(ភ្នំពេញ)៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ធាម ច័ន្ទពិសិដ្ឋ បានសម្រេចចេញដីការបង្គាប់ ឲ្យយកជនសង័្សយទៅឃុំខ្លួននៅពន្ធនាគារ ព្រៃសរ នៅរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦ បន្ទាប់ពីលោក ងិន ពេជ្រ ព្រះរាជអាជ្ញាររង បានចោទប្រកាន់ជនសង្ស័យ ចំនួន៤បទល្មើស ដែលបទល្មើស ទី១៖បទឆបោក ទី២៖ក្លែងបន្លំឯកសារសាធារណៈ ទី៣៖កាន់កាប់អាវុធដោយគ្មានច្បាប់អនុញ្ញាត្តិ និងទី៤៖ប្រើប្រាស់នូវសម្លៀកបំពាក់សម្រាប់អាជ្ញាធរសាធារណៈ ជាមន្រ្តី ដែលអនុលោមទៅតាមមាត្រា៣៧៧, ៣៧៨, ៦៣៩, ៤៩០ និងមាត្រា៦១២ នៃក្រមព្រហ្មទណ្ឌ។
សូមជំរាបថា ក្រោយពីទទួលបានព័ត៌មានសង្ស័យ ជាករណីបោកប្រាស់ជ្រើសរើស ឲ្យចូលទ័ពដោយបង់លុយ និងអនុវត្តតាមការណែនាំ របស់ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ និងលោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលា ដំបូងរាជធានីភ្នំពេញ ក្រោមទំរង់បទល្មើសជាក់ស្តែង កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកការស៊ើបអង្កេតបន្ទាន់មួយ ដោយកិច្ចសហការជាមួយ សមត្ថកិច្ចពាក់ព័ន្ធ បានឈានដល់ការចាប់ខ្លួន ជនសង្ស័យម្នាក់ឈ្មោះ ងួន សេងសត្យា ហៅ ទូច សេង ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធា អត្តលេខ០១១០៩៩ ស្រុកកំណើត ភូមិត្រាវគៀត ឃុំដានរុន ស្រុកសូត្រនិគម ខេត្តសៀមរាប និងទីលំនៅបច្ចុប្បន្ន ផ្ទះជួលផ្លូវលេខ ១២២ ភូមិ៩ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ជនឆបោកនេះត្រូវបានចាប់ខ្លួន កាលពីល្ងាចថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១ នៅក្នុងរាជធានីភ្នំពេញ ដោយចោទប្រកាន់ពីបទ ក្លែងបន្លំឯកសារសាធារណៈ (ក្លែងឋានន្តរស័ក្តិ រចនាសម័ន្តកងទ័ព និងឯកសារជ្រើសរើសទ័ព) ឆបោកប្រាក់ និងបានកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត។
យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹងថា ក្រោយពីចាប់ខ្លួនវត្ថុតាងមួយចំនួន ត្រូវបានដកហូតរួមមាន៖
១៖ អាវុធខ្លី០១ដើមម៉ាក CF 98 លេខ ៥៥៥៥ បង់០១ គ្រាប់១៥គ្រាប់ (រក្សាទុកក្នុងអង្គភាព អ.ហ.ភ.ព)
២៖ អត្តសញ្ញាណប័ណ្ណ០១សន្លឹក ឈ្មោះ ទូច សេង និងប័ណ្ណបើកបរ០១សន្លឹក
៣៖ លិខិតឆ្លងដែន០១ក្បាល
៤៖ អត្តសញ្ញាណប័ណ្ណឈ្មោះ ងួន សេងសត្យា០១សន្លឹក
