(កំពត)៖ ក្រោយពីមានជនខិលខូចមួយចំនួន ញុះញង់ឲ្យប្រជាពលរដ្ឋក្រីក្រ តាមបណ្តាខេត្តជិតឆ្ងាយជិត២០០នាក់ ចូលទៅកាប់បំផ្លាញព្រៃឈើ រានទន្ទ្រានយកដីធ្វើជាកម្មសិទ្ធិ ក្នុងដែនតំបន់អភិរក្សធនធានធម្មជាតិជីវៈចម្រុះ នៃឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» ស្ថិតក្នុងឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត រួចមក។
ជាក់ស្ដែងនៅព្រឹក ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦នេះ មានកម្លាំងសហការគ្នារវាងកម្លាំង បរិស្ថានកម្លាំងកងទ័ព នៃសាលាហ្វឹកហ្វឺនទ័ពជើងគោក «ពេជ្រនិល», កម្លាំងនគរបាល, កម្លាំងអាវុធហត្ថ និងអាជ្ញាធរពាក់ព័ន្ធថ្នាក់ភូមិ ឃុំ សរុបប្រមាណ៤០នាក់ ដែលដឹកនាំផ្ទាល់ពី លោក ស៊ុយ ធា ប្រធានមន្ទីរបរិស្ថានខេត្តកំពត បើកប្រតិបត្តិការបង្ក្រាប លើបណ្តាជនកាប់បំផ្លាញព្រៃឈើ ក្នុងតំបន់ហាមឃាត់ខាងលើ។
ការយុទ្ធនានេះធ្វើឡើងដោយអនុវត្តទៅតាម សេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តកំពត ចុះថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៦ ដែលតម្រូវឲ្យប្រជាពលរដ្ឋទាំងអស់ ដែលមានបំណងចូលកាប់រានដីព្រៃ ក្នុងតំបន់ឧទ្យានជាតិព្រះមុនីវង្សបូកគោ ត្រូវបញ្ឈប់សកម្មភាពរបស់ខ្លួន និងចាកចេញពីតំបន់នេះ ជាបន្ទាន់ដោយគ្មានលក្ខខណ្ខ។ ប្រសិនបើប្រជាពលរដ្ឋទាំងអស់ មិនចាកចេញពីតំបន់នោះទេ គឺមានន័យថា បងប្អូនកំពុងប្រឆាំងនឹងច្បាប់ ស្តីពីតំបន់ការពារធម្មជាតិ និងចរាចរណែនាំ របស់រាជរដ្ឋាភិបាល។ ដូច្នេះរដ្ឋបាលខេត្តកំពត នឹងចាត់វិធានការតាមផ្លូវច្បាប់ ដើម្បីទប់ស្កាត់សកម្មភាពរំលោភច្បាប់ ទាំងនេះឲ្យខានតែបាន។
លោក ស៊ុយ ធា ប្រធានមន្ទីរបរិស្ថានខេត្ត បានឲ្យដឹងថា លោក បាននឹងកំពុងដឹកនាំកម្លាំងសហការខាងលើ ចូលពង្រាយកម្លាំង និងដើរល្បាត ក្នុងព្រៃតំបន់ហាមឃាត់ខាងលើ ដើម្បីបើជួបប្រជាពលរដ្ឋដែលចូលកាប់ព្រៃ ត្រូវពន្យល់ និងណែនាំដល់ពួកគាត់ ឲ្យយល់ច្បាស់ និងកោះហៅពួកគាត់ ឲ្យវិលត្រឡប់ទៅផ្ទះឯស្រុកកំណើតវិញ។
បើតាមលោក ស៊ុយ ធា កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦ កម្លាំងបានឡើងភ្នំ និងបានអប់រំ ដេញចុះទាំងអស់ ទាំងថ្ងៃ ទាំងយប់ ប្រមាណជិត១០០នាក់ ហើយក្រៅពីនេះ នៅបន្តរត់ចូលពួនក្នុងព្រៃ ហើយកម្លាំងនឹងបន្តស្វែងរុករកមនុស្ស ដែលនៅសេសសល់ទៀត៕