(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ក្នុងកិច្ចសហប្រតិបត្ដិការរួមគ្នា រវាងកម្ពុជា និងចិន គឺជាកូនសោរគឹន្លះមួយ យ៉ាងសំខាន់ ដើម្បីសម្រេចបានជោគជ័យ ទាំងទិសដៅជាយុទ្ធសាស្ដ្រជាតិ និងសាកល ក្នុងការធ្វើឲ្យប្រសើរឡើង នូវសុខភាពប្រជាជន យើង ពិសេសភាពជាដៃគូ កិច្ចសហប្រតិបត្ដិការ គ្រប់ជ្រុងជ្រោយកម្ពុជា-ចិន ។
លោករដ្ឋមន្ដ្រីថ្លែងបែបនេះ ក្នុងឱកាសពិធីដាក់ឲ្យដំណើរការ គម្រោងជំនួយកិច្ចសហប្រតិបត្ដិការ ស្ដីពី «បច្ចេកវិទ្យាសមស្របនៃជំងឺ កុមារនៅកម្ពុជា» រវាងសាធារណៈរដ្ឋប្រជាមានិតចិន និងកម្ពុជា នៅថ្ងៃទី០៧ ខែធ្នូនេះ ដែលប្រព្រឹត្ដទៅនៅមន្ទីរពេទ្យកុមារជាតិ ។
លោករដ្ឋមន្ដ្រីបន្ដថា «បន្ទាប់ពីចុះអនុស្សរណៈយោគយល់គ្នា លើផ្នែកបណ្ដុះបណ្ដាលបច្ចេកវិទ្យា ការអភិវឌ្ឍការផ្លាស់ប្ដូរការសិក្សា តេលេវេជ្ជសាស្ដ្រ និងស្រាវជ្រាវ រវាងមន្ទីរទេព្យហ៊ូណាន នៃសាធារណៈរដ្ឋប្រជាមានិតចិន និងមន្ទីរពេទ្យកុមារជាតិដោយជំរុញ លើការអភិវឌ្ឍសមត្ថភាព មន្ដ្រីសុខាភិបាល តាមមុខជំនាញ ដែលកំពុងបម្រើការងារ នៅមន្ទីរពេទ្យកុមារជាតិ កាលពីម្សិលមិញនេះ នៅថ្ងៃនេះ យើងក៏បានដាក់ឲ្យដំណើរការ គម្រោងជំនួយ កិច្ចសហប្រតិបត្ដិការ ពីបច្ចេកវិទ្យាសមស្រប នៃជំងឺកុមារនៅកម្ពុជា ដល់មន្ទីរពេទ្យកុមារជាតិផងដែរ»។
ឆ្លៀតក្នុងឱកាសនេះ លោករដ្ឋមន្ដ្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះរដ្ឋាភិបាលនៃសាធារណៈរដ្ឋប្រជាមានិតចិន និងប្រជាជនចិន ពិសេស ជូនចំពោះលោកស្រី Li Bin និងគណៈប្រតិភូអមដំណើរ ដែលបានចំណាយពេលវេលា ដ៏មានតម្លៃអញ្ជើញ មកបំពេញទស្សនកិច្ចផ្លូវការរយៈ៣ថ្ងៃ នៅកម្ពុជា ចាប់ពីថ្ងៃទី០៥-០៧ ដើម្បីរិតចំណងមិត្ដភាព សាមគ្គីភាព និងពង្រឹងកិច្ចសហប្រតិបត្ដិការ កម្ពុជា-ចិន លើវិស័យសុខាភិបាលនេះ ហើយក៏សូមអរគុណដល់ មន្ទីរពេទ្យកុមារ ហ៊ូ ណាន ដែលបានគាំទ្រទាំងបច្ចេកទេស និងថវិកា ដល់មន្ទីរពេទ្យកុមារជាតិ ដែលគម្រោងនេះ នឹងចូលរួមចំណែក ក្នុងការអនុវត្ដន៍ យុទ្ធសាស្ដ្រ កាត់បន្ថយអត្រាមរណៈភាពកុមារ និងទារកនៅកម្ពុជា។
ជាកិច្ចឆ្លើយតបនោះ លោកស្រី Li Bin ក៏បានថ្លែងថា «កិច្ចព្រមព្រៀង សហប្រតិបត្ដិការខាងសុខភាព និងកិច្ចព្រមព្រៀងខាងបច្ចេកទេស ចំពោះគម្រោងជាច្រើននេះ ហើយខ្ញុំជឿជាក់ថា ការចុះហត្ថលេខានេះ នឹងបើកទំព័រថ្មី នៅកិច្ចសហប្រតិបត្ដិការ ផ្នែកសុខាភិបាល រវាងប្រទេសទាំងពីរ ហើយនឹងអភិវឌ្ឍកាន់តែទូលំទូលាយ កាន់តែស៊ីជម្រៅ ពិសេសនឹងទទួលបានជោគជ័យជាថ្មី និងផ្ដល់ប្រយោជន៍ សុខមាលភាព ដល់ប្រជាជននៃប្រទេសទាំងពីរនេះ ពិសេសយើងនឹងបណ្ដុះបណ្ដាលផ្នែកបច្ចេកទេស ដល់មន្ទីរពេទ្យកុមារជាតិ រយៈពេល៣ឆ្នាំផងដែរ»។
គួរបញ្ជាក់ថា នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៦ ក្រសួងសុខាភិបាលកម្ពុជា-ចិន បានចុះអនុស្សរណៈយោគយល់គ្នា ពីកិច្ចសហប្រតិបត្ដិការ លើវិស័យសុខាភិបាល ដែលមានចំនួន៤ចំនុច រួមមាន ទី១- ការត្រួតពិនិត្យ នៃការរីករាលដាលនៃជំងឺឆ្លងផ្សេងៗ និងឱសថបុរាណជាដើម, ទី២-ផ្នែកគាំពារមាតា និងទារក រវាងកម្មការជាតិសុខាភិបាល, ៣-បណ្ដុះបណ្ដាលបច្ចេកវិទ្យា ការអភិវឌ្ឍ ការផ្លាស់ប្ដូរការសិក្សា តេលេវេជ្ជសាស្ដ្រ និងស្រាវជ្រាវ រវាងមន្ទីរទេព្យ ហ៊ូណាន នៃសាធារណៈរដ្ឋប្រជាមានិតចិន និងមន្ទីរពេទ្យកុមារជាតិ និងទី៤-ផ្នែកបណ្ដុះបណ្ដាល និងស្រាវជ្រាវ រវាងសាកលវិទ្យាល័យក្វាងស៊ី នៃសាធារណៈរដ្ឋ ប្រជាមានិតចិន និងសាកលវិទ្យាល័យ វិទ្យាសាស្ដ្រសុខាភិបាល ដោយផ្ដោតទៅលើ កិច្ចសហការផ្នែកទន្ដសាស្រ្ដ និងសកម្មភាពផ្សេងៗទៀត៕