៥៖ កាត ATM ធនាគារកាណាឌីយ៉ា ០១សន្លឹក
៦៖ ប័ណ្ណសំគាល់សមាជិក០១សន្លឹក
៧៖ កាបូបដៃពណ៌សូកូឡា០១ (ប្រាក់ដុល្លារអាមេរិក 10$ ប្រាក់រៀល ១០១០០៛)
៨៖ ទូរស័ព្ទដៃ០១គ្រឿងម៉ាក ណូគា ពណ៌ក្រហម លេខ ០៩៣ ៦០៥ ២១៩
៩៖ ទូរស័ព្ទដៃ០១គ្រឿងម៉ាក ហ៊ូវ៉េយ លេខ ០៩៧ ៧៣៣៣ ២៧៩
១០៖ ខ្សែដៃលោហៈធាតុពណ៌លឿង០១ខ្សែ
១១៖ រចនាសម្ព័ន្ធអង្គភាពចារកម្មពិសេស០២ផ្ទាំង (ពីរផ្ទាំង)
១២៖ កុំព្យូទ័រយួរដៃ០១គ្រឿងម៉ាក Dell ពណ៌ខ្មៅ (រក្សាទុកក្នុងអង្គភាព អ.ហ.ភ.ព)
១៣៖ មួកថ្នាក់ឧត្តមសេនីយ៍ចំនួន០២មួក
១៤៖ ត្រាឈ្មោះ ងួន សេងសត្យា ថ្នាក់ឧត្តមសេនីយ៍ចំនួន០១
១៥៖ ឋានន្តរស័ក្តថ្នាក់ឧត្តមសេនីយ៍ទោចំនួន០១គូ
១៦៖ ស្លាកឈ្មោះ ឧ. ងួន សេងសត្យា ចំនួន០២
១៧៖ ខ្សែហ៊ូវ័័ន្តពាក់ឈាង០១ខ្សែ ពណ៌លឿង
១៨៖ ឯកសណ្ឋានត្រេអ៊ី (អាវដៃខ្លី០៣ .ខោ០២)
១៩៖ ឯកសណ្ឋានឈុតខ្មៅ (អាវ០៣ .ខោ០២)
២០៖ ឯកសណ្ឋានត្រេអ៊ីក្រឡាការ៉ូ០១កំប្លេរ
២១៖ ឯកសណ្ឋានប៉ារ៉ា០២កំប្លេរ។
២២៖ រូបថតឯកសណ្ឋាន ពាក់ស័ក្តិឧត្តមសេនីយ៍យោធា០១សន្លឹក។
២៣៖ ម៉ូកប៉េរ៉េចំនួន០១ ពណ៌ស្លែ។
២៤៖ បញ្ជីឈ្មោះពាក់ព័ន្ធការជ្រើសរើសទ័ព និងបញ្ចូលក្របខ័ណ្ឌនាយទាហាន ពលទាហានថ្មី (ក្លែងកា្លយ) មួយចំនួន។
សមត្ថកិច្ចបានបញ្ជាក់ពីដំណើររឿងថា៖ កន្លងមកឈ្មោះ ងួន សេងសត្យា ហៅទូច សេង បានតាំងខ្លួន ឬក្លែងខ្លួនជានាយទាហានជាន់ខ្ពស់ម្នាក់ ថ្នាក់ឧត្តមសេនីយ៍ទោ នៃអគ្គនាយកដ្ឋានចារកម្មពិសេស អគ្គបញ្ជាការ ហើយបានធ្វើឯកសាររបស់សាមីអង្គភាព ដោយបានក្លែងឯកសារ សាធារណៈ ជ្រើសរើសនាយទាហាន និងពលទាហានជាច្រើនរូបបញ្ចូលក្នុងក្របខ័ណ្ឌកងទ័ព ដោយតំរូវឲ្យជនរងគ្រោះទាំងនោះ បង់ថ្លៃសេវាជាបន្តបន្ទាប់។
ក្រោយមកជនរងគ្រោះជាច្រើននាក់ដែលត្រូវឈ្មោះ ងួន សេងសត្យា ជ្រើសរើសបញ្ចូលក្របខ័ណ្ឌទ័ព ក្នុងអង្គភាពអគ្គនាយកដ្ឋានចារកម្មពិសេសនោះ ពុំបានចូលធ្វើការងារទេ ក៏បានទើបលេចឮព័ត៌មាននេះ ទៅដល់សាមីអង្គភាព (អគ្គនាយកដ្ឋានចារកម្មពិសេស) ទន្ទឹមនឹងនោះសាមីអង្គភាព ក៏បានត្រួតពិនិត្យមើលបញ្ជីឈ្មោះនៅក្នុងអង្គភាព អគ្គនាយកដ្ឋាន ចារកម្មពិសេសឃើញថា ពុំមានឈ្មោះ ងួន សេងសត្យា ឋានៈឧត្តមសេនីយ៍ទោ នៅក្នុងអង្គភាព អគ្គនាយកដ្ឋានចារកម្មពិសេស នៃអគ្គបញ្ជាការដ្ឋាននោះទេ ទើបសាមីអង្គភាពផ្តល់ព័ត៌មាន ដល់ស្ថាប័ណ្ណសមត្ថកិច្ច កងរាជអាវុធហត្ថឲ្យជួយអន្តរាគមន៍ ស្រាវជ្រាវរកជនសង្ស័យ ងួន សេងសត្យា និងឃាត់ខ្លួនតែម្តង។
