(ភ្នំពេញ)៖ ប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌដង្កោ បានសម្ដែងនូវការអបអរសាទ និងថ្លែងអំណរគុណចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ចំពោះការយកចិត្តទុកដាក់ក្នុងការស្ថាបនាផ្លូវទំនប់៧មករា ដើម្បីសម្រួលដល់ការធ្វើដំណើរ ប្រកបរបរចិញ្ចឹមជីវិតរបស់ពួកគាត់។
ការលើកឡើងបែបនេះរបស់ប្រជាពលរដ្ឋត្រូវបានធ្វើឡើង នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦នេះ ក្នុងឱកាស លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ រួមជាមួយអភិបាលរង មន្ត្រីរាជការ ខណ្ឌ សង្កាត់ បានចុះពិនិត្យការស្ថាបនាផ្លូវទំនប់៧មករា ក្នុងភូមិព្រែកថ្លឹង សង្កាត់ជើងឯក និងភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ដោយស្ថាបនាជាផ្លូវបេតុងសសៃដែក ប្រវែងប្រមាណ២,០០០ម៉ែត្រ ទទឹង៨ម៉ែត្រ កំរាស់០.២ម៉ែត្រ ដោយអនុវត្តតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ជាក់ស្ដែង នៅព្រឹកមិញនេះ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានដាក់គ្រឿងចក្រមកស្ថាបនាផ្លូវទំនប់៧មករា ជូនបងប្អូនប្រជាពលរដ្ឋផងដែរ។
លោក នុត ពុធដារ៉ា បានធ្វើការលើកឡើង អំពីការយកចិត្តទុកដាក់របស់សម្តេចតេជោ ហ៊ុន សែន ដែលជានិច្ចកាលសម្តេចតែងបានគិតគូពីការលំបាក របស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន ហើយសម្តេចតែងយកចិត្តទុកដាក់ដល់ការអភិវឌ្ឍមូលដ្ឋាន តាមរយៈការស្ថាបនាហេដ្ឋរចនាសម្ព័ន្ធ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យជាដើម។ តួយ៉ាងនៅថ្ងៃនេះ ផ្លូវបេតុងថ្មីមួយខ្សែ ប្រវែងប្រមាណ ២០០០ម៉ែត្រ បាននិងកំពុងដាក់គ្រឿងចក្រស្ថាបនា។
ជាមួយគ្នានោះដែរ លោកអភិបាលខណ្ឌ ក៏បានចុះសំណេះសំណាល និងសាកសួរសុខទុក្ខដល់កុមារតូចៗ ដែលរស់នៅក្នុងស្ថានីយ៍វិទ្យុ ABC ដែលស្ថិតក្នុងភូមិព្រែកថ្លឹង សង្កាត់ជើងឯកផងដែរ និងបាននាំយកនូវការ៉េម នំប៉័ង ដើម្បីញ៉ាំរួមគ្នាប្រកបដោយភាពរីករាយ និងស្និទ្ធស្នាលផងដែរ៕