(ភ្នំពេញ)៖ ដោយបានការអនុញ្ញាត ពីនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦ លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាន នគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងសហការី បានទទួលជួបលោក Ko Yun Youn ប្រធាននាយកដ្ឋាន នគរបាលចរចរណ៍ នៃទីភ្នាក់ងារនគរបាលជាតិកូរ៉េ និងលោក Na Hongkyu មន្រ្តីពង្រឹងផ្នែកច្បាប់ ប្រចាំស្ថានទូតកូរ៉េខាងត្បូង ដើម្បីផ្លាស់ប្តូរបទសោធន៍គ្នាទៅវិញទៅមក អំពីការងារគ្រប់គ្រងចរាចរណ៍ផ្លូវគោក រវាងប្រទេសទាំងពីរ។
លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា បានបញ្ជាក់ថា នេះជាលើកទី១ហើយ ដែលនគរបាលចរាចរណ៍កម្ពុជា ជួបជាមួយប្រធាននគរបាលចរាចរណ៍ នៃសាធារណរដ្ឋកូរ៉េ បន្ទាប់ពីកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំនគរបាលចរាចរណ៍ ក្នុងតំបន់អាស៊ាន នៅប្រទេសវៀតណាម។
លោកឧត្តមសេនីយ៍ឯក បានថ្លែងទៀតថា ជំនួបនេះ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ រវាងនគរបាលចរាចរណ៍កម្ពុជា និងនគរបាលចរាចរណ៍កូរ៉េ ក្នុងនោះ លោកឧត្តមសេនីយ៍ឯក បានស្នើសុំឲ្យមានដំណើរទស្សនកិច្ច សិក្សានៅប្រទេសកូរ៉េ ការបណ្តុះបណ្តាលរយៈពេលវែង រយៈពេលខ្លី និងការបំពាក់ឧបករណ៍ សម្ភារ ព្រមទាំងមធ្យោបាយដល់មន្រ្តីនគរបាលចរាចរណ៍កម្ពុជា ឲ្យមានសមត្ថភាព ក្នុងការគ្រប់គ្រងចរាចរណ៍។
ឧត្តមសេនីយ៍ បញ្ជាក់ថាទៀត បច្ចុប្បន្នបន្ទាប់ពីបានអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី យើងបានពិនិត្យឃើញថា ប្រជាពលរដ្ឋនៅទូទាំងប្រទេស មានការយល់ដឹង និងគោរពច្បាប់ ធ្វើឲ្យគ្រោះថ្នាក់ចរាចរណ៍ មានការថយចុះគួរឲ្យកត់សម្គាល់ បើធៀបទៅនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៥។
ជាការឆ្លើយតប លោក Ko Yun Youn ប្រធាននាយកដ្ឋាននគរបាលចរចរណ៍ នៃទីភ្នាក់ងារនគរបាលជាតិកូរ៉េ បានសន្យានឹងពាំនាំយកនូវរាល់សំណើរ របស់នគរបាលកម្ពុជា ទៅរាយការណ៍ជូនថ្នាក់ដឹកនាំ ដើម្បីឲ្យមានទស្សនកិច្ចសិក្សា ហើយសហការគ្នាបានល្អទៅវិញទៅមក៕