(ភ្នំពេញ)៖ បន្ទាប់ពីបើកកិច្ចប្រជុំពេញអង្គ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦នេះ រដ្ឋសភា បានប្រកាសទទួលស្គាល់ លោក សួន រីដា ជាតំណាងរាស្រ្តជំនួស លោក ប៉ែន សុវណ្ណ ដែលទទួលមរណភាព។

លោក សួន រីដា ជាបេក្ខជនតំណាងរាស្រ្តបម្រុងមណ្ឌលកំពង់ស្ពឺរបស់គណបក្សសង្រ្គោះជាតិ ដោយក្រោយមក ត្រូវបានគណបក្សបញ្ជូនឱ្យមកធ្វើជាអនុប្រធាន ក្រុមការងារគណបក្សសង្រ្គោះជាតិនៅភ្នំពេញវិញនោះ ត្រូវបានគណបក្សសង្រ្គោះជាតិ ដាក់ស្នើឱ្យជំនួសតំណែង លោក ប៉ែន សុវណ្ណ ដែលទទួលមរណភាពកាល ពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦។

ការសម្រេចដាក់ជូនសភាអនុម័តចំពោះរឿងនេះ បានធ្វើឡើងបន្ទាប់ពី គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្រកាសកាលពីថ្ងៃទី១២ ខែវិច្ឆិកា ដោយទទួលស្គាល់ លោក សួន រីដា ជាបេក្ខជនជាប់ឆ្នោតតំណាងរាស្ដ្រ គណបក្សសង្រ្គោះជាតិមណ្ឌលខេត្តកំពង់ស្ពឺ ឱ្យជំនួស លោក ប៉ែន សុវណ្ណ។ ជាមួយគ្នានេះ គ.ជ.ប  ក៏បានសម្រេចលុបឈ្មោះ លោក ប៉ែន សុវណ្ណ ពីបេក្ខជនជាប់ឆ្នោតតំណាងរាស្ដ្រ មណ្ឌលខេត្តកំពង់ស្ពឺផងដែរ៕