(ភ្នំពេញ)៖ ក្រុមហ៊ុនចិនជាអ្នកដំឡើងប្រព័ន្ធរដ្ឋាភិបាលអេឡិចត្រូនិក (E-Government) ជូនរដ្ឋាភិបាលចិននោះ បានបង្ហាញចេតនាចង់ជួយរៀបចំប្រព័ន្ធរដ្ឋាភិបាលអេឡិចត្រូនិក ជូនរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងចង់ជួយរៀបចំប្រព័ន្ធគ្រប់គ្រងការធ្វើពាណិជ្ជកម្មតាមប្រ ព័ន្ធអេឡិចត្រូនិក (E-Commerce) ជូនក្រសួងពាណិជ្ជកម្មផងដែរ ដើម្បីពង្រីកសក្តានុពលវិស័យធុរកិច្ច និងលើកកម្ពស់កិច្ចសម្រួលពា ណិជ្ជកម្មនៅកម្ពុជា។
ចេតនាជួយរៀបចំប្រព័ន្ធ E-Government និង E-Commerce នេះ បានបង្ហាញឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងរដ្ឋមន្រ្តីក្រសួង ពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ និង លោក ដុង ហ៊ូអាង (Dong Huang) នាយកគ្រប់គ្រងក្រុមហ៊ុន Anhui Easy Business Di gital Technology Co., Ltd នៅរសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៦។
លោក ដុង ហ៊ូអាង បានឲ្យដឹងនៅក្នុងជំនួបនោះថា ក្រុមហ៊ុនរបស់លោកបានផ្តល់សេវាជូនរដ្ឋាភិបាល នៃប្រទេសមួយចំនួនក្នុងតំបន់អាស៊ាន និងនៅទ្វីបអាហ្វ្រិកដូចជា៖ ការរៀបចំប្រព័ន្ធរដ្ឋាភិបាលអេឡិចត្រូនិក, ប្រព័ន្ធសេវាព័ត៌មានវៃឆ្លាត, ប្រព័ន្ធគ្រប់គ្រងការនាំទំនិញចេញ-ចូល, ការបណ្តុះបណ្តាលធានធានមនុស្ស និងការប្រឹក្សាយោបល់សម្រាប់ដំណោះស្រាយព័ត៌មានវិទ្យាជាដើម។
លោក ដុង ហ៊ូអាង បានឲ្យដឹងដែរថា ក្រុមហ៊ុនលោកបានដំឡើង E-Government ជាង ១០០ប្រព័ន្ធក្នុងប្រទេសចិន ហើយបច្ចុប្បន្ន កំពុងធ្វើការជាមួយរដ្ឋាភិបាល ដើម្បីបង្រួមប្រព័ន្ធទាំងអស់ឲ្យទៅជាប្រព័ន្ធមេតែមួយ។
លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានបង្ហាញការគាំទ្រចំពោះគម្រោងរបស់លោក ដុង ហ៊ូអាង ហើយលោករដ្ឋមន្រ្តីជឿថា ប្រទេសកម្ពុជានឹងទទួលបានអត្ថប្រយោជន៍កាន់តែច្រើន នៅពេលដែលប្រព័ន្ធ E-Government ដំណើរការពេញលេញ។
លោករដ្ឋមន្ត្រី ក៏បានចែករំលែកព័ត៌មានជូនលោក ដុង ហ៊ូអាង អំពីប្រព័ន្ធស្វ័យប្រវត្តិកម្មសំខាន់ៗជាច្រើន ដែលស្ថិតនៅក្រោមគម្រោងផែនការមេបច្ចេកវិទ្យាព័ត៌មានវិទ្យា ឬ ICT Master Plan របស់ក្រសួងពាណិជ្ជកម្ម និងគម្រោង Khmer Hub Translator ដែលជាកិច្ចសហការរវាងក្រសួង និងក្រុមហ៊ុន Microsoft ដើម្បីបំបែកឧបសគ្គភាសា សំដៅលើកកម្ពស់បរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា។
លោក ប៉ាន សូរស័ក្តិ បានអះអាងថា ក្រសួងពាណិជ្ជកម្មនៅតែបើកទ្វារស្វាគមន៍រាល់គម្រោង ដែលផ្តល់អត្ថប្រយោជន៍ចំពោះការអភិវឌ្ឍន៍វិស័យពាណិជ្ជកម្មរបស់កម្ពុជា តួយ៉ាងដូចជាការបង្កើត ASQSIQ ដើម្បីត្រួតពិនិត្យគុណភាពទំនិញ, ចេញវិញ្ញាបនប័ត្រភូតគាមអនាម័យ និងជម្រះបញ្ជីគយជាដើម។
ជាការឆ្លើយតប លោកដុង ហ៊ូអាង បានសន្យាធ្វើការចែករំលែករាល់ព័ត៌មានអំពីគម្រោងនានា ដែលក្រុមហ៊ុនរបស់លោកបានអនុវត្តន៍នៅក្នុងប្រទេសអាស៊ាន និងអាហ្វ្រិក ដើម្បីក្រសួងពាណិជ្ជកម្មធ្វើការជ្រើសរើស និងសហការអនុវត្តន៍នៅពេលខាងមុខ៕