(ឧត្តរមានជ័យ)៖ នៅយប់ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ ​មួយកើតឡើង នៅលើកំណាត់ផ្លូវជាតិលេខ៦៧ (ផ្លូវហាយវ៉េ) ស្ថិតនៅភូមិស្លែងពណ៌ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដោយ​ទាហានកងពលតូចលេខ៤ ២នាក់បានជិះម៉ូតូ ទៅបុក​គោយន្តកន្ត្រៃចតលើផ្លូវពីក្រោយ ​បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់។

លោកអធិការស្រុកអន្លង់វែង ​បានឲ្យដឹងនៅព្រឹកថ្ងៃទី៧ ខែធ្នូនេះ​ថា ជនរងគ្រោះបើកបរម៉ូតូម៉ាក Wave-X អត់ស្លាកលេខ អ្នកបើកបរឈ្មោះ វ៉ាន់ ប៊ុនស្រេង អាយុ២១ឆ្នាំ រស់នៅភូមិអូរស្រម៉ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង​ បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ និងអ្នករួមដំណើរជាមួយឈ្មោះ អូន នៅ​ អាយុ២៥ ឆ្នាំ រស់នៅភូមិជាមួយគ្នា​ រងរបួសធ្ងន់ត្រង់ក្បាល​។

លោកអធិការបន្ថែមថា​ គោយន្តកន្ត្រៃ បង្កហេតុ២​គ្រឿង ​ដែលទី១៖អ្នកបើកបរឈ្មោះ បិន ភាព អាយុ២៥​ឆ្នាំ ​និងទី២៖ឈ្មោះ ខន ធា អាយុ១៦​ឆ្នាំ រស់នៅភូមិ-ឃុំ ជាមួយគ្នាត្រូវជាបងប្អូនបង្កើតជាមួយគ្នា​។ ក្រោយ​មក ម្ចាស់គោយន្តកន្ត្រៃទាំង២ បានបើករត់គេចខ្លួន តែត្រូវបានកម្លាំងនគរបាលស្រុកអន្លង់វែង​​ឃាត់​ខ្លួនបាន។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ រីឯសពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារ ចំណែកអ្នកបើកគោយន្ដ និងវត្ថុតាង ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការបន្ដ៕