(ភ្នំពេញ)៖ លោក មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងថា ប្រទេសទាំង៣រួមមានប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម បានឯកភាពគ្នាក្នុងគោដៅសំខាន់ៗ៥យ៉ាង ដើម្បីកាត់បន្ថយការប្រើប្រាស់គ្រឿងញៀន។
ការថ្លែងបែបនេះ ធ្វើឡើងនាព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦ ក្រោយកិច្ចប្រជុំបញ្ចប់ត្រីភាគី-ទ្វេភាគី ថ្នាក់រដ្ឋមន្រ្តីលើកទី១៦ ស្ដីពី «កិច្ចសហប្រតិបត្តិការ ត្រួតពិនិត្យគ្រឿងញៀន» ដោយមានការចូលរួម ពីសំណាក់មន្ដ្រីពាក់ព័ន្ធជាច្រើនរូបទៀតផង។
លោក មាស វិរិទ្ធ បានថ្លែងឲ្យដឹងថា បច្ចុប្បន្នការរីករាលដាល នៃគ្រឿងញៀននៅលើពិភពលោក បានជះឥទ្ធិពលយ៉ាងច្រើន ដល់ប្រទេសនីមួយៗ ក្នុងចំណោមប្រទេសទាំងបី។
លោកបន្តថា ការគំរាមកំហែងនៃគ្រឿងញៀន បានធ្វើឲ្យប្រទេសនីមួយៗ ដាក់ចេញនូវវិធានការរៀងៗខ្លួន ជាមួយគ្នានោះដែរ កិច្ចប្រជុំត្រីភាគី-ទ្វេភាគី បានឯកភាពគ្នា លើគោលដៅសំខាន់ៗ៥យ៉ាង រួមមាន៖
ទី១៖ លើកកម្ពស់ប្រជាពលរដ្ឋ នៅតាមព្រំដែនឲ្យយល់ដឹង ពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន។
ទី២៖ លើកកម្ពស់ដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមព្រំដែនទាំង៣ ឲ្យយល់ដឹងពីច្បាស់ពាក់ព័ន្ធទៅនឹង ការត្រួតពិនិត្យគ្រឿងញៀន និងរៀបចំគោលការណ៍ភូមិឃុំគ្មានគ្រឿងញៀន នៅតាមបណ្ដោយព្រំដែន។
ទី៣៖ ការពង្រឹងនៃកិច្ចសហប្រតិបត្តិការ ត្រួតពិនិត្យគ្រឿងញៀន រវាងសមត្ថកិច្ចអនុវត្តន៍ច្បាប់នៃប្រទេសទាំង៣។
ទី៤៖ ការចែករំលែកនៅព័ត៌មានទៅវិញទៅមក ឲ្យបានទាន់សភាពការណ៍ ដើម្បីឈានទៅបង្ក្រាបមុខសញ្ញា និងការតាមចាប់ខ្លួនមុខសញ្ញា ដែលនៅសេសសល់។
ទី៥៖ ឯកភាពគ្នាពង្រឹង និងពង្រីក ក្នុងការដំឡើងការិយាល័យត្រួតពិនិត្រ គ្រឿងញៀននៅតាមព្រំដែន ការបណ្ដុះបណ្ដាលពង្រឹងសម្ថភាព មន្ដ្រីអនុវត្តន៍ច្បាប់ទាំងអស់ និងការផ្លាស់ប្ដូរទស្សនៈកិច្ច រវាងថ្នាក់ដឹកនាំប្រទេសនីមួយៗ។
លោកបានថ្លែងបន្ដទៀតថា បញ្ហាប្រឈមដែលធ្វើឲ្យ មានការពិបាកក្នុងការដោះស្រាយ បញ្ហាគ្រឿងញៀននេះ គឺយឺតយ៉ាវការផ្លាស់ប្ដូរព័ត៌មានឲ្យគ្នាទៅវិញទៅមក ព្រោះការផ្លាស់ប្ដូរព័ត៌មានឲ្យគ្នាហាក់ដូចជា មិនទាន់សភាពការណ៍។ ពាក់ព័ន្ធទៅនឹងមន្ដ្រីដែលត្រូវធ្វើការទំនាក់ទំនង គឺការប្រើប្រាស់ភាសានៅមានកម្រិតនេះ ជាហេតុផលមួយដែល ធ្វើឲ្យការផ្លាស់ប្ដូរព័ត៌មានទៅគ្នា មានការយឺតយ៉ាវ មិនទាន់សភាពការណ៍។ ម្យ៉ាងវិញទៀត គឺមានការខ្វះខាត់ច្រើន នូវការប្រើប្រាស់ឧបករណ៍មួយចំនួន ដែលអាចបម្រើឲ្យសភាពការណ៍ នៃការបង្ក្រាបជនល្មើស។ ការខ្វះខាតសកម្មភាព ការផ្សព្វផ្សាយអប់រំ មិនទាន់មានភាពរឹងមាំ ដើម្បីពិនិត្យលទ្ធភាព ដើម្បីធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋយល់ដឹងពី គ្រោះថ្នាក់នៃគ្រឿងញៀន។
លោកបានបញ្ជាក់ទៀតថា ក្នុងកិច្ចប្រជុំនេះ ភាគីវៀតណាមបានជួយដល់កម្ពុជា ក្នុងការជួយបណ្ដុះបណ្ដាល មន្ដ្រីសមត្ថភាព មន្ដ្រីអនុវត្តន៍ច្បាប់ ក្នុងការផ្ដល់សេវាព្យាបាល នីតិសម្បទាអ្នកញៀនគ្រឿងញៀន ហើយក៏ជួយការបណ្ដុះបណ្ដាល ដល់អ្នកជំនាញ និងបច្ចេកទេសទាក់ទងនឹង ការងារព្យាលបាលនីតិសម្បទា ចំនួន៤០នាក់។ ដោយឡែកការបណ្ដុះបណ្ដាល លើកកម្ពស់សមត្ថភាពមន្ដ្រីអនុវត្តន៍ច្បាប់ ភាគីវៀតណាមបានឯកភាព ជួយបណ្ដុះបណ្ដាល ដល់ភាគីកម្ពុជាសម្រាប់ឆ្នាំ២០១៧ចំនួន៨០នាក់៕