(ភ្នំពេញ)៖ ស្ថានីយទូរទស្សន៍កងយោធពល ខេមរភូមិន្ទប៉ុស្ដិ៍លេខ៥ (TV5) បានសម្រេចស្រាវជ្រាវប្រវត្តិ របស់នាងនាថក្នុងខេត្តបាត់ដំបង ដើម្បីមកផលិតជាភាពយន្តភាគ ដោយបានធ្វើពិធីក្រុងពាលី ចេញថតជាផ្លូវការ នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦នេះ នៅក្នុងបរិវេណសណ្ឋាគារ សូហ្វីតែលភោគីត្រាភ្នំពេញ ក្នុងនោះមានការអញ្ជើញចូលរួម ពីសំណាក់តារាសម្ដែងល្បីៗ ផលិតករ និងក្រុមការងារ ជាច្រើននាក់។
លោក សុផាឆៃ វីរៈភូជុង្គ អគ្គនាយកស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៥ បានថ្លែងឲ្យដឹងថា បន្ទាប់ពីមានការសិក្សាស្រាវជ្រាវ ពីប្រវត្តិរឿងនាងនាថ នៅខេត្តបាត់ដំបងរួចមក ទើបក្រុមការងារយល់ឃើញថា រឿងរ៉ាវទាំងនេះមានភាពទាក់ទាញ រួចក្រុមការងាររបស់ប៉ុស្ដិ៍លេខ៥ សម្រេចបោះទុនចងក្រងជាឯកសារ និងរៀបចំជាសាច់រឿង ដើម្បីផលិតជាភាពយន្តភាគ ដោយដាក់ចំណងជើងថា «នាងនាថបាត់ដំបង» ឡើងតែម្ដង។ រឿងនេះ ក៏មានលក្ខណៈពិសេសផងដែរ ដោយសារមានលោក សាយុន ជាអ្នកនិពន្ធ និងដឹកនាំសម្ដែង ដើម្បីឲ្យរឿងនេះ ផលិតចេញមក គឺមានគុណភាពល្អ ដូចបណ្ដារឿងមុនៗ។
លោកអគ្គនាយកបានបន្ដថា ភាពយន្តរឿង «នាងនាថបាត់ដំបង» ជាប្រភេទរឿងកំប្លុកកំប្លែង សើចសប្បាយ ប៉ុន្តែក៏យើងបានបញ្ចូលដោយការអប់រំ ការមានគុណធម៌ ការស្រឡាញ់ស្មោះស្ម័គ្រ ដើម្បីបង្ហាញដល់អ្នកទស្សនា ផងដែរ។ អ្វីដែលជាគោលដៅសំខាន់ របស់ស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៥ គឺធ្វើយ៉ាងណារិះរកនូវអ្វីដែលថ្មី ប្លែក និងគោរពនូវប្រពៃណីខ្មែរ សីលធម៌ ក្នុងន័យឲ្យអ្នកទស្សនាទទួលយកបាន។ ជាពិសេសលោកក៏សូមផ្ដាំផ្ញើដល់តារាសម្ដែង ទោះចាស់ឬថ្មី ត្រូវចេះស្រឡាញ់គ្នា រាប់អានគ្នា និងជូនពរដល់ក្រុមការងារទាំងអស់ ទទួលបានជោគជ័យ។
សូមបញ្ជាក់ថា រឿងភាគ «នាងនាថបាត់ដំបង» មានការចូលរួមសម្ដែងជាតួឯក ដោយកញ្ញា នី មុនីនាថ និងលោក ញ៉ែម សុគន្ធ ជាតួឯកប្រុស ខណៈដែលអ្នកទាំងពីរទើបតែប៉ះគ្នា ជាលើកទី១។ សម្រាប់ទីតាំងថតរឿងនេះ គឺស្ថិតនៅខេត្តបាត់ដំបង ខេត្តកំពង់ឆ្នាំង និងមួយចំនួនទៀតស្ថិតក្នុងខេត្តកំពង់ស្អឺ ដើម្បីជ្រើសយកទីតាំងភូមិបុរាណ ឲ្យត្រូវនឹងសាច់រឿង។ រឿង «នាងនាថបាត់ដំបង» នឹងក្លាយជារឿងភាគលេចធ្លោ ក្នុងពេលដាក់បញ្ចាំង នៅអំឡុងដើមឆ្នាំ២០១៧ ដោយសារតែរឿងមួយនេះ មានការទាក់ទាញក្នុងស្រទាប់មហាជនទូលំទូលាយ មកហើយនាពេលកន្លងមក៕