(ភ្នំពេញ)៖ ពលករខ្មែរ២នាក់ ត្រូវបានស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំម៉ាឡេស៊ី និងឡាវ ជួយអន្តរាគមន៍មកកម្ពុជា ក្រោយពលករទាំងនោះ បានស្នើសុំឲ្យស្ថានទូតជួយអន្តរាគមន៍។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសកម្ពុជា បានចេញផ្សាយឲ្យដឹង នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦នេះ។
យោងតាមសេចក្តីប្រកាសព័ត៌មានដដែល បានឲ្យដឹងថា ករណីទី១ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានរៀបចំមាតុភូមិនិវត្តន៍ របស់ពលការិនីខ្មែរ ០១នាក់ ឈ្មោះ អ.ល អាយុ ២៣ឆ្នាំ មកពីខេត្តឧត្តរមានជ័យ បានទៅប្រទេសម៉ាឡេស៊ី តាំងពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៥ និងធ្វើការជាអ្នកបោសសំអាត។ ដោយធ្វើការលំបាកពលការិនីរូបនេះ បានទៅ ស្ថានទូតនៅថ្ងៃទី១៦ ខែ វិច្ឆិកា ឆ្នាំ២០១៦ ស្នើសុំជួយទាមទារប្រាក់ខែ ដែលនៅសេសសល់ពីនិយោជកនិងជួយឱ្យ បានត្រឡប់មកកម្ពុជាវិញ។ ដោយមានកិច្ចអន្តរាគមន៍ពីស្ថានទូត និយោជក បានយល់ព្រមប្រគល់ប្រាក់ខែ ដែលនៅ សេសសល់ និងលិខិតឆ្លងដែន ជូនពលការិនី អ.ល តាមសំណូមពររបស់ស្ថានទូត។
ពលការិនី អ.ល នឹងមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង០៩៖៥០ព្រឹក តាមជើងយន្តហោះ MH754 ។ អំឡុងពេលរង់ចាំត្រឡប់មកកម្ពុជាវិញ ស្ថានទូត បានផ្តល់កន្លែងស្នាក់នៅ និងអាហារបរិភោគ ដល់ពលការិនីរូបនេះផងដែរ។
ករណីទី២ ស្ថានឯកអគ្គកុងស៊ុលកម្ពុជាប្រចាំនៅទីក្រុងប៉ាក់សេ ប្រទេសឡាវ បានសម្របសម្រួលជាមួយអាជ្ញាធរឡាវ អន្តរាគមន៍ជួយដោះលែងពលរដ្ឋខ្មែរ០១នាក់ ឈ្មោះ ឯ.ប.ល ភេទប្រុស អាយុ ២៨ឆ្នាំ មកពីខេត្តព្រះវិហារ ដែលត្រូវបានអាជ្ញាធរឡាវឃុំខ្លួន នៅមន្ទីរឃុំឃាំងទីបញ្ជាការយោធាខេត្តចំប៉ាសាក់ កាលពីថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ពីបទឆ្លងដែនខុសច្បាប់ ប្រើប្រាស់លុយដុល្លារក្លែងក្លាយ និងចោរកម្ម ដើម្បីឱ្យបានវិលត្រឡប់មកកម្ពុជាវិញ។ ពលរដ្ឋខ្មែរខាងលើ បានវិលត្រឡប់មកដល់លំនៅឋានវិញហើយ កាលពីថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ៕