(ភ្នំពេញ)៖ លោក អេង ឆៃអ៊ាង មន្ដ្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានបញ្ជាក់ នៅទំព័រ Facebook របស់លោក នៅមុននេះបន្ដិចនារសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦នេះថា «មេឃុំ ស៊ាង ចែត មកពីគណបក្ស សម រង្ស៊ី អាចនឹងទទួលបានសេរីភាពនៅថ្ងៃនេះ»។
សូមជំរាបថា លោក កោ វណ្ឌី អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៥ ខែធ្នូនេះ បានប្រកាសសាលក្រមផ្តន្ទាទោសលោក ស៊ាង ចែត មេឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម មកពីគណបក្សសម រង្ស៊ី ដាក់ពន្ធនាគាររយៈពេល៥ឆ្នាំ ពីបទសូកប៉ាន់សាក្សី តាមមាត្រា៥៤៨នៃក្រមព្រហ្មទណ្ឌ។ លោក ស៊ាង ចែត ត្រូវបានតុលាការចោទប្រកាន់ពីបទសូកប៉ាន់សាក្សី ដើម្បីកុំឱ្យនិយាយការពិតប្រាប់សមត្ថកិច្ច ពាក់ព័ន្ធរឿងសញ្ចារកម្ម ដែលកើតចេញពីរឿងអាស្រូវរបស់ លោក កឹម សុខា និងកញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ។
សូមបញ្ជាក់ថា លោក ស៊ាង ចែត មេឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម កូតាមកពីគណបក្សសមរង្ស៊ីនោះ ត្រូវបានសមត្ថកិច្ចអង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួន កាលពីព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦ ទៅតាមចម្លើយ ដែលអះអាងនៅក្នុងលិខិតចំហររបស់កញ្ញា ខុម ចាន់តារ៉ាទី ហៅ ស្រីមុំ៕