(កំពង់ធំ)៖ មន្រ្តីកាំកុងត្រូលសាខាខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦នេះ សហការជាមួយមន្រ្តីមន្ទីរ ពាណិជ្ជកម្ម រួមនិងអាជ្ញាធរ មូលដ្ឋានបានចុះត្រួតពិនិត្យទំនិញ នៅផ្សារតាំងគោក ស្ថិតនៅក្នុងភូមិតាំងគោក ឃុំសូយោង ស្រុកបាយរាយណ៍ ខេត្តកំពង់ធំ។

មន្រ្តីសាខាកាំកុងត្រូលខេត្តកំពង់ធំ បានបញ្ជាក់ថា នៅក្នុងការចុះត្រួតពិនិត្យនៅផ្សារតាំងគោកនេះ មន្រ្ដីជំនាញបានរកឃើញទំនិញ ខូចគុណភាព ដូចជាត្រណាប់ដូង ម៉ាក Thanh Binh ចំនួន៩កញ្ចប់ ទម្ងន់៧០០g ផលិតនៅប្រទេសវៀតណាម ប័រ ម៉ាក Margarine ទម្ងន់៨០ក្រាមចំនួន២កំប៉ុង ទឹកក្រូច ម៉ាក​Sainumpueng ចំណុះ 32០ml ចំនួន១៨ដប ផលិតនៅប្រទេសថៃ​ទឹកផ្លែឈើ ម៉ាក Beauti Drink ចំណុះ៣៦០ml ចំនួន៥ដប ផលិតនៅប្រទេសថៃ។

មន្រ្តីជំនាញកាំកុងត្រូលបានធ្វើតេស្តបឋមទៅសរសៃគុយទាវ ដោយឃើញគុយទាវ ចំនួន២,៥គីឡូក្រាម មាន សារធាតុ Borax។ មន្រ្តីជំនាញកាំកុងត្រូលបានបន្តចុះពិនិត្យ ផលិតសរសៃគុយទាវ តែរកមិនមានសារធាតុ Borax នៅក្នុងទីតាំងនោះឡើយ ហើយក៏បន្តចុះ ទៅដល់កន្លែងផលិតគុយទាវផ្ទាល់តែម្តង ដែលមានម្ចាស់ទីតាំងឈ្មោះ អ៊ីវ លេង ភេទប្រុស អាយុ៦១ឆ្នាំ រស់នៅភូមិតាំងគោក ឃុំសូយោង ស្រុកបារាយណ៍ ខេត្តកំពង់ធំ តែរកមិនឃើញសារជាតិ Borak ទេ។

ឆ្លៀតក្នុងឱកាសនោះដែរ ក្រុមកាងារក៏ បានបិទផ្សាយនូវ រូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករ អ្នកលក់ដូរ និងអ្នកប្រើប្រាស់ ឲ្យបានយល់ ដឹងអំពីផលវិបាក ដែលបណ្តាលការបរិភោគ អាហារហួស កាលបរិច្ឆេទប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារ។

ទន្ទឹមនឹងនេះក្រុមការងារបានធ្វើការណែនាំ ដល់អាជីវករឲ្យជៀសវៀង ក្នុងការប្រើប្រាស់សារ ធាតុគីមីបន្ថែម ទៅលើផលិតផលម្ហូបអាហារ ឬការកែច្នៃម្ហូបអាហារ ដែលធ្វើឲ្យមានគ្រោះថ្នាក់ ដល់សុខភាព និងបានណែនាំ អាជីវករឲ្យយល់ដឹងពីអនាម័យ និងការរៀបចំទំនិញ លក់ដូរឲ្យមានសណ្តាប់ធ្នាប់ទៅ តាមប្រភេទទំនិញហូបចុក និងទំនិញប្រើប្រាសផ្សេងៗ ដាក់ដាច់ដោយ ឡែកៗពីគ្នា ជៀសវៀងនូវការដាក់ តាំងលក់ទំនិញហួស កាលបរិច្ឆេទប្រើប្រាស់ កំប៉ុងកំពិត ប៉ោង ច្រែះស៊ីស និងទំនិញដែលមានសារធាតុគីមីហាមឃាត់។

មន្រ្តីកាំកុងត្រូល ក៏បានអប់រំ និងអំពាវនាវ ដល់អាជីវករ អ្នកលក់ដូរទាំងអស់ ឲ្យប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ គឺលក់ដូរ និងចែកចាយតែ ទំនិញ ផលិតផលម្ហូបអាហារណា ដែលមានគុណភាព មិនប៉ះពាល់ដល់ សុខមាលភាព អ្នកប្រើប្រាស់។

មន្រ្តីកាំកុងត្រូលសាខាខេត្តកំពង់ធំ បានបន្តថា ការធ្វើបែបនេះ គឺជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការជួយកាត់បន្ថយផលប៉ះពាល់ ដល់អ្នកប្រើប្រាស់ និងប្រជាពលរដ្ឋយើង៕