(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃកម្ពុជា សហការជាមួយមជ្ឈមណ្ឌល អង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការសន្តិភាព និងកាត់បន្ថយ អាវុធប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានបើកសិក្ខាសាលាមួយស្ដីពី «ការបង្កើនសមត្ថភាពក្នុងការគ្រប់គ្រងអាវុធធុនតូច និងសព្វាវុធធុនស្រាល» ដើម្បីពិភាក្សាលើបញ្ហាមួយចំនួនក្នុងមាត្រា១៣ នៃសន្ធិសញ្ញាពាណិជ្ជកម្មអាវុធ។
បញ្ញត្តិក្នុងមាត្រា១៣ នៃសន្ធិសញ្ញាពាណិជ្ជកម្មអាវុធនេះ គឺតម្រូវឲ្យប្រទេសជាហត្ថលេខីទាំងឡាយ ត្រូវតែបង្ហាញពីចំនួនសព្វាវុធ របស់ខ្លួនទាំងអស់ ដែលបញ្ហានេះកម្ពុជាមិនអាចអនុវត្តបាននោះទេ ដោយសារមានការពាក់ព័ន្ធនឹងបញ្ហាការពារសន្តិសុខផ្ទៃក្នុង ក៏ដូចជាសុវត្ថិភាពជាតិផងដែរ ដូច្នេះហើយមន្រ្តីជាន់ខ្ពស់កម្ពុជា កំពុងតែពិចារណាអំពីខ្លឹមសារនៃមាត្រាមួយនេះមុនពេលនឹង សម្រេចផ្តល់សច្ចាប័ន។
អង្គសិក្ខាសាលានេះ ត្រូវបានរៀបចំឡើងនៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦ នាសណ្ឋាគារសុខាភ្នំពេញក្រោមវត្តមានលោក សៀង ឡាប្រេស្ស ទីប្រឹក្សារាជរដ្ឋាភិបាល ទទួលបន្ទុកឧក្រឹដ្ឋកម្មឆ្លងដែន ក្នុងក្របខ័ណ្ឌអាស៊ាន នៃក្រសួងមហាផ្ទៃ និងមានការចូលរួមពី តំណាងក្រសួង ការពារជាតិ អង្គការសហប្រជាជាតិ រដ្ឋាភិបាលអាល្លឺម៉ង់ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។
លោក សៀង ឡាប្រេស្ស បានឲ្យដឹងថា «កម្ពុជាកំពុងមានការព្រួយបារម្ភក្នុងមាត្រា១៣ នៃសន្ធិសញ្ញាពាណិជ្ជកម្មអាវុធនេះ ដែលតម្រូវឲ្យ ប្រទេសហត្ថលេខីបង្ហាញពីចំនួនអាវុធ ដែលមាននៅក្នុងឃ្លាំងរបស់ខ្លួន ហើយយើងបានលើកបញ្ហានេះ ទៅដល់អង្គការសហប្រជាជាតិ និងរដ្ឋាភិបាលអាល្លឺម៉ង់ដែលជាអ្នកនាំមុខផ្ដើមផ្ដួចសន្ធិសញ្ញានេះ ហើយដែរ»។
លោក សៀង ឡាប្រេស្ស បានបន្តថា ចំពោះបញ្ហាក្នុងមាត្រា១៣ នៃសន្ធិសញ្ញាខាងលើ ភាគីអង្គការសហប្រជាជាតិ និងភាគីរដ្ឋាភិបាល អាល្លឺម៉ង់ ក៏បានឆ្លើយតបមករាជរដ្ឋាភិបាលកម្ពុជាវិញដែរ ដោយបានបញ្ជាក់ថា បើកម្ពុជាមានការព្រួយបារម្ភ ពីបញ្ហាសន្តិសុខផ្ទៃក្នុង របស់ខ្លួន មិនចាំបាច់បញ្ជាក់ប្រាប់ពីចំនួនអាវុធរបស់ខ្លួននោះទេ។
ទោះយ៉ាងណា លោក សៀង ឡាប្រេស្ស បានបញ្ជាក់ថា ក្នុងការចុះសន្ធិសញ្ញាពាណិជ្ជកម្មអាវុធនេះ កម្ពុជានៅតែទទួលបានផលចំណេញ ច្រើនទាំងកិត្តិយស សេដ្ឋកិច្ចជាតិ និងផលមួយចំនួនទៀត ព្រោះនៅពេលដែលផ្ដល់សច្ចាប័នហើយ ប្រទេសហត្ថលេខីទាំងឡាយ ចាំបាច់ត្រូវអនុវត្តបទប្បញ្ញត្តិឲ្យបានល្អបំផុត។
លោកថា «ប្រទេសដែលលក់អាវុធចេញ ត្រូវវាយត្រាសម្គាល់ឲ្យបានត្រឹមត្រូវ ចំណែកប្រទេសអ្នកទិញ ត្រូវទទួលខុសត្រូវខ្ពស់ ការពារកុំឲ្យមានការលួចអាវុធពីឃ្លាំងរបស់ខ្លួន នេះជាបញ្ហាសំខាន់បំផុត»។
ដោយឡែក អំឡុងពេលនេះ ក្រសួងពាក់ព័ន្ធដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា មានក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រួមជាមួយស្ថាប័នគយ ចាំបាច់ត្រូវពិភាក្សាគ្នាឲ្យបានហ្មត់ចត់ជាមុនសិន មុននឹងផ្ដល់ សច្ចាប័នដល់សន្ធិសញ្ញាពាណិជ្ជកម្មអាវុធនេះ៕