(ស្វាយរៀង)៖ លោក ទុំ សារាវុធ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យស្វាយរៀង (SRU) និង លោក Lee Jae Hoo ប្រធានក្រុមហ៊ុន កូឡាវ គ្រុប (KOLAO GROUP) ដែលជាក្រុមហ៊ុនដ៏ធំមួយ វិនិយោគលើការដំឡើងរថយន្ត និងម៉ូតូ នៅប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី ០៧ខែធ្នូ ឆ្នាំ២០១៦នេះ នៅសាកលវិទ្យាល័យ ស្វាយរៀង បានប្រារព្ធពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ក្នុងគោលបំណង ជំរុញការអភិវឌ្ឍធនធានមនុស្ស ការលើកកម្ពស់ឧស្សាហកម្ម និងសង្គម។
ពិធីចុះអនុស្សរណៈយោគយល់គ្នានេះ រៀបចំឡើងក្រោមអធិបតីភាព លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងជាសមាជិក ក្រុមប្រឹក្សាភិបាល សាកលវិទ្យាល័យស្វាយរៀង និងលោក សំ សិរីរតន៍ អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម និងជាអនុប្រធាន ក្រុមការងារថ្នាក់ជាតិ ចុះជួយក្រុងស្វាយរៀង និងមានការចូលរួមពីគណ:គ្រប់គ្រង បុគ្គលិក លោកគ្រូ អ្នកគ្រូ ថ្នាក់ដឹកនាំ កូឡៅគ្រុប និងនិស្សិតសរុបប្រមាណជាង ៥០០ នាក់។
សូមជម្រាបថា អនុស្សរណៈយោគយល់នេះ មានគោលបំណងជំរុញការអភិវឌ្ឍ អង្គភាពទាំងពីរគឺ KOLAO GROUP និងសាកល វិទ្យាល័យស្វាយរៀង ក៏ដូចជាជម្រុញការអភិវឌ្ឍធនធានមនុស្ស ការលើកកម្ពស់ឧស្សាហកម្ម និងសង្គម ក្នុងតំបន់តាមរយៈ កិច្ចសហប្រតិបត្តិការ សិក្សាជំនាញពាក់ព័ន្ធឧស្សាហកម្ម។ ជាមួយគ្នានេះ KOLAO GROUP នឹងក្លាយជាទីតាំងសម្រាប់និស្សិត ទស្សនកិច្ចសិក្សា ទទួលបទពិសោធន៍ ដែលផ្សារភ្ជាប់ទ្រឹស្តី ទៅនឹងការអនុវត្ត និងជាមជ្ឈមណ្ឌលផ្តល់ឱកាស ការងារដល់និស្សិត។
សូមជម្រាបថា KOLAO GROUP ជាក្រុមហ៊ុនដ៏ធំមួយវិនិយោគលើការដំឡើងរថយន្ត និង ទោចក្រយានយន្ត ដែលកំពុងរៀបចំសាខា នៅតំបន់សេដ្ឋកិច្ចពិសេសខេត្តស្វាយរៀង។ ក្រុមហ៊ុននេះ មានទីតាំងស្ថិតនៅក្នុងប្រទេសឡាវ សាធារណរដ្ឋកូរ៉េ កម្ពុជា មីយ៉ាន់ម៉ា វៀតណាម ថៃ សឹង្ហបូរី ហុងកុង និងសហរដ្ឋអាមេរិក ព្រមទាំងមានភ្នាក់ងារចែកចាយ៦០ ទូទាំងពិភពលោក៕