(ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំទ្វេ/ត្រីភាគីលើកទី១៦ រវាងកម្ពុជា ឡាវ និងវៀតណាម ស្ដីពីសហប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀន ភាគីទាំង៣ បានឯកភាពគ្នាដាក់ចេញផែនការមួយចំនួន ដើម្បីអនុវត្តលើការបង្រ្កាបបោសសម្អាត និងទប់ស្កាត់បទល្មើសគ្រឿងញៀនឆ្លងដែន ឲ្យមានប្រសិទ្ធភាពខ្ពស់ ឈានដល់ការសម្រេចបានលទ្ធផលជាប្រវត្តិសាស្រ្ត។
កិច្ចប្រជុំទ្វេភាគី និងកិច្ចប្រជុំត្រីភាគីរវាងប្រទេសទាំង៣ ខាងលើ ត្រូវបានប្រកាសបើកជាផ្លូវការដោយនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយរដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលរៀបចំឡើងចាប់ពីថ្ងៃទី០៥-០៨ ខែធ្នូ ឆ្នាំ២០១៦ នាសណ្ឋាគារសុខាភ្នំពេញ។
ដំណើរការពិភាក្សាក្នុងកិច្ចប្រជុំនេះ ខាងភាគីកម្ពុជា ត្រូវបានដឹកនាំដោយលោក កៅ ខុនដារ៉ា អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ភាគីវៀតណាម ដឹកនាំដោយលោក ឡេ គុយវឿង អនុរដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈ ចំណែកឯភាគីឡាវ ដឹកនាំដោយលោក គូ ចាន់ស៊ីណា ប្រធានគណៈកម្មាធិការជាតិត្រួតពិនិត្យគ្រឿងញៀន។
ក្នុងកិច្ចប្រជុំនោះ ភាគីទាំង៣ បានឯកភាពគ្នាចែករំលែកព័ត៌មាន និងប្រតិបត្តិការរួម ដើម្បីស៊ើបអង្កេតបទល្មើស និងចាប់ខ្លួនជនល្មើសពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន និងសារធាតុគីមីផ្សំ ដែលចរាចរឆ្លងកាត់តាមព្រំដែនប្រទេសទាំង៣។ ក្រៅពីនេះ កម្ពុជា-វៀតណាម-ឡាវ ក៏បានប្ដេជ្ញារួមគ្នាចាត់វិធានការស៊ើបអង្កេត និងបំផ្លាញមន្ទីរពេទ្យគ្រឿងញៀនសំយោគ ឲ្យបានខ្លាំងក្លាបំផុតផងដែរ។
ខាងក្រោមនេះ ជាសេចក្ដីប្រកាសផ្លូវការនៃកិច្ចប្រជុំទ្វេ/ត្រីភាគី ស្ដីពីកិច្ចប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀន៖