(កំពង់ស្ពឺ)៖ មន្ត្រីរាជការ ប្រជាពលរដ្ឋ និងយុវជន សិស្សានុសិស្ស ក្នុងខេត្តកំពង់ស្ពឺជាង៦០០នាក់ បានចូលរួមប្រារព្ធខួបអនុស្សាវរីយ៍លើកទី៣៨ នៃទិវាកំណើតរណសិរ្យសាមគ្គី អភិវឌ្ឍន៍មាតុភូមកម្ពុជា នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦នេះ នៅក្នុងមន្ទីរគណបក្សប្រជាជនខេត្តកំពង់ស្ពឺ។
លោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ បានឡើងអានសាររបស់សម្តេច ហេង សំរិន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្យសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ក្នុងពិធីនោះថា ការប្រារព្ធពិធីនេះក្នុងស្មារតី ដឹងគុណយ៉ាង ជ្រាវជ្រៅបំផុតចំពោះវរៈយុទ្ធជន យុទ្ធនារី និងអ្នកស្នេហាជាតិគ្រប់ជំនាន់ ដែលបានធ្វើពលីកម្មដ៍ធំធេងគ្រប់ជំនាន់សម័យកាល ដើម្បីភាពស្ថិតស្ថេរ គង់វង្ស រីកចម្រើននៃទឹកដីមាតុភូមិ និងប្រជាពលរដ្ឋ។ លោកបន្តថា ស្ថានភាពលូតលាស់ មានសិទ្ធសេរីភាពពេញលេញ សប្បូរសប្បាយ និងពោរពេញ និងមោទនភាពចំពោះភាពជោជ័យទាំងឡាយ ដែលសម្រេចបានក្រោយពីថ្ងៃប្រវត្តិសាស្ត្រ ២ធ្នូ ឆ្នាំ១៩៧៨ ដែលទាំងអស់គ្នារួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ និងលើកកំពស់ជីវភាពរស់នៅជនរួមជាតិទូរទាំងប្រទេស ក្នុងនោះយើងទាំងអស់គ្នា បាននឹងកំពុងត្រៀមខ្លួនចូលរួមការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ និងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៦ ខាងមុខនេះ។
លោកប្រធានក្រុមប្រឹក្សាខេត្ត បញ្ជាក់ថា រណសិរ្យសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានថ្លែងការដឹងគុណយ៉ាងជ្រាវជ្រៅ ដល់សហគមន៍ផ្តល់ជំនួយទាំងឡាយដែលបានឧបត្ថម្ភ គាំទ្រយ៉ាងស្មោះសរចំពោះបុព្វហេតុដ៏យុត្តិធម៌ របស់ប្រជាពលរដ្ឋកម្ពុជា តាំងពីដំណាក់កាលសង្រ្គោះជាតិ រហូតដល់មានការរីកចំរើនអភិវឌ្ឍន៍ដល់បច្ចុប្បន្ននេះ ក្នុងនោះសហគមន៍អន្ដរជាតិ នឹងបន្តផ្តល់វិភាគទានដ៍ថ្លៃថ្លា ដើម្បីរួមចំណែកពង្រឹងបុព្វហេតុ សន្តិភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឃន៍នៅកម្ពុជា។
ចុងបញ្ចប់គរុសិស្ស បានប្តេជ្ញាចិត្តគាំទ្រ និងថែរក្សាដាច់ខាត់អំពីវីរៈភាពមិនអាចកាត់ថ្លៃបាន ដែលបងប្អូនយុទ្ធជន យុទ្ធនារី និងអ្នកស្នេហាជាតិគ្រប់ជំនាន់ ដែលបានពលីជីវិតក្នុងការតស៊ូប្រយុទ្ធការពារទឹកដី និងបានរំដោះប្រទេសជាតិពី ភ្នុកភ្លើងសង្រ្គាមរហូតទទួលបានបានសុខសន្តិភាព និងមានការរីកចម្រើនអភិវឌ្ឍន៍ដូចសព្វថ្ងៃនេះ ដោយសារគុណបំណាច់ របស់គណបក្សប្រជាជនកម្ពុជា ដូចពាក្យស្លោកពោលថា (ផឹកទឹកនឹកប្រភពជ្រកម្លប់ដឹងគុណដើមឈើ)៕