(ពោធិ៍សាត់)៖ កម្លាំងចម្រុះ រួមមានរដ្ឋបាលជលផល កម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងបរិស្ថាននុរក្ស ដឹកនាំដោយ លោក ខូយ រីដា អភិបាលរងខេត្ត បានចុះបង្ក្រាបបទល្មើសនេសាទទ្រង់ទ្រាយធំចំនួន២ករណី បានរឹបអូស និងកាប់បំផ្លាញចោល នូវឧបករណ៍នេសាទខុសច្បាប់មួយចំនួនធំ នៅលើផ្ទៃទឹកបឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ចាប់ពីចំណុចកំពង់លួង រហូតដល់ព្រំប្រទល់ខេត្តកំពង់ឆ្នាំង រយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦នេះ។
លោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផលខេត្ត បានឲ្យដឹងថា ការចុះបង្ក្រាបបទល្មើសនេសាទទ្រង់ទ្រាយធំនាពេលនេះ ជាការឆ្លើយតបតាមការណែនាំ របស់លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ដែលបានដាក់បទបញ្ជាឲ្យមន្ត្រីជំនាញជលផល និងកម្លាំងប្រដាប់អាវុធទាំង៣ប្រទេស ត្រូវចាត់វិធានការណ៍ទប់ស្កាត់បទល្មើសនេសាទ ប្រកបដោយប្រសិទ្ធភាព និងឲ្យខានតែបាន នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាព កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦កន្លងទៅថ្មីៗនេះ។
លោកនាយខណ្ឌ បានបន្តថា ជាលទ្ធផលនៃការបង្ក្រាបករណីទី១៖នៅថ្ងៃទី៦ ខែធ្នូ កម្លាំងបានរឹបអូស និងកាប់បំផ្លាញចោល វត្ថុតាងរួមមាន របាំងស្បៃមុងប្រវែង១៨.១១០ម៉ែត្រ ស្មើនឹង ៧៦ខ្សែ, ក្បាលបរ៦៧គ្រឿង, លូកងសាច់អួន៧គ្រឿង, បង្គោលចំរ៉ឹង៤,៨០៥ដើម, បង្គោលឆ្នុក៨៤ដើម ស្មើនឹង៧កន្លែង និងចាក់លែងត្រីចម្រុះ ៥,៦៩៥គីឡូក្រាម។ ចំពោះករណីទី២៖នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦នេះ កម្លាំងមិនទាន់បានកំណត់របាយការណ៍ ឲ្យបានជាក់ច្បាស់នៅឡើយទេ ពោលគឺមានច្រើនថ្ងៃម្សិលមិញ។
លោក ខូយ រីដា អភិបាលរងខេត្ត និងជាប្រធានដឹកនាំកម្លាំងចម្រុះ បានអំពាវនាវដល់បងប្អូនប្រជានេសាទ សូមកុំប្រើប្រាស់ឧបករណ៍នេសាទណាដែលច្បាប់ហាមឃាត់ ប្រសិនបើប្រជានេសាទណាហ៊ាន នេសាទឧបករណ៍ខុសច្បាប់ ត្រូវចាត់ការតាមច្បាប់ជាធរមាន តែបងប្អូនប្រជានេសាទ អាចប្រើប្រាស់ឧបករណ៍នេសាទ ដែលច្បាប់អនុញ្ញាតិជាលក្ខណៈគ្រួសារ សម្រាប់ដោះដូរចិញ្ចឹមជីវិត និងដើម្បីបង្កើនជីវភាពគ្រួសារ៕