(ភ្នំពេញ)៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសប្ដេជ្ញារួមគ្នាជាមួយ គណៈកម្មាធិការជាតិ ត្រួតពិនិត្យ គ្រឿងញៀន នៃរដ្ឋាភិបាលឡាវ បន្តសកម្មភាពចុះបង្ក្រាបបទល្មើសគ្រឿងញៀន ដោយសម្រេចដាក់ទិសដៅថ្មី ឆ្នាំ២០១៦-២០១៧ ចំនួន៦ចំណុចសំខាន់ៗ។
លទ្ធផលផ្លែផ្កាទាំងនេះត្រូវបានស្ដែងចេញឡើង ក្នុងកិច្ចកិច្ចប្រជុំធំមួយរវាងប្រទេសទាំង ស្ដីពី «កិច្ចសហប្រតិបត្តិការត្រួត ពិនិត្យគ្រឿងញៀន សារធាតុញៀន ដែលមានឥទ្ធិពលលើប្រព័ន្ធសរសៃប្រសាទ និងសារធាតុគីមីផ្សំ» ក្រោមវត្តមានលោក កៅ ខុនដារ៉ា អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជា និងលោក គូ ចាន់ស៊ីណា ប្រធានគណៈកម្មាធិការជាតិ ត្រួតពិនិត្យគ្រឿងញៀនឡាវ ដែលធ្វើឡើងចាប់ពីថ្ងៃទី០៥-០៨ ខែធ្នូ ឆ្នាំ២០១៦ លើទឹកដីកម្ពុជា។
តាមកំណត់ហេតុកិច្ចប្រជុំខាងលើបានបញ្ជាក់ថា ភាគីកម្ពុជា និងភាគីឡាវ បានឯកភាពគ្នាដាក់ចេញ និងអនុវត្តទិសដៅសម្រាប់កិច្ចសហ ប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០១៦-២០១៧ ក្នុងនោះមានចំណុចសំខាន់ៗ ចំនួន៦ធំៗ រួមមាន៖ ទី១.ពង្រឹងកិច្ចសហប្រតិបត្តិការផ្លាស់ប្ដូរព័ត៌មាន, ទី២.ពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការរវាងកម្លាំងមន្រ្តីងអនុវត្តច្បាប់គ្រឿងញៀន នៅតាមព្រំដែនប្រទេសទាំងពីរ, ទី៣.ការពង្រឹងការិយាល័យ ការិយាល័យទំនាក់ទំនងព្រំដែន (BLO) នៅតាមខេត្តជាប់ព្រំដែន, ទី៤.បង្កើតភូមិ-ឃុំ និងសាលារៀនគ្មានគ្រឿងញៀន នៅតាមព្រំដែន, ទី៥.ការផ្លាស់ប្ដូរគណៈប្រិភូប្រចាំឆ្នាំ២០១៧, និងទី៦.បង្កើតការឃោសនា និងផ្សព្វផ្សាយ។
ខាងក្រោមនេះ ជាខ្លឹមសារលម្អិតក្នុងកំណត់ហេតុកិច្ចប្រជុំស្ដីពី កិច្ចសហប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀន សារធាតុញៀន ដែលមានឥទ្ធិពលលើប្រព័ន្ធសរសៃប្រសាទ និងសារធាតុគីមីផ្សំ៖