(កោះកុង)៖ ក្រសួងមុខងារសាធារណៈ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦នេះ បានរៀបចំសិក្ខាសាលាស្តីពី «ការជំរុញនិងការតាមដានត្រួតពិនិត្យការអនុវត្តកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ២០១៥-២០១៨» ក្រោមអធិបតីភាពលោក ពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានប្រធានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈនិងលោក ផៃធូន ផ្លាមកេសន អភិបាលរងខេត្តកោះកុង និងមន្រ្តីក្រោមឱវាទគ្រប់ស្ថាប័នជាច្រើនរូប ដែលឡើងនៅសាលមហោស្រពខេត្តកោះកុង។
ក្នុងពិធីសិក្ខាសាលាលោក ពេជ្រ ប៊ុនធិន បានថ្លែងឲ្យដឹងថា សិក្ខាសាលាថ្ងៃនេះរៀបចំឡើងក្នុងគោលបំណង «ការជំរុញ និងការតាមដានត្រួតពិនិត្យការអនុវត្តកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ ២០១៥-២០១៨» ដោយសំខាន់ទៅលើ៖ ការតម្រង់ទិសសម្រាប់អនុវត្តបន្តពាក់ព័ន្ធទៅ និងផែនការសកម្មភាពរបស់កម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ២០១៥-២០១៨ ដែលនៅសេសសល់ លិខិតបទដ្ឋានគតិយុត្ត ដែលបានអនុម័ត និងដាក់ឲ្យអនុវត្តនាពេលកន្លងមក និងយន្តការនៃការតាមដានត្រួតពិនិត្យនិងវាយតម្លៃការអនុវត្តកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ២០១៥-២០១៨។
លោករដ្ឋមន្រ្តីបានបន្តថា សិក្ខាសាលាពេលនេះ គឺជាព្រឹត្តិការណ៍ដ៏ល្អមួយសម្រាប់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់តំណាងថ្នាក់ក្រោមជាតិដែលមាន វត្តមាននៅថ្ងៃនេះ ដើម្បីទទួលបាននូវពុទ្ធិឧត្តមានុវត្តនិងនវានុត្តន៍សម្រាប់ជាជនួយដល់ការរៀបចំសកម្មភាពការងារការងារកែទម្រង់សាធារណៈក្នុងដែនសមត្ថកិច្ចរៀងៗខ្លួន និងចូលរួមបន្តអនុវត្តសកម្មភាពការងារកែទម្រង់រដ្ឋបាលសាធារណៈ ២០១៥-២០១៨ ដោយប្រកាន់ភ្ជាប់នូវអភិក្រមបុរេកម្មភាពសកម្មនិងគណនេយ្យភាពចំពោះការងារកែទម្រង់ឲ្យបានកាន់តែល្អប្រសើរសំដៅឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ និងស្របទៅតាមការអភិវឌ្ឍនៅក្នុងតំបន់និងពិភពលោក។
ហើយបន្ទាប់ពីសិក្ខាសាលានេះ ទៅក្រសួងមុខងារសាធារណៈនិងគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ នឹងរៀបចំវគ្គបណ្តុះបណ្តាលដល់ក្រុមការងារកែទម្រង់សាធារណៈនៅតាមក្រសួងស្ថាប័ន ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិនិងធ្វើការប្រមូលទិន្នន័យ ស្តីពីការអនុវត្តកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ តាមរយៈទម្រង់របាយការណ៏ដែលបានកំណត់ក្នុងឯកសារគោលការណែនាំ ស្តីពីការតាមដានត្រួតពិនិត្យនិងវាយតម្លៃការអនុវត្តកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ ២០១៥-២០១៨ ៕