមត្រូវ ហេតុអ្វីត្រូវបង់លុយឲ្យទៀតនោះ។
ទង្វើររបស់មន្រ្តីរដ្ឋបាលព្រៃឈើខាងលើនេះ ត្រូវបានប្រជាពលរដ្ឋមួយចំនួន និយាយថា ពូកែតែបង្រ្កាប និងចាប់ឈើកែច្នៃចាស់ៗ ដែលរុះរើផ្ទះ និងពលរដ្ឋដឹកជញ្ជូនតូចៗ តែការដឹកជញ្ជូនធំៗហាក់បង្ក្រាបមិនបាននោះទេ។
តាមប្រភព័ត៌មានបានឲ្យដឹងថា នាអំឡុងចាប់ឈើនោះ មន្រ្តីរដ្ឋបាលព្រៃឈើ មានបំណងចង់ដោះលែងឈើខាងលើ និងរថយន្តឲ្យម្ចាស់វិញ ដែរតែឮសូរថា ពួកគេខឹងសម្បារ និងកាសែត ទូរទស្សន៍ចុះផ្សាយ ពីការអនុវត្តការងារខុសនីតិវិធី ទើបពួកគេខឹងហើយបោះពាក្យសំដីដាក់ម្ចាស់ឈើវិញថា ចាប់ទុកឲ្យពុកចោលទាំងឈើទាំងឡានឲ្យរៀងកុំឲ្យអាងពួកកាសែតពេក។
ជុំវិញបញ្ហាខាងលើនេះម្ចាស់ឈើ និងម្ចាស់រថយន្តសង្ឃឹមថា តុលាការខេត្តព្រះវិហារនឹងដោះស្រាយកាត់ក្តី ប្រគល់រថយន្ត និងឈើជូនគាត់វិញឆាប់ៗនេះ ជាក់ជាមិនខានឡើយ។
ម៉្យាងទៀត ប្រជាពលរដ្ឋរងគ្រោះខាងលើ ក៏សូមអំពាវនាវដល់លោករដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជួយពិនិត្យមើលទង្វើក្រុមមន្រ្តីទាំងនេះផង ពីព្រោះជាទង្វើមួយដ៏អយុត្តិធម៌ណាស់។
មន្រ្តីសាលាដំបូងខេត្តព្រះវិហារម្នាក់ បានលួចបង្ហើបថា តាមពិតករណីនេះ ម្ចាស់ឈើពិតជាមានលិខិតត្រឹមត្រូវយ៉ាងពិតប្រាកដ មិនខុសទេ៕