(ភ្នំពេញ)៖ លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានជំរុញឲ្យអ្នកសារព័ត៌មានទាំងអស់នៅក្នុងស្រុក បង្កើនការផ្សព្វផ្សាយព័ត៌មានសេដ្ឋកិច្ច ឲ្យបានកាន់តែច្រើនជាងនេះ ព្រោះថាសេដ្ឋកិច្ចជាឆ្នាំងបាយរួមសម្រាប់ទាំងអស់គ្នា ខណៈដែលសព្វថ្ងៃនេះ ការផ្សព្វផ្សាយព័ត៌មានសេដ្ឋកិច្ច នៅមានកម្រិតមួយទាបនៅឡើយ។
ការជំរុញបែបនេះ ត្រូវបានធ្វើឡើង នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦នេះ ក្នុងវេទិកាសារព័ត៌មានមួយរបស់សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ក្រោមប្រធានបទ «ចំណុចគួរយល់ដឹងរបស់ អ្នកសារព័ត៌មានលើឱកាសសក្ដានុពល នៃវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ចកម្ពុជា»។ វេទិការនេះក៏មានការចូលរួមពី លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា និងលោក ឈាង វណ្ណរិទ្ធ ប្រធាននាយកដ្ឋានគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងសារពើពន្ធ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងអ្នកសារព័ត៌មាន ជាច្រើននាក់ផងដែរ។
លោកឧកញ៉ា លឹម ហេង បានលើកឡើងយ៉ាងដូច្នេះថា «បងប្អូនអ្នកសារព័ត៌មាន មិនទាន់ប្រមាញ់ព័ត៌មានផ្នែកសេដ្ឋកិច្ច ដែលភាគីច្រើនប្រមាញ់ទៅលើរឿង នយោបាយ និងរឿងអាស្រូវ តែចំពោះផ្នែកសេដ្ឋកិច្ចដែលជាឆ្នាំងបាយរួមរបស់យើង គឺបងប្អូនមិនទាន់ចាប់បានទេ»។ លោកអនុប្រធានសភាពាណិជ្ជកម្ម បានពន្យល់យ៉ាងថា «មូលហេតុដែលថា ព័ត៌មានសេដ្ឋកិច្ចជាឆ្នាំងបាយរួម ព្រោះថារាល់ការតាំងពិរណ៌ទាំងអស់ មិនថាតែក្នុង ឬក្រៅស្រុកនោះទេ គឺអ្នកពាណិជ្ជករគាត់ មករកដៃគូរដើម្បីវិនិយោគជាមួយយើង រកអ្នកចែកចាយបន្ដ ដូច្នេះឆ្នាំងបាយរួមនៅពេលដែលយើងផ្សព្វផ្សាយព័ត៌មាន គាត់នឹងដាក់ពាណិជ្ជកម្ម សម្រាប់អ្នកសារព័ត៌មានទាំងអស់»។
ជាការឆ្លើយតប លោក ហ៊ុយ វណ្ណៈ ក្នុងនាមជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានសម្ដែងនូវការគាំទ្រចំពោះការលើកឡើង របស់លោកឧកញ៉ា អនុប្រធានសភាពាណិជ្ជកម្ម ដែលលោកសន្យាថា នឹងចូលរួមក្នុងការសហការជាមួយសភាពាណិជ្ជកម្ម ក៏ដូចជាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយគ្រាន់តែនៅពេល មានកម្មវិធីអ្វីមួយ សុំធ្វើជាសេចក្ដីជូនដំណឹងជាមុន ដើម្បីឲ្យលោកជួយចែកចាយ និងធ្វើការផ្សព្វផ្សាយបន្ដដល់ក្រុមអ្នកសារព័ត៌មាន។ លោក ហ៊ុយ វណ្ណៈ បន្ថែមថា លោកក្នុងនាមប្រធានសហភាពសហព័ន្ធ មិនចង់បានអ្វីច្រើននោះទេ គឺគ្រាន់តែចង់ឲ្យក្រុមអ្នកសារព័ត៌មាន បានដឹងរឿងច្រើនតែប៉ុណ្ណោះ៕