បន្ទាប់ពីបានស្តាប់ចម្លើយជនសង្ស័យឈ្មោះ ងួន សេងសត្យា សមត្ថកិច្ចបានស្រាវជ្រាវឆែកឆេរមើលឯកសារក្នុងកុំព្យូទ័រយួរដៃរបស់ជនសង្ស័យនេះ បង្ហាញឲ្យឃើញថា មានរូបថតប្រជុំជួរទ័ព នៅក្នុងកុំព្យូទ័រនេះ ដែលជនសង្ស័យបានជ្រើសរើស ដើម្បីឆបោកប្រាក់ពីជនរងគ្រោះពិតប្រាកដមែន។
តាមការស្តាប់ចម្លើយឈ្មោះ ងួន សេងសត្យា ហៅ ទូច សេង ជាជនសង្ស័យបានឲ្យដឹងថា៖ ខ្លួនធ្លាប់ធ្វើជាកូនទាហាននៅឆ្នាំ១៩៩៤ ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ រហូតដល់ឆ្នាំ១៩៩៩ បន្ទាប់មកដល់ឆ្នាំ២០០៧ បានប្រចាំការនៅអង្គភាព កងពលលេខ៩២ ដោយក្នុងពេលនោះ ខ្លួនធ្វើជាយោធាផង រកស៊ីផង ហើយបានរៀនរហូតដល់ជាប់បាក់ឌុបនៅខេត្តសៀមរាប ក្នុងឆ្នាំ២០១២ ហើយក៏បានវិលត្រឡប់ទៅអង្គភាពដើមវិញ ពេលទៅដល់ក៏ត្រូវបានគេប្រាប់ថា ឈ្មោះខ្លួនត្រូវអង្គភាពកាត់ចោលហើយ។
លុះដល់ឆ្នាំ២០១៣ ខ្លួនបានឡើងមកភ្នំពេញ ដើម្បីដាក់ពាក្យសុំប្រឡងចូលយោធានៅសាលានាយទាហានសកម្ម (ត្មាតពង) តែប្រឡងធ្លាក់ លុះដល់ឆ្នាំ២០១៤ ខ្លួនបានមកដាក់ពាក្យប្រឡងម្តងទៀត នៅសាលាទ័ពជើងគោកជំនាន់ទី១ ប្រឡងជាប់ ជានាយទាហានបន្តវេណ និងរៀនរយៈពេល០៦ខែ លុះពេលរៀនចប់នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៤ ខ្លួនបានចូលទៅបំរើការងារ នៅអង្គភាពកងពលលេខ៩២ចាស់ដដែល។
រហូតដល់ឆ្នាំ២០១៥ ខ្លួនបានផ្លាស់ប្តូរអង្គភាពមកបំរើការងារនៅភូមិភាគទី៤ តាមរយះលោក ភាច សម្បត្តិ និងបានឡើងស័ក្តិជាវរសេនីយ៍ត្រី និងមានតួនាទីជាអនុប្រធានការិយាល័យ បញ្ជូនសារនៃយោធភូមិភាគទី៤។
លុះដល់ដើមឆ្នាំ២០១៦ ខ្លួនបានបែកគំនិតរៀបចំគំរោងការជ្រើសរើសមនុស្សឲ្យចូលបំរើកងទ័ព ដោយមុនដំបូងខ្លួន បានទៅទិញខោអាវ ស័ក្តិ និងគ្រឿងបំពាក់ផ្សេងៗ ថ្នាក់ឧត្តមសេនីយ៍ត្រី ពីផ្សារទឹកថ្លា ពេលទិញបានខ្លួនក៏យកមកពាក់តែម្តង ព្រមទាំងបានថតរូបទៀតផងឃើញថា ស្អាតហើយ ខ្លួនក៏បានពាក់ទៅបង្អួតគេ នៅឯស្រុកកំណើតរបស់ខ្លួន ពេលបងប្អួនឃើញ ដូចនេះ ក៏ចង់ចូលធ្វើយោធាដូចខ្លួនដែរ។ ពេលនោះខ្លួនប្រាប់ថា បើចង់ធ្វើយោធា រៀបចំឯកសារដាក់ពាក្យមកចូលតាមរយះខ្លួន ដោយឃើញថា មានបងប្អូនដាក់ពាក្យច្រើនជាបន្តបន្ទាប់ដូចនេះ ខ្លួនក៏មានគំនិតរៀបចំជារចនាសម្ព័ន្ធនេះឡើង ដោយនៅក្នុងរចនាសម្ព័ន្ធនេះ បានដាក់ថាជា (អង្គភាពចារកម្មពិសេស) ដោយយករូបថត ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជាប្រធានអង្គភាព ថែមទាំងតម្លើងឋានន្តរស័ក្តិឲ្យលោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ពីថ្នាក់ឧត្តមសេនីយ៍ឯក ទៅជានាយឧត្តមសេនីយ៍ ចំណែក រូបថតលោក ម៉ម យឿន និងរូបថតលោក ផាត វឌ្ឍនា ដាក់ជាអនុប្រធានទាំងពីរនាក់ ចំណែករូបខ្លួនឯងជាអនុប្រធានទី២ នាយកដ្ឋានចារកម្មភេរវកម្ម អគ្គបញ្ជាការបញ្ជាការទិស។
ជនសង្ស័យបានសារភាពទៀតថា នេះគឺធ្វើឡើងក្នុងគោលបំណងទី១. ឲ្យគេមានជំនឿទុកចិត្ត ទី២. ទុកសំរាប់មើលខ្លួនឯងផង ទី៣. ទុកសំរាប់បង្ហាញប្រាប់អ្នកចង់បានស័ក្តិ និងតួនាទីព្រមទាំងមានលទ្ធភាពឲ្យលុយក្នុងប្រអប់ ការងារនិមួយៗ។
ក្រោយមកបងប្អូនបានឃើញរចនាសម្ព័ន្ធនេះ (រចនាសម្ព័ន្ធមានស្រាប់) សរុបមានសមាជិកក្រោមឱវាទចំនួន៣១រូប ទាំងរូបខ្លួនឯងផង ចំពោះឈ្មោះផ្សេងៗមិនបញ្ជូលក្នុងរចនាសម្ព័ន្ធនេះទេ គឺគ្រាន់តែប្រមូលឯកសារពាក្យសុំចូលមកទុក ប៉ុណ្ណោះព្រោះមានឯកសារគឺមានលុយ ហើយតិចច្រើនទៅតាមអ្នកឲ្យមិនតំរូវទេ។
ចំពោះឈ្មោះផ្សេងៗ ទៀតមិនបានបង់ប្រាក់ឲ្យទេ ចំពោះស័ក្តិថ្នាក់ឧត្តមសេនីយ៍ត្រី និងឧត្តមសេនីយ៍ទោ គឺមិនមានអ្នកណាបំពាក់ឲ្យទេ គឺខ្លួនឯងបានទៅទិញពីផ្សារទឹកថ្លា ហើយក៏យកមកពាក់តែម្តង ចំណែកឯកសារផ្សេងៗដែលពាក់ព័ន្ធ និងខ្លួនក៏មិនមានដែរ។
រចនាសម្ព័ន្ធអង្គភាពក្លែងក្លាយនេះ គឺបានធ្វើឡើងកាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ ដោយខ្លួនឯងតាមរយះកុំព្យូទ័រ ម៉ាក Dell របស់ខ្លួន ហើយពេលរៀបចំរួច ខ្លួនក៏យកទៅព្រីននៅជិតសាលាបាក់ទូក រួចទិញស៊ុដាក់អស់ប្រាក់ចំនួន១៥ដុល្លារ និងបានរក្សាទុកក្នុងបន្ទប់ជួលរបស់ខ្លួនផ្ទាល់ បន្ទាប់មកខ្លួនបានពាក់ឯកសណ្ឋានផ្កាយពីរ មានមេដាយ និងគ្រឿងបំពាក់ផ្សេងៗថតរូប រួចបង្ហោះរូបថត និងរចនាសម្ព័ន្ធចូលក្នុងបណ្តាញសង្គមហ្វេសបុក Facebook ដែលមានគណនីឈ្មោះថា Satya Ngun លេង មិនមានបំណងអ្វីទេ។
ចំពោះអាវុធខ្លី០១ដើម ម៉ាក CF98 លេខ៥៥៥៥ គ្រាប់១៥គ្រាប់ នេះគឺខ្លួនទិញពីមនុស្សប្រុសម្នាក់មិនស្គាល់ឈ្មោះ ក្នុងតំលៃ២.០០០ដុល្លារ គេយកមកប្រគល់ឲ្យនៅមុខទីបញ្ជាការអង្គរក្សដេអិន មិនមានលិខិតស្នាមប្រើប្រាស់ទេ ចំពោះត្រាគឺខ្លួន បានធ្វើនៅផ្សារទឹកថ្លា ដោយដាក់ឈ្មោះ ឧ.ទោ ងួន សេងសត្យា អស់ប្រាក់ចំនួន០៥ដុល្លារ៕