(ភ្នំពេញ)៖ លោកបណ្ឌិត ជា រតនា ប្រធានមូលនិធិជួយជនពិការ (កំបុតដៃទាំងពីរ) នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦នេះ បានធ្វើសន្និសីទ សារព័ត៌មាន ស្តីពីជនពិការដៃទាំង២ មុនឈានដល់ឆ្នាំទី២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ ស្តីពីការជួយរបស់មូលិនិធិ ឧកញ៉ាបណ្ឌិត ជា រតនា និងលោកស្រី លីហៀក រតនា។
ក្នុងនោះលោក ជា រតនា បានបង្ហាញពីសកម្មភាពមូលនិធិ ដែលលោកបានជួយដល់ជនពិការដៃទាំង២ នាពេលកន្លងមកដោយក្នុង ចំណោមជនពិការដែលបានទំនាក់ទំនងមកលោកមានប្រមាណជិត៤០០នាក់ ហើយបានចុះក្នុងបញ្ជីចំនួន១៨៧នាក់ ក្នុងនោះជនពិការ ដែលទទួលប្រាក់ឧបត្ថម្ភ១លានរៀលមានចំនួន១៥៨នាក់ និងជនពិការបានបំពាក់ដៃសិប្បនិមិ្មត ចំនួន៤៤នាក់។
លោកបណ្ឌិត ជា រតនា បានបញ្ជាក់ទៀតថា មូលនិធិនៅបានផ្តល់អាហារូបករណ៍ (១.០៥០ដុល្លារ) ជូនដល់ជនពិការឈ្មោះ គួន សុខណា បានសិក្សារៀនសូត្រ នៅសាកលវិទ្យាល័យឯកទេសនៃកម្ពុជា នៅខេត្តសៀមរាប និងជនពិការទទួលបានការឧបត្ថម្ភពិសេស ២០០.០០០រៀល ក្នុង១ខែ សម្រាប់រយៈពេល៥ឆ្នាំ ចំនួន៣នាក់ គឺក្មួយប្រុស គឹម ដេវីដ នៅស្រុកបាកាន ខេត្តពោធិសាត់, ប្អូនប្រុស សៅ ភោន នៅស្រុកសណ្តាន់ ខេត្តកំពង់ធំ និងប្អូនប្រុស ទុយ សុខដុង នៅស្រុងស្ទឹងសែន ខេត្តកំពង់ធំ។
ដោយឡែក មូលនិធិលោក នៅបានជួយដល់ជនពិការសម្រាប់ប្រកបរបតចិញ្ចឹម ជីវិត ដូចជាការចិញ្ចឹមគោ ជ្រូក មាន់ ទា មានចំនួន ៥នាក់ ក្នុងនោះ ៣គ្រួសារ ទទួលការឧបត្ថម្ភជាថវិកា១០០០ដុល្លារ និងមួយគ្រួសារ ៣លានរៀល និងមួយគ្រួសារទៀត ចំនួន ៦លានរៀល។
លោកឧកញ៉ាបណ្ឌិត ជា រតនា ធ្វើសន្និសិទ្ឋសារព័ត៌មានស្តីពីជនពិការដៃទាំង២ មុនឈានដល់ខូបលើកទី២ ថ្ងៃទី១៤ មករា ២០១៧ ស្តីពីការជួយរបស់មូលិនិធិបណ្ឌិត ជា រតនា និងលោកស្រី លីហៀក រតនា ។
លោក ជា រតនា បានអំពាវនាវដល់ប្រជាពលរដ្ឋ ទូទាំងប្រទេស ដែលមានសមាជិកជាជនពិកាដៃទាំង២ និងពិការជើងទាំង២ សូមអញ្ជើញមក ចូលរួមក្នុងឱកាសប្រារព្ឋលើកទី២ នៅវិទ្យាស្ថានជាតិអប់រំ នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ ខាងមុខនេះ៕