(កំពង់ចាម)៖ អំណោយរបស់លោក ហ៊ុន ណេង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌល ខេត្តកំពង់ចាម ត្រូវបានលោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម និងជាប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជាចុះជួយឃុំអូរស្វាយ ស្រុកកំពង់សៀម នាំទៅប្រគល់ជូនប្រជាពលរដ្ឋ២៩ ក្នុងឃុំអូរស្វាយ ស្រុកកំពង់សៀម នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦នេះ។
លោកឧត្តមសេនីយ៍ត្រី សោ សាវឿន បានបញ្ជាក់ថា អំណោយដែលនាំទៅប្រគល់ជូនពលរដ្ឋ២៩គ្រួសារ នោះរួមមាន៖ គ្រួសារទើបសម្រាល កូនចំនួន១៦គ្រួសារ ក្នុងមួយគ្រួសារទទួលបាន សារុង១ ថវិកា១០០,០០០រៀល, ចាស់ជរាជួបការលំបាកចំនួន ១០គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ថវិកា៥០,០០០រៀល, គ្រួសារដែលមាន សមាជិកទើបទទួលមរណភាពចំនួន៣គ្រួសារ ក្នុងមួយគ្រួសារ ទទួលបានថវិកា២០០,០០០រៀល។
លោកឧត្តមសេនីយ៍ សោ សាវឿន បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងរំលែកទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងលោក ហ៊ុន ណេង ជូនដល់ប្រជាពលរដ្ឋទាំង២៩គ្រួសារផងដែរ។
បន្ទាប់ពីនោះ លោកប្រធានក្រុមការងារ ក៏បានជួបប្រជុំជាមួយ លោកមេឃុំ និងមេភូមិទាំង៧ ដើម្បីពិភាក្សា និងដោះស្រាយ បញ្ហាប្រឈមមួយចំនួនក្នុងមូលដ្ឋានបន្ថែមដែរ